វៀតណាមចាប់ផ្ដើមសាងសង់សួនកំសាន្តខ្នាតយក្សធំជាងគេបំផុតនៅលើកោះត្រល់ តម្លៃ ១ ពាន់លានដុល្លារ

ហាណូយ៖ គម្រោងសាងសង់សួនកំសាន្តខ្នាតយក្សធំជាងគេបំផុត នៅវៀតណាម បានសម្រេច និងចាប់ផ្ដើមការសាងសង់ជាផ្លូវការហើយ បន្ទាប់ពីសិក្សា វាយតម្លៃ និងទទួលបានការគាំទ្រ អនុញ្ញាតពីរាជរដ្ឋាភិបាលវៀតណាម កាលពីពេលកន្លងទៅ។

គម្រោងបង្កើតសួនកំសាន្តខ្នាតយក្សធំជាងគេ មិនធ្លាប់មាននៅវៀតណាម បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phu កាលពីពេលកន្លងទៅ។ គម្រោងសួនកំសាន្តយក្ស ដែលសាងសង់នៅលើផ្ទៃដីទំហំ ៥០ ហិកតា ដែលមានទ្វារចូលចំនួន ៦ កន្លែង គឺជាតំបន់ និងផ្នែកកំសាន្តប្រវត្តិសាស្រ្តសម្រាប់ប្រជាជនវៀតណាម ដែលត្រៀមនឹងបញ្ចប់នាពេលអនាគតដ៏ឆាប់ខាងមុខ ដោយប្រមូលផ្ដុំទៅដោយផ្នែកវិទ្យាសាស្ត្រ កីឡា ល្បែងកំសាន្តបែប Virtual Reality និងប្រភេទ Extreme Game ជាអាទិ៍ និងរួមមានផ្នែកផ្សេងៗជាច្រើនទៀត។

គម្រោងខ្នាតយក្សមួយនេះ នឹងសាងសង់ឡើងដោយក្រុមហ៊ុន VinWonders Development ដែលនឹងចំនាយទឹកប្រាក់ ១,០០០ លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅលើដែនកោះ Phu Quoc ឬយើងហៅថាកោះត្រល់។ គម្រោងនេះក៏រួមបញ្ចូលផងដែរនូវផ្នែកកំសាន្តបែបធម្មជាតិ ដូចជាសួនសត្វ ព្រៃភ្នំ ទោងកំសាន្ត រថភ្លើងអាកាស និងជាច្រើនផ្សេងៗទៀត ដែលគ្រប់ក្រុមគ្រួសារអាចមកកំសាន្តបានគ្រប់ៗគ្នា មិនប្រកាន់ភេទ និងអាយុ សម្រាប់រយៈពេលពេញមួយថ្ងៃ ដោយមានអាហារដ្ឋាន ភោជនីយដ្ឋាន ហាងលក់ទំនិញ កាហ្វេរ ដ៏ច្រើនសំបូរបែប។ យ៉ាងណាក៏ដោយ គម្រោងធំមួយនេះ ពុំបានបញ្ជាក់ ឬកំណត់កាលបរិច្ឆេទនៃការសាងសង់ ថាតើពេលណានឹងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅឡើយ។

គួរបញ្ជាក់ផងដែរថា គម្រោងសួនកម្សាន្តនេះត្រូវបានប្រកាសចាប់តាំងពីខែមីនា ឆ្នាំ ២០១៥ មកម្ល៉េះ នៅពេលដែលអាជ្ញាធរសង្កាត់ Haiphong បានស្នើសុំបន្ថែមឲ្យមានការរួមបញ្ចូលកាស៊ីណូ សណ្ឋាគារលំដាប់ផ្កាយប្រាំ និងទីលានវាយកូនហ្គោល។ ជាក់ស្ដែង ទីលានវាយកូនហ្គោលបានសាង់សង់រួចជាស្ថាពរក្នុងឆ្នាំ ២០១៧ ខែមេសា កន្លងទៅ ហើយគម្រោងសួនកំសាន្ត VinWonders Vu Yen នេះ នឹងក្លាយទៅជាសួនកំសាន្តទី ៤ របស់វៀតណាម ដែលនឹងផ្ដល់ឱកាសការងារ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន៕