រដ្ឋ Victoria របស់អូស្ត្រាលីនឹងអនុវត្តទៅលើគោលការណ៍បន្ទាន់ ក្នុងការធ្វើតេស្តរក Covid-19 លើអ្នកដំណើរទាំងអស់ដែលត្រឡប់ចូលមកកាន់រដ្ឋនេះវិញ ក្រោយពេលមានករណីឆ្លងថ្មីមានការកើនឡើងខ្លាំង ក្នុងកំឡុងពេល 2 សប្តាហ៍កន្លងមកនេះ។
រដ្ឋដែលមានប្រជាជនច្រើនជាងគេទី 2 របស់អូស្ត្រាលីនេះ មានករណីថ្មីចំនួន 49 ករណី កាលពីថ្ងៃអាទិត្យ ដែលជាចំនួនខ្ពស់បំផុត ក្នុងរយៈពេលជាងពីរខែចុងក្រោយ និងជាចំណាត់ថ្នាក់ទី 12 ជាប់គ្នា នៃការកើនឡើងតួលេខទ្វេដង។ ផ្ទុយទៅវិញ សម្រាប់រដ្ឋផ្សេងៗទៀតរបស់ប្រទេសអូស្ត្រាលី ស្ទើរតែមិនមានការឆ្លងថ្មីឡើយ។
លោក Daniel Andrews អជ្ញាធរកំពូលរបស់រដ្ឋ Victoria បានប្រាប់សន្និសីទកាសែតមួយថា “វារាលដាលដូចជាភ្លើងឆេះព្រៃកាលពីចុងឆ្នាំមុនអញ្ចឹង ការដោះស្រាយ និងទប់ស្កាត់លើការកើនឡើងនេះ គឺជាបញ្ហាដែលយើងកំពុងប្រឈម។ ទោះយ៉ាងណាក៏ដោយ ការទប់ស្កាត់ និងរក្សាវាឲ្យនៅថេរ គឺជារឿងមួយដែលយើងអាចធ្វើបាននៅពេលនេះ ក៏ដូចជាការតេស្ត និងតាមដានរកករណីឆ្លង និងប្រភពចម្លងរោគ គឺជាដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតដលយើងត្រូវធ្វើ។”
មន្រ្តីរបស់រដ្ឋ Victoria បាននិយាយកាលពីដើមសប្តាហ៍នេះថា អ្នកធ្វើដំណើរវិលត្រឡប់ចូលមកក្នុងរដ្ឋវិញប្រហែល 30% បានបដិសេធក្នុងការធ្វើតេស្តិ៍រក Covid-19 ហើយលោក Andrew បាននិយាយថាវា នឹងជានីតិវិធីចាំបាច់មួយ។ គួរបញ្ជាក់ផងដែរថា ប្រទេសអូស្រ្តាលីក៏តម្រូវឱ្យប្រជាជនក្នុងស្រុកទាំងអស់ ដែលវិលត្រឡប់ចូលមកក្នុងប្រទេសវិញ ឲ្យនៅដាច់ដោយឡែកពីគ្នា នៅក្នុងសណ្ឋាគារផ្សេងៗ រយៈពេលពីរសប្តាហ៍ផងដែរ សម្រាប់ធ្វើការតាមដាន។
ប្រជាជនដែលនៅដាច់ពីគេទាំងនោះ នឹងត្រូវធ្វើតេស្តរកវីរុសពីរដង ដោយដំបូងនៅនឹងធ្វើនៅថ្ងៃទី 3 ហើយបន្ទាប់មកនៅថ្ងៃទី 11 នៃរយៈពេលកំណត់ 2 សប្តាហ៍របស់ពួកគេ។ លោក Andrews បាននិយាយថា អ្នកដែលនៅតែមិនព្រមធ្វើតេស្តិ៍នឹងត្រូវបានតម្រូវឲ្យ នៅដាច់ដោយឡែកពីគេ សម្រាប់រយៈពេល 10 ថ្ងៃបន្ថែមទៀត។
ដោយឡែកខាងរដ្ឋ New South Wales ដែលជារដ្ឋមានចំនួនប្រជាជនច្រើនជាងគេបំផុតរបស់អូស្រ្តាលីនោះ កាលពីថ្ងៃអាទិត្យកន្លងទៅ គេឃើញមានតែករណីថ្មីចំនួន 3 ប៉ុណ្ណោះ ហើយរដ្ឋនេះក៏បានអនុវត្តវិធានការណ៍ ស្រដៀងគ្នានេះ កាលពីថ្ងៃសុក្រកន្លងទៅផងដែរ។
មនុស្សប្រហែល 40,000 នាក់ ត្រូវបានគេធ្វើតេស្ត៍ ចាប់តាំងពីថ្ងៃសុក្រនៅរដ្ឋ Victoria ខណៈមន្រ្តីសុខភាពសាធារណៈ បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារនិងទប់ស្តាត់ ការរីករាលដាលនៃមេរោគនេះ។ គួររំលឹកផងដែរថា រាប់ចាប់តាំងពីដើមឆ្នាំមករហូតដល់ពេលនេះ ជិត 12% នៃប្រជាជនទាំងអស់របស់រដ្ឋ Victoria ត្រូវបានឆ្លងកាត់ការតេស្តសាកល្បងរក Covid-19 ផងដែរ។
ទោះបីជាមានការកើនឡើងករណីថ្មីៗនៅក្នុងរដ្ឋ Victoria ក៏ដោយ ក៏អូស្ត្រាលីនៅតែមានសរុប 7,700 ករណីឆ្លងក្នុងប្រទេស និងមានអ្នកស្លាប់ចំនួន 104 នាក់ ដែលអត្រានេះ នៅទាបនៅឡើយទេ បើធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត។