កម្ពុជា-ថៃឡង់ដ៏ ពិភាក្សាពីលទ្ធភាពបើកច្រកព្រំដែនអន្តរជាតិ ដើម្បីស្តារចរន្តសេដ្ឋកិច្ចឡើងវិញ!

ទីក្រុងបាងកក៖ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ គណៈប្រតិភូកម្ពុជា-ថៃ បានជួបពិភាក្សាអំពីលទ្ធភាពបើកច្រកអន្តរជាតិសំខាន់ៗឡើងវិញ ដែលស្ថិតនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំង ២ ដើម្បីទម្លាយភាពជាប់គាំងផ្នែកសេដ្ឋកិច្ច ដែលបណ្ដាលមកពីវិធានការណ៍រឹតបន្តឹងការធ្វើដំណើរចេញចូល ក្នុងការបង្ការភាពរីករាលដាលនៃជំងឺកូវីដ-១៩។ 

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅឯស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ នៅទីក្រុងបាងកក ដែលបានដឹកនាំដោយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងប្រតិភូធុរជនថៃ ដឹកនាំដោយលោក ឆានីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃឡង់ដ៏-កម្ពុជា។ 

នៅក្នុងជំនួបនេះ គណៈប្រតិភូភាគីទាំង ២ គ្រោងនឹងលើកសំណើរទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដើម្បីបើកច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដែលស្ថិតនៅចន្លោះព្រំប្រទល់ខេត្តបន្ទាយមានជ័យ (កម្ពុជា) និងខេត្តស្រះកែវ (ថៃឡង់ដ៍) សម្រាប់ភ្ញៀវទេសចរកម្ពុជា ដែលត្រូវការមកពិនិត្យជម្ងឺនៅក្នុងប្រទេស និងធុរជនថៃ ដែលនឹងត្រូវការចូលមកវិនិយោគនៅកម្ពុជា ដោយមានកំណត់ចំនួនអ្នកចេញចូលជាក់លាក់មួយ ក្នុងមួយថ្ងៃៗ។

ប្រសិនបើគម្រោងខាងលើទទួលបានជោគជ័យ ភាគីទាំង ២ នឹងដាក់សំណើរទៅកាន់ រាជរដ្ឋាភិបាលនៃប្រទេសទាំង ២  ដើម្បីសុំបើកច្រកអន្តរជាតិផ្សេងៗទៀតមានដូចជា៖ ច្រកអន្តរជាតិអូរស្មាច់ (ខេត្តឧត្តរមានជ័យ) និងចុងជាំ (ខេត្តសុរិន្ទ), ច្រកអន្តជាតិដូង (បាត់ដំបង) និងបានឡែម (ច័ន្ទបូរី), និងច្រកអន្តរជាតិចាំយាម (កោះកុង) និងហាតឡេក (ត្រាត) ជាដើម -ល- ដើម្បីជំរុញលំហូរទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគី សំដៅស្ដារឡើងវិញនូវចរន្ដសេដ្ឋកិច្ចនៃប្រទេសទាំង ២។

យោងតាមទិន្ន័យពីក្រសួងពាណិជ្ជកម្មថៃ នៅក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ សម្រចបានទឹកប្រាក់ ៣.១ ពាន់លានដុល្លារ កើនឡើង ១៨.៣% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៩។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃ មានទឹកប្រាក់ ៦៨៧ លានដុល្លារ កើនឡើង ១០៦% ចំណែកការនាំចូលមានទឹកប្រាក់ ២.៤ ពាន់លានដុល្លារ កើនឡើង ៥,៦%។

 

ប្រភព៖ Royal Embassy of Cambodia in Bangkok