ប្រតិបត្តិការនៃអាកាសយានដ្ឋានហុងកុង នៅតែដំណើរការជាធម្មតា ត្បិតជើងហោះហើរបានកាត់បន្ថយច្រើនក៏ដោយ ប៉ុន្តែមានធនាគារក្នុងស្រុកចំនួន ២១ នៅរង់ចាំជួយពីក្រោយជានិច្ច ដោយផ្ដល់កម្ចីហិរញ្ញប្បទានសរុបដល់ ៣៥ ពាន់លានដុល្លារហុងកុង (៤.៥២ ពាន់លានដុល្លារ) ក្នុងអត្រាការប្រាក់កម្រិតទាបបំផុត, នេះបើតាមការបញ្ជាក់ពីលោក Jack So អាជ្ញាធរអាកាសយានដ្ឋានហុងកុង (AAHK)។
អាជ្ញាធរ AAHK បានបង្ហាញថា ចំនួនហិរញ្ញប្បទានដែលអាកាសយានដ្ឋានបានទទួលដំបូងគឺ ២០ ពាន់លានដុល្លារហុងកុង (២.៥៨ ពាន់លានដុល្លារអាមេរិច) ប៉ុន្តែហិរញ្ញវត្ថុខាងលើត្រូវបានកើនឡើងដល់ ៧៥% ស្មើនឹង ៣៥ ពាន់លានដុល្លារហុងកុង សម្រាប់ការជួយផ្ដល់ភ្លើងខៀវដល់អាកាសដ្ឋានអន្តរជាតិហុងកុង ក្នុងរយៈពេលវែង បើទោះជាវិបត្តិនៃជំងឺកូវីដ-១៩ នៅអូសបន្លាយយូរយ៉ាងណាក៏ដោយ។ ទំហំនៃកម្ចីហិរញ្ញប្បទានខាងលើនេះ គឺធំជាងកិច្ចព្រមព្រៀងហិរញវត្ថុពីមុនមិនធ្លាប់មាន ដែលបង្ហាញពីការមានជំនឿជាក់លើអនាគតទីក្រុងហុងកុង ពីសំណាក់សហគមន៍វិនិយោគធនាគារជុំវិញពិភពលោក។
ប្រតិបត្តិការផ្លូវអាកាសនៃព្រលានយន្ដហោះហុងកុង ត្រូវបានធ្លាក់ចុះក្នុងទំហំខ្ពស់បំផុតដល់ ៦៨.៧% កាលពីខែឧសភា ធៀបនឹងឆ្នាំ ២០១៩ ក្នុងនោះចំនួនអ្នកធ្វើដំណើរបានថយចុះដល់ ៩៩.៤% ចំណែកឯជើងហោះហើរដឹកទំនិញវិញបានជួយយោងប្រតិបត្តិការ ដែលកើនឡើងខ្ពស់វិញ ២៩.៣%។ តាមពិតទៅ ប្រតិបត្តិការហោះហើរក្នុងទីក្រុងហុងកុង បានមានសញ្ញាអវិជ្ជមានតាំងពីឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីការកើតបាតុកម្ម ប្រឆាំងរដ្ឋាភិបាលចិនដីគោក ដែលបានធ្វើឲ្យវិស័យទេសចរណ៍បាត់បង់មួយផ្នែកធំ។
លោក Lei Zheng ស្ថាបនិកវិទ្យាស្ថានស្រាវជ្រាវអាកាសចរណ៍នៅទីក្រុង Melbourne បានមានប្រសាសន៍ថា “ប្រាក់កម្ចីថ្មីដែលមានតម្លៃ ៣៥ ពាន់លានដុល្លារហុងកុង គឺជាដំណឹងល្អសម្រាប់អាកាសយានដ្ឋានអន្តរជាតិហុងកុង ព្រោះវាជាអាកាសយានដ្ឋានដ៏សំខាន់មួយ ដែលទទួលប្រតិបត្តិផ្លាស់ប្ដូរជើងហោះហើរទៅកាន់គោលដៅសំខាន់ទូទាំងពិភពលោកយ៉ាងមមារញឹក ហើយកម្ចីនោះក៏នឹងពង្រីកដល់គម្រោងអភិវឌ្ឍន៍ផ្លូវហោះហើរ ៣ គន្លងបន្ថែមដល់អាកាសយានដ្ឋានផងដែរ ដូចនេះគេអាចបង្កើនទំនាក់ទំនងច្រើនពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ។
យ៉ាងណាមិញ កម្ចីហិរញ្ញប្បទានខាងលើមិនមានន័យថាល្អទាំងស្រុងនោះទេ ព្រោះវាត្រូវមានការប្រកួតប្រជែងខ្ពស់ពីអាកាសយាន្ដដ្ឋានសិង្ហបុរី និងកូរ៉េខាងត្បូង ដែលសុទ្ធសឹងជាអាកាសយានដ្ឋានជាប់ចំណាត់ថ្នាក់ល្អបំផុតលើលោក។ ចំណែកឯវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ នៅប្រទេសចិនដីគោក បានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ព្រលានយន្ដហោះហុងកុង ដូចនេះគេរំពឹងថាប្រតិបត្តិការហោះហើរនឹងអាចធ្លាក់ចុះ ៧០% នៅឆ្នាំ២០២០ ហើយក៏មិនរំពឹងមានកំណើនខ្ពស់ដែរ នៅឆ្នាំ ២០២១។