ប្រទេសថៃបើកបារ និង Pubs ឡើងវិញ ព្រមទាំងអនុញ្ញាតឲ្យត្រឹមភ្ញៀវទេសចរបរទេសមួយចំនួន ចូលមកកម្សាន្ត

ដោយសារតែស្ថានភាពវីរុសកូរ៉ូណា កាន់តែមានភាពធូរស្បើយ ប្រទេសថៃគ្រោងនឹងអនុញ្ញាតឲ្យបើក Pubs និងបារ ព្រមទាំងក្លឹបកម្សាន្តឡើងវិញ។ ជាមួយគ្នានេះដែរ ប្រទេសនេះក៏នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរ ឬអ្នកដំណើរបរទេសមួយចំនួន ចូលមកកម្សាន្តនៅតាម Pubs និងបារ ទាំងនោះផងដែរ ក្រោយពីគ្មានករណីឆ្លងវីរុសថ្មីនៅតាមសហគមន៍របស់ខ្លួន ក្នុងរយៈពេល 5 សប្តាហ៍មកហើយ នេះបើយោងតាមសម្តីរបស់ មន្ត្រីរដ្ឋាភិបាលថៃ។

 

ទីតាំងមួយចំនួនដែលមានដូចជា Pubs, Bars, Karaoke និងក្លឹប នឹងបើកដំណើរការឡើងវិញ រហូតដល់ពេលពាក់កណ្តាលអាធ្រាត ដរាបណាទីតាំងទាំងនោះនឹងធ្វើតាមគោលការណ៍រក្សាគំលាតសុវត្ថិភាព ដោយការរក្សាគំលាតតុអាហារពីគ្នា ក្នុងរយៈចម្ងាយ 2 ម៉ែត្រ។

 

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់កូវីដ-19 លោក Taweesin Visanuyothin បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃច័ន្ទនេះថា “ការប្រើប្រាស់គ្រឿងស្រវឹង អាចកាត់បន្ថយវិន័យ និងការអនុវត្តគោលការណ៍សុវត្ថិភាព ដូច្នេះវានឹងមានការត្រួតពិនិត្យ យ៉ាងដិតដល់ មុនពេលអតិថិជន ឬភ្ញៀវទេសចរ និងអ្នកដំណើរ ចូលទៅកន្លែងកម្សាន្តនានា។”

 

ដោយឡែកសម្រាប់ជនបរទេស ដែលមានការអនុញ្ញាតការងារ ការស្នាក់នៅ និងក្រុមគ្រួសារនៅប្រទេសថៃ ក៏នឹងអាចចូលមកក្នុងប្រទេសបានដែរ ប៉ុន្តែនឹងត្រូវស្ថិតនៅដាច់ពីគេរយៈពេល 14 ថ្ងៃ សម្រាប់ការត្រួតពិនិត្យតាមដានជាមុនសិន។

 

លោក Taweesin Visanuyothin ក៏បាននិយាយដែរថា ជនបរទេសដែលស្វែងរកការព្យាបាល តាមបែបវេជ្ជសាស្ត្រ (medical treatment) មួយចំនួនដូចជាការវះកាត់ កែសម្ផស្ស ឬការព្យាបាលទៅលើផ្នែក fertility ក៏អាចត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសដែរ។

 

ភ្ញៀវជំនួញ (Business visitors) មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង សឹង្ហបូរី ចិន និងហុងកុង ក៏អាចត្រូវបានលើកលែង ពីការកំណត់ដាក់នៅដោយឡែករយៈពេលពីរសប្តាហ៍ផងដែរ ប្រសិនបើពួកគេមានវិញ្ញាបនបត្រ ដើម្បីបង្ហាញថាពួកគេមិនមានផ្ទុក Covid-19 ទេ ហើយត្រូវបានធ្វើតេស្តមុនពេលមកដល់។

 

គួររំលឹកផងដែរថា និយតករអាកាសចរណ៍របស់ប្រទេសនេះ ក៏បានហាមឃាត់ការហោះហើរអន្តរជាតិ ចាប់តាំងពីខែមេសាមកម៉្លេះ។

 

លោក Taweesin បានមានប្រសាសន៍ថា “មិនមានសំណើផ្លាស់ប្តូរ ការផ្អាកការហោះហើរទេ ហើយអ្នកដំណើរអាចវិលត្រឡប់មកវិញ ដោយមានជើងហោះហើរបែប repatriation និងជើងហោះហើរពិសេស។”

 

ក្រុមអ្នកប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង របស់រដ្ឋាភិបាលថៃ នឹងផ្តល់អនុសាសន៍ដើម្បីឱ្យពន្យារពេល នៃក្រឹត្យពីគ្រាអាសន្ននៅក្នុងប្រទេស រហូតដល់ចុងខែកក្កដា ដោយនឹងមានការយល់ព្រម ពីគណៈរដ្ឋមន្រ្តីនៅថ្ងៃអង្គារនេះផងដែរ។

 

គួរបញ្ជាក់ផងដែរថា វីរុសកូរ៉ូណា បានសម្លាប់មនុស្សអស់ 58 នាក់ នៅក្នុងប្រទេសថៃ ក្នុងចំណោមអ្នកឆ្លងជំងឺចំនួន 3,169 នាក់ ខណៈដែលអ្នកជម្ងឺចំនួន 3,053 នាក់ បានជាសះស្បើយ។

 

ប៉ុន្តែស្ថានភាពប្រទេសនេះចាប់ផ្តើមប្រសើរឡើងហើយ ដោយកន្លងផុតទៅរយៈពេល 35 ថ្ងៃហើយ ដែលនៅតាមបណ្តាសហគមន៍នានា មិនមានអ្នកឆ្លងថ្មីឡើយ។ ផ្ទុយទៅវិញករណីឆ្លងថ្មី ត្រូវបានរកឃើញក្នុងចំណោមប្រជាជនថៃដែលបានធ្វើដំណើរវិលត្រឡប់ចូលមកក្នុងប្រទេសវិញ នៅក្នុងអំឡុងពេលនៃការដាក់នៅដាច់ដោយឡែក។