ភ្នំពេញ៖ ក្រៅពីគម្រោងផ្លូវមេចំនួន ៣៤ ខ្សែនៅក្រុងព្រះសីហនុ បានកំពុងស្ថិតក្នុងការសាងសង់ និងស្ថាបនារឡើងវិញ ដែលត្រៀមនឹងបញ្ចប់នាពេលខខាងមុខ និងត្រៀមខ្លួនក្លាយទៅជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជាហើយនោះ នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានកំពុងសិក្សាបន្ថែមទៀត ជុំវិញការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅក្រុងសៀមរាបផងដែរ។
ស្ថិតក្នុងកិច្ចពិភាក្សាការងារ ដឹកនាំដោយឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងមន្ត្រី ថ្នាក់ដឹកនាំសំខាន់ៗ មន្ត្រីថ្នាក់ខេត្ត និងក្រុមអ្នកបច្ចេកទេសកាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅនេះ គឺដើម្បីពិនិត្យមើលការងារពាក់ព័ន្ធនឹងការសិក្សាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុងសៀមរាប ឱ្យមានភាពល្អប្រសើរឡើង។ ប្រភពព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងអភិវឌ្ឍនោះគឺធ្វើឡើងសម្រាប់ផ្លូវចំនួន ៣៨ ខ្សែ ដែលមានប្រវែងសរុប ៩៨,៣៤ គីឡូម៉ែត្រ បានកំពុងធ្វើការសិក្សា ក្នុងគោលបំណងសាងសង់ និងស្ថាបនាឡើងវិញ ដើម្បីលើកកម្ពស់ទៅដល់វិស័យសេដ្ឋកិច្ច និងសោភណ្ឌភាពរបស់ក្រុងសៀមរាបឱ្យមានសណ្ដាប់ធ្នាប់ល្អ ព្រមទាំងផ្សាភ្ជាប់ទៅកាន់ទីប្រជុំជននៅតាមតំបន់ផ្សេងៗ ឬនៅតាមជាក្រុងជាដើម។
ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងថា “ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសហនុ ឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។ រាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកាដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនោះ ដែលជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប”។
ជាមួយគ្នានោះដែរ ឯកឧត្ដមបានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងបានកំពុងជួសជុល កែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងរួមមានដូចជា៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥ គ.ម បំបែកពីផ្លូវជាតិលេខ៦ ត្រង់គ.ម ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F ប្រើប្រាស់ថវិកាឥណទាន ADB និងគម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប ប្រើប្រាស់ឥណទានហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ EDCF មានប្រវែង ៤៥ គ.ម ចាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុច គ.ម ២៩១ ដល់ គ.ម ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាបផងដែរ។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានលើកឡើងពីការងារជួសជុល និងកែលម្អផ្លូវចំនួន ១០ខ្សែ ដោយរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ផ្លូវតាអុច ផ្លូវនាគទេព ផ្លូវខ្នែងជន្លង់ ផ្លូវតុងសេង ផ្លូវអាទីហ្សង់ ផ្លូវគោកស្រិត ផ្លូវជាប់សូហ្វីតែល ផ្លូវពន្ធដារខេត្ត ផ្លូវកេសរកូល និងផ្លូវស្វាយមាស។
សូមបញ្ជាក់ផងដែរថា គម្រោងសិក្សាផ្លូវទាំង ៣៨ ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ របស់កម្ពុជា។ គម្រោងផ្លូវនេះ នឹងចូលរួមជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប ដោយកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋក្នុងក្រុង និងតំបន់ដាច់ស្រយាលនៅជាយក្រុង ក្នុងការទទួលបានសមិទ្ធផលខ្ពស់ និងងាយស្រួល៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន