ហាណូយ៖ ក្រុមហ៊ុនផលិតឈីបជាច្រើនប្រភេទ និងធំជាងគេមួយរបស់សហរដ្ឋអាមេរិក Qualcomm បានសម្រេចចិត្ត បោះទុនវិនិយោគ ជាមួយចំនួនថវិការរាប់រយលានដុល្លាររបស់ខ្លួន នៅប្រទេសវៀតណាម ជាផ្លូវការបើទោះបីជាស្ថានការណ៍ពិភពលោក នៅមិនទាន់មានភាពល្អប្រសើរ ក្រោមការវាយប្រហារពីវីរុសកូវីដ ១៩ ក៏ដោយ។
ក្រុមហ៊ុនផលិតឈីបធំមួយរបស់អាមេរិក Qualcomm បានសម្រេចចិត្តបោះទុនវិនិយោគជាលើកដំបូង នៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម ដោយចុះបញ្ជីប្រើប្រាស់ឈ្មោះថា Qualcomm Vietnam Company Limited តាមរយៈការបង្កើតជាទីស្នាក់ការធំមួយ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ បន្ទះឈីបរបស់ខ្លួន ស្របតាមសម័យការ និងការវិវឌ្ឍន៍របស់បច្ចេកវិទ្យាសម័យថ្មី។ ការសម្រេចបោះទុនវិនិយោគនេះ គឺជាការចាប់ផ្ដើមលើកទីមួយរបស់ក្រុមហ៊ុន Qualcomm នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របពេលវៀតណាមមានធនធានគ្រប់គ្រាន់ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីបំពេញសេចក្ដីត្រូវការ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។
ទីស្នាក់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ របស់ Qualcomm លើកដំបូងនៅវៀតណាមនេះ មិនត្រឹមតែប្រើប្រាស់សម្រាប់ប្រតិបត្តិការផលិតផលរបស់ខ្លួនឯងប៉ុណ្ណោះទេ តែនឹងជួយទៅដល់ការអភិវឌ្ឍន៍ ការធ្វើតេស្ដ ផលិតផលក្នុងស្រុករបស់វៀតណាម ជាមួយនឹងក្រុមហ៊ុន ជាដៃគូសហការណ៍ផងដែរ រួមមាន VinSmart, BKAV និង Viettel ជាដើម ដើម្បីទទួលបាននូវផលិតផលថ្មីៗ និងស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវតាមស្ដង់ដារអន្តរជាតិ។ ជាមួយនឹងវិស្វក័រ និងអ្នកអភិវឌ្ឍន៍ជំនាញ ដែលមានបទពិសោធន៍ច្រើនឆ្នាំ Qualcomm នឹងជួយទៅដល់ការរីកចំរើន ផ្នែកបច្ចេកវិទ្យាថ្មីៗ នៅវៀតណាមរួមទាំងផលិតផល និងសេវាកម្ម ដែលមានគុណភាព។
លោក Thieu Phuong Nam អគ្គនាយកក្រុមហ៊ុន Qualcomm Vietnam Limited ប្រចាំប្រទេសវៀតណាម ឡាវ និងកម្ពុជា បានឱ្យដឹងថា ការបើកដំណើរការការិយាល័យ ដែលជាទីស្នាក់ការធំមួយនៅវៀតណាមលើកនេះ គឺជាការបោះជំហានថ្មីមួយផ្សេងទៀតរបស់ Qualcomm ក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យារវាងវៀតណាមផ្ទាល់ ដែលនឹងផ្ដល់ឱកាស ក្នុងការអភិវឌ្ឍន៍ផលិតផលថ្មីៗ ផលិតក្នុងប្រទេសវៀតណាម ទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ទីស្នាក់ការនៅវៀតណាមនេះ Qualcomm បានបែងចែកចេញជា ៣ ផ្នែកសំខាន់ៗរួមមាន៖
1. The Radiofrequency Lab
2. Power consumption and Performance metrics testing
3. Image Service Lab