៩ខែនៃឆ្នាំ២០២៥ កម្ពុជា រកចំណូលបាន ៣,៨៨ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មប្រមាណ ១១,១៣លានតោន!


គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ នេះ កម្ពុជា បាននាំចេញផលិតផលកសិកម្មសរុបចំនួន ១១ ១៣០ ០០០តោន ដែលជាអត្រាកើនឡើង ៣០,៤% បើប្រៀបធៀបនឹង ៨ ៥៣០ ០០០តោន ក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍មួយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចេញផ្សាយ នាពេលថ្មីៗនេះ។

តាមរបាយការណ៍នោះ កម្ពុជា បានរកចំណូលសរុបប្រមាណ ៣,៨៨ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេស និងតំបន់ចំនួន ៨៨ ក្នុងអំឡុងពេល ៩ខែដំបូងនៃឆ្នាំ២០២៥ នេះ ហើយចិន គឺជាទីផ្សារនាំចេញកសិផលធំបំផុត​ របស់កម្ពុជា។

ផលិតផលកសិកម្មសំខាន់ៗ ដែលត្រូវបាននាំចេញ រួមមាន៖ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកលឿង ម្រេច គ្រាប់ស្វាយចន្ទី ទុរេន និងពោត ជាដើម។

គួរឲ្យដឹងផងដែរថា វិស័យកសិកម្ម គឺជាសសរគ្រឹះមួយ ក្នុងចំណោមវិស័យសំខាន់គ្រឹះចំនួន៤ ដែលគាំទ្រការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា បូករួមជាមួយនឹង វិស័យនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញទេសចរណ៍ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់អចលនទ្រព្យផងដែរ។

 

ប្រភព៖ Xinhua