ក្រុមហ៊ុន Huawei បើកទីស្នាក់ការលក់ទូរសព្ទធំបំផុតរបស់ខ្លួននៅក្រុងសៀងហៃ បន្ទាប់ពីរងសម្ពាធខ្លាំងនៅទឹកដីអាមេរិច!

ក្រុមហ៊ុនទូរគមនាគមន៍ និងអេឡិចត្រូនិចយក្សរបស់ចិន Huawei ទើបតែបានបើកដំណើរការទីស្នាក់ការចែកចាយទូរសព្ទទូទាំងសកលលោកដ៏ធំទី ២ របស់ខ្លួននៅក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃពុធសប្ដាហ៍មុន ក្នុងគោលដៅពង្រាយទីផ្សារស្មាតហ្វូនប្រេន Huawei ឲ្យកាន់តែធំនៅក្នុងប្រទេសចិន ខណៈពេលដែលគេពិបាកវាយលុកទីផ្សារអាមេរិចបំផុត នៅពេលនេះ។ 

ទីស្នាក់ការលក់ និងចែកចាយទូរសព្ទដៃ Huawei សកលទី ២ របស់ខ្លួន គឺជាទីស្នាក់ការមានទំហំធំបំផុតរបស់ Huawei មានទំហំដល់ ៥,០០០ ម៉ែត្រការ៉េ ស្ថិតនៅក្នុងទីក្រុងសេដ្ឋកិច្ចធំបំផុតរបស់ចិន សៀងហៃ និងមានអតិថិជនពាក់ម៉ាសតម្រង់ជួរគ្នាដើម្បីចូលទិញ កំពុងក្លាយទៅជាគូរប្រជែងដ៏ធំរបស់ផលិតផល Apple នៅក្នុងប្រទេសចិន។ មន្ត្រីតំណាងក្រុមហ៊ុន Huawei បានលើកឡើងថា ការបើកទីស្នាក់ការចែកចាយទូរសព្ទជាច្រើន ជាបន្ដបន្ទាប់នៅក្នុងទឹកដីកំណើតរបស់ខ្លួន ក្នុងរយៈពេល ១ ឆ្នាំមកនេះ គឺជាផែនការវាយលុកទីផ្សារស្មាតហ្វូនក្នុងប្រទេសចិន បន្ទាប់ពីរដ្ឋាភិបាលអាមេរិចបានដាក់សម្ពាធមកលើក្រុមហ៊ុនរបស់ខ្លួនកាលពីជាង ១៨ ខែមុន ពោលគឺការផ្ដាច់ជំនួយផ្នែក Android Operating System ពីក្រុមហ៊ុន Google ធ្វើឲ្យក្រុមហ៊ុនត្រូវអភិវឌ្ឍន៍ HarmonyOS ប្រើប្រាស់ដោយខ្លួនឯង។ 

មិនត្រឹមតែដាក់សម្ពាធលើផលិតផលទូរសព្ទដៃប៉ុណ្ណោះទេ រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានដាក់សម្ពាធមកលើក្រុមហ៊ុន Huawei ទៅលើផ្នែកបណ្ដាញទូរគមនាគមន៍ផងដែរ ដោយបានចោទប្រកាន់លើការប្រើប្រាស់ ឧបករណ៍ទូរគមនាគមន៍ក្រុមហ៊ុន Huawei បម្រើប្រយោជន៍ទីក្រុងប៉េកាំងផ្នែកចារកម្ម កិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិច ដូចនេះទីក្រុងវ៉ាស៊ីងតោន បានហាមឃាត់ការការប្រើប្រាស់បណ្ដាញទូរគមនាគមន៍ Huawei និងឧបករណ៍ផ្សេងៗចេញពីស្ថាប័នរដ្ឋ ជាស្ថាពរ។ ក្រោយមកក៏បានកាត់ផ្ដាច់ទៅលើការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិច និងផលិតផលពាក់កណ្ដាលសម្រេចផងដែរ។

Huawei បានក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនចេញបានច្រើនបំផុតលំដាប់ទី ២ លើពិភពលោកបន្ទាប់ពី Samsung និងដណ្ដើមតំណែងទី ២ បានពីក្រុមហ៊ុន Apple កាលពីឆ្នាំ ២០១៩។ ដោយឡែកក្នុងប្រទេសចិន គេបានក្រោបយកទីផ្សារទូរសព្ទដៃសរុបដល់ ៤២.៦% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ (កើនឡើង ១.៤% ក្នុងវិបត្តិជំងឺកូវីដ-១៩ ខុសពីត្រីមាសទី ១ ឆ្នាំ២០១៩ ដែលការលក់កើនឡើងជាង ៣៩%) ដូចនេះ ផលិផល iPhone ក៏បាននិងកំពុងធ្លាក់ទីផ្សារចុះខ្លាំងដូចគ្នានៅក្នុងទឹកដីប្រទេសចិន។