វិស័យទេសចរណ៍អន្តរជាតិ នៅកម្ពុជាអាចនឹងស្ដារឡើងវិញដូចការំពឹងទុកនៅរយៈពេល ៥ ឆ្នាំក្រោយ!

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់វិបត្តិជំងឺកូវីដ-១៩ វានឹងធ្វើឲ្យសេដ្ឋកិច្ចលើពិភពលោកថយ ៧ ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជា នឹងថយ ៥ ឆ្នាំផងដែរ។ មានន័យថា បើមិនមានកូវីដ-១៩ ទេនោះ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរបរទេសបានដល់ ៧ លាននាក់ក្នុងឆ្នាំ ២០២០ ប៉ុន្តែក្ដីរំពឹងចំនួននេះនឹងអាចទទួលបាននៅឆ្នាំ ២០២៥ ឯណោះ។ 

ឯកឧត្តម ថោង ខុន បានបន្ដថា ទោះបីជាវិស័យទេសចរណ៍អន្តរជាតិកម្ពុជាបាននឹងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ ក្ដី តែយើងក៏សង្កេតឃើញសញ្ញាវិជ្ជមានមួយចំនួនពីវិស័យទេសចរណ៍ក្នុងស្រុកផងដែរ ចាប់ពីខែឧសភាមក ដែលបន្ដមានកំណើនមកពីខែមេសាមកម្ល៉េះ។ បន្ថែមលើនេះ ក្នុងរយៈពេល ០៣ សប្ដាហ៍ខែមិថុនា មានភ្ញៀវទេសចរណ៍ជាង ៤៥ ម៉ឺននាក់បានដើរទស្សនាទូទាំងប្រទេសកម្ពុជា ក្នុងកំណើនប្រមាណ ៧.២៤% ធៀបនឹងរយៈពេល ០៣ សប្ដាហ៍កាលពីខែឧសភា។ 

ដោយឡែក សម្រាប់រាជធានីភ្នំពេញ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៥,៧៥០ នាក់ ថយចុះ ៤៦.២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះ ពិតជាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ជាក់ស្ដែងគិតត្រឹមតែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទទ្វារបណ្ដោះអាសន្ន និងបិទទ្វារអចិន្ត្រៃសរុបចំនួន ២,៩៥៦ ទីតាំង ប៉ះពាល់ដល់បុគ្គលិកបម្រើការងារផ្ទាល់សរុប ៤៥,៤០៥ នាក់។ យ៉ាងណាមិញ គោលដៅរាជធានីភ្នំពេញ មិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។ 

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ជុំវិញបញ្ហានេះថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ដោយមិនឲ្យជួបជុំផ្សេងៗ ដែលមានការបិទអាជីវកម្មក្លឹបកម្សាន្ដ និងខារ៉ាអូខេ គឺដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយយើងក៏បានចុះជួយដល់ប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់ផងដែរ។ ឯកឧត្តម ក៏បានបញ្ជាក់ថា រាជធានីភ្នំពេញមានមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៣៦០ កន្លែង ក្នុងចំណោមមូលដ្ឋានអាជីវកម្មទេសចរណ៍សរុបចំនួន ១៩០០ ឬស្មើនឹង ១៨.៩% នៅភ្នំពេញបានបិទទ្វារបណ្ដោះអាសន្ន ទៅតាមការណែនាំរបស់ក្រសួងនិងស្ថាប័នជំនាញ តែដើម្បីរក្សាកំណើនសេដ្ឋកិច្ចនិងរក្សាការងារធ្វើ រដ្ឋាភិបាលបានលើកចិត្ត ការធ្វើទេសចរណ៍នៅក្នុងស្រុកនិងការបញ្ចេញថវិកាជាតិជួយដល់កម្មករនិយោជកដែលរងផលប៉ះពាល់ដោយជំងឺនេះ ជាមួយនឹងការគាំពារសង្គមផ្សេងទៀត ដោយរដ្ឋាភិបាលបានចំណាយថវិកាចំនួន ២៥ លានដុល្លារក្នុងមួយខែ សម្រាប់ប្រជាពលរដ្ឋក្រីក្រ។