មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង ៥០ លានដុល្លារសាងសង់សម្រេចបាន ៨០% ហើយ!

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ជាមន្ទីពេទ្យធំជាងគេបំផុតនៅក្នុងតំបន់ ដែលមានតម្លៃជាង ៥០ លានដុល្លារ ជាជំនួយឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានសម្ពោធការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយគិតមកទល់ពេលនេះ សម្រេចបានលទ្ធផល ៨០% មកហើយ។ 

មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុប ២៤,៣០០ ម៉ែត្រការ៉េ និងមានទីធ្លាវិនិយោគលើផ្ទៃក្រឡាសរុប ៥៥,៨១៥ ម៉ែត្រការ៉េ ដែលគម្រោងនេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥០ លានដុល្លារ ប្រើប្រាស់រយៈពេល ៤០ ខែដើម្បីបញ្ចប់ការសាងសង់ទាំងស្រុង ដោយមន្ទីពេទ្យនេះមានទីធ្លារធំទូលាយ បំពាក់ដោយគ្រឿងបរិក្ខារវេជ្ជសាស្ត្រទំនើបៗជាច្រើន ដើម្បីបម្រើវិស័យសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ រួមមានខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ផងដែរ។

តាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ថ្វីត្បិតដែលវិបត្តិនៃជំងឺកូវីដ-១៩ នៅតែបន្ដ ក៏ប៉ុន្តែការដ្ឋានសាងសង់មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន មិនមានផលប៉ះពាល់ឡើយ ហើយក្រុមការងារបច្ចេកទេសនឹងជំរុញដំណើរការឲ្យបានលឿន ធ្វើឲ្យគម្រោងនេះអាចបញ្ចប់មុនផែនការ ដោយរំពឹងស្ថាបនារួចរាល់នៅត្រឹមខែកញ្ញា ឆ្នាំ ២០២១។

មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ នឹងមានបម្រើសេវាសុខាភិបាលតាមផ្នែកសំខាន់ផ្សេងៗ ដែលមានគ្រែសម្រាកព្យាបាលចំនួន ៣០០ គ្រែ និងមានទទួលព្យាបាលជំងឺដូចជា៖ ផ្នែកជំងឺទូទៅ, ផ្នែកជំងឺកុមារ, ផ្នែកជំងឺឆ្លង, ផ្នែកពិគ្រោះជំងឺក្រៅ, ផ្នែកប្រពោធនកម្ម (ICU), ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកវះកាត់, ផ្នែករោគស្ត្រី, ផ្នែកសម្រាលកូន, ផ្នែករូបភាពវេជ្ជសាស្ត្រ និង Endoscopy, ផ្នែកមន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់សម្លាប់មេរោគ, ផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រមានដូចជា រដ្ឋបាលនិងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សម្អាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលសម្រាប់ដាក់សាកសព -ល-។

មន្ទីរពេទ្យដ៏ធំថ្មីនេះ នឹងមានតម្រូវការបុគ្គលិកជំនាញប្រមាណ ៤៥៦ នាក់បន្ថែមទៀត ដោយក្រសួងសុខភិបាល នឹងខិតខំប្រឹងប្រែងពង្រឹងចំណេះដឹងជំនាញ និងបច្ចេកទេសដល់ក្រុមគ្រូពេទ្យ ដើម្បីត្រៀមផ្ដល់សេវាសុខភាពជូនពលរដ្ឋនៅខេត្តត្បូងឃ្មុំនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា គម្រោងមន្ទីពេទ្យខេត្តត្បូងឃ្មុំនេះ គឺជាមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ទី២ ដែលបានទទួលជំនួយសាងសង់ ឥតសំណងពីរដ្ឋាភិបាលចិន ហើយគម្រោងទី១ គឺមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ឬពេទ្យលោកសង្ឃ នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០១៨។