ទឹកធ្លាក់ថ្មដាតូច ឬទឹកធ្លាក់១៥០០ ជារមណីយដ្ឋានដ៏ល្បីមួយ ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលយើងអាចធ្វើដំណើរតាមផ្លូវបុប្ផាលាក់ខ្លួន រាងក្រវិចក្រវៀនដូចអន្ទង់អាំង នៅតាមជម្រាលភ្នំខ្ពស់ៗ ពោរពេញទៅដោយព្រៃព្រឹក្សាខៀវស្រងាត់ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយ មុននឹងចូលទៅដល់រមណីយដ្ឋាន។
រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ជាកន្លែងកម្សាន្ដបែបព្រៃភ្នំធម្មជាតិ ស្អាតប្លែកភ្នែកពីរមណីយដ្ឋានដទៃទៀត ដោយសារទេសភាពទីនោះមានជ្រលង ដងអូរ ជ្រោះជ្រៅ ព្រៃព្រឹក្សាផ្ទាំងថ្ម និងមានម្លប់ឈើត្រជាក់ អមទៅដោយសម្លេងទឹកធ្លាក់ និងសត្វស្លាបយំកំដរបរិយាកាស កាន់តែរីករាយក្នុងការមកកម្សាន្ដ។ នៅរមណីយដ្ឋាននោះ មានជ្រោះហូរធ្លាក់ចំនួន ២ ថ្នាក់ គឺថ្នាក់ខាងលើ ភ្ញៀវទេសចរអាចដើរមកកម្សាន្ដដល់មុន ហើយមានធ្លាក់ជម្រាលជាថ្នាក់ៗដូចកាំជណ្ដើរ ងាយស្រួលសម្រាប់ការងូតទឹកលេង និងថ្នាក់ក្រោមជាល្បាក់ទឹកធ្លាក់ ដែលមានកម្ពស់ជិត ១០ ម៉ែត្រ ជាកន្លែងអង្គុយលំហែរកាយ ញ៉ាំអាហារ និងងូតទឹកលេងយ៉ាងត្រជាក់។
តាមប្រសាសន៍លោក សំ ឃឹម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ឬទឹកធ្លាក់ភ្នំ១៥០០ នេះកំពុងតែមានភាពល្បីល្បាញឡើងជាលំដាប់ បន្ទាប់ពីការស្ថាបនាផ្លូវបុប្ផាលាក់ខ្លួនរួចរាល់មក ធ្វើឲ្យភ្ញៀវទេសចរណ៍ស្គាល់កាន់តែច្រើន និងឈានជើងចូលកម្សាន្ដ ព្រោះតំបន់នេះមានទិដ្ឋភាពតាមជ្រលងភ្នំស្រស់ស្អាត និងមានរមណីយដ្ឋានជាច្រើនកន្លែង។ លោកបានបញ្ជាក់ថា នៅទូទាំងខេត្តពោធិ៍សាត់ មានតំបន់រមណីយដ្ឋានធម្មជាតិចំនួន ៣៤ កន្លែង ប៉ុន្តែបានដាក់ដំណើរការជាផ្លូវការតែ ១០ កន្លែងប៉ុណ្ណោះ ដែលនៅសេសសល់ទៀត គឺមន្ទីរទេសចរណ៍និងអាជ្ញាធរពាក់ព័ន្ធ កំពុងសិក្សានិងរៀបចំឲ្យបានច្បាស់លាស់សិន មុននឹងដាក់ដំណើរការ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបន្ថែមថា បច្ចុប្បន្ននេះមន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយអាជ្ញាធរដែនដី និងក្រុមហ៊ុនឯកជនជាដៃគូអភិវឌ្ឍន៍ បានរៀបចំតំបន់នេះឲ្យក្លាយទៅជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញមួយ សម្រាប់បម្រើដល់ការមកលេងរបស់ភ្ញៀវជាតិ និងអន្តរជាតិ ពិសេសគឺជួយបង្កើនប្រាក់ចំណូលប្រជាសហគមន៍ក្នុងតំបន់។ ហើយការអភិវឌ្ឍន៍នេះទៀតសោត គឺពុំមែនកែច្នៃឲ្យខុសប្លែកពីធម្មជាតិនោះទេ ប៉ុន្តែក្រុមហ៊ុនឯកជនវិនិយោគ គឺផ្ដោតទៅលើការរៀបចំចំណតយានយន្ដ រក្សាអនាម័យ និងត្រួសត្រាយផ្លូវចូលឲ្យកាន់តែល្អប្រសើរ -ល-។