ឧទ្យានវីរៈជ័យ ខេត្តរតនគិរី ទេសភាពស្រស់ស្អាតនាគ្រប់រដូវ

ប្រសិនបើអ្នកជាអ្នកស្រលាញ់តំបន់ភ្នំ វាលស្មៅ និងអាកាសធាតុត្រជាក់នោះ ភូមិភាគឦសាន គឺជាតំបន់ទេសចរណ៍ដែលមានទេសភាពស្រស់ស្អាតជាទីគយគន់បំផុតនាគ្រប់រដូវកាលពេញមួយឆ្នាំ បានទាក់ទាញបេះដូងអ្នកស្រលាញ់ធម្មជាតិទាំងភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ដ លំហែកាយគ្មានពេលលោះ។ 

តំបន់ទេសចរណ៍ភ្នំវាលធំ ស្ថិតនៅក្នុងឧទ្យានវីរៈជ័យ ខេត្តរតនគិរី គឺជាតំបន់មានវាលស្មៅខៀវខ្ចីស្រងាត់ បង្កើតជាទេសចភាពដ៏ស្រស់ស្អាតនៅតាមជួរជ្រលងភ្នំ ព្រមទាំងមានបរិយាកាសស្រស់ស្រាយ និងត្រជាក់ មិនចាញ់ខេត្តមណ្ឌលគិរីឡើយ ដែលមានព្រៃឈើក្រាស់ក្រែលឡើយ ហើយឧទ្យានជាតិនេះ កំពុងពេញនិយមបំផុតសម្រាប់ការទេសចរណ៍បែបផ្សងព្រេង ដោយភ្ញៀវទេសចរអាចធ្វើដំណើរថ្មើរជើងប្រហែល ៦ ម៉ោង ឬការជិះម៉ូតូកែច្នៃឡើងភ្នំនេះ នឹងអាចបោះតង់សម្រាកលំហែកាយ នៅទីនោះបាន និងអាចផ្ដិតយកទេសភាពដ៏ស្រស់ស្អាត។ 

លោកស្រី ឡយ ហង្សដា មន្ត្រីនៃការិយាល័យឧទ្យានវីរៈជ័យបានប្រាប់ថា តំបន់ភ្នំវាលធំ នៃឧទ្យានវីរៈជ័យ មានទេសភាពស្រស់ស្អាតខ្លាំង ជាពិសេសគឺខែភ្លៀងនេះតែម្ដង ត្បិតតែខែភ្លៀងយើងនឹងពិបាកធ្វើដំណើរបន្ដិច ប៉ុន្តែទេសភាពគឺស្រស់ត្រកាល ខៀវស្រងាត់ ដោយសាររុក្ខជាតិទទួលបានរបបទឹកភ្លៀងគ្រប់គ្រាន់ ហើយនៅទីនោះមានតំបន់ប្រវត្តិសាស្ត្រ តំបន់ជ្រោះ តំបន់ភ្នំ និងមានសត្វព្រៃតូចធំជាច្រើនប្រភេទរស់នៅ ដូចជា ឈ្លូស ក្ដាន់ ប្រើស សត្វទោច ជ្រូកព្រៃ -ល- ដែលពួកវារស់នៅក្រោមដែនជម្រកធម្មជាតិ ការពារដោយក្រសួងបរិស្ថាន។ 

លោកស្រី មន្ត្រីការិយាល័យឧទ្យានវីរៈជ័យបានបញ្ជាក់ថា ដើម្បីអាចឡើងតំបន់ទេសចរណ៍ភ្នំវាលធំ និងសម្រាកបោះតង់លំហែកកាយនៅលើនេះ គឺយើងត្រូវមកទាក់ទងការិយាល័យអេកូទេសចរណ៍ធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរីជាងមុនសិន ព្រោះតែកន្លែងនេះជាដែនគ្រប់គ្រងដោយឧទ្យានុរក្សបរិស្ថាន ពោលជាកន្លែងដែលអភិរក្សយ៉ាងមុតមាំក្នុងការពារព្រៃឈើ និងជម្រកសត្វព្រៃ ថែមទាំងបានចុះបញ្ជីជាតំបន់ការពារបេតិកភ័ណ្ឌរបស់អាស៊ានទៀតផង។ 

សូមបញ្ជាក់ថា តំបន់ទេសចរណ៍វាលធំ ស្ថិតនៅក្នុងឃុំកោះប៉ង ស្រុកវើនសៃ និង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី នៃឧទ្យានវីរៈជ័យ ដែលនៅទីនោះជាជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់សត្វស្លាបជាង ២០០ ប្រភេទ ថនិកសត្វ ១៥ ប្រភេទ ល្មូន ៣៥ ប្រភេទ មច្ឆា ៣៧ ប្រភេទ និងកណ្ដូប ១៩ ប្រភេទ ជាមួយប្រភេទសត្វជាច្រើនទៀត។