អាមេរិកផ្ទុះការឆ្លងវីរុសកូវីដ ១៩ ដល់ទៅ ៤៧,០០០ ករណីក្នុងមួយថ្ងៃ ជាអត្រាខ្ពស់មិនធ្លាប់មាន

វ៉ាស៊ីនតោន៖ ករណីឆ្លង និងរីករាលដាល នៃវីរុសកូវីដ ១៩ នៅសហរដ្ឋអាមេរិក នៅតែបន្តកើនឡើងឥតឈប់ឈរ ទោះបីរដ្ឋាភិបាលរបស់លោក Trump បានខិតខំទប់ស្កាត់ និងដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយទៅដល់អាយុជីវិតរបស់ប្រជាជន និងសេដ្ឋកិច្ចរបស់អាមេរិកក៏ដោយ។ ក្នុងនោះ សេចក្ដីរាយការណ៍ចុងក្រោយជាអន្តរជាតិបានឱ្យដឹងថា អាមេរិកផ្ទុះករណីឆ្លងដល់ទៅ ៤៧,០០០ នាក់ក្នុងមួយថ្ងៃ កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅនេះ ជាអត្រាច្រើនជាងគេបំផុត គិតចាប់តាំងពីអាមេរិកផ្ទុះករណីឆ្លងជាលើកដំបូង។

ប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឱ្យដឹងថា សហរដ្ឋអាមេរិកត្រឹមតែរយៈពេលមួយថ្ងៃ ចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បានកើនឡើងដល់ទៅជាង ៤៧,០០០ ករណី ក្នុងរយៈពេលត្រឹមមួយថ្ងៃ។ អត្រាកើនឡើងខ្ពស់បែបនេះ គឺជាលើកទីមួយ និងជាចំនួនច្រើនជាងគេបំផុត គិតចាប់តាំងពីអាមេរិកផ្ទុះរណីឆ្លងនេះ ជាលើកដំបូង នៅត្រីមាសទី ១ ឆ្នាំ២០២០ កន្លងទៅ។ អាជ្ញាធរអាមេរិក ទទួលបន្ទុកផ្នែកមេរោគឆ្លង បានចេញសេចក្ដីប្រកាសព្រមានភ្លាមៗ ទៅដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះថា តួរលេខនោះអាចនឹងឡើងធ្វេរដង ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ជុំវិញការផ្ទុះឡើងក្នុងចំនួនតួរលេខដ៏ច្រើននេះ ត្រូវបានឱ្យដឹងថា កើតឡើងចេញពីរដ្ឋធំៗចំនួន ៣ រួមមាន រដ្ឋ California, Texas និង Arizona បានក្លាយទៅជាតំបន់ក្ដៅ នៃការឆ្លង និងរីករាលដាលធំថ្មីនៅអាមេរិក ដែលត្រូវបានរាយការណ៍ថា មានការឆ្លងយ៉ាងឆាប់រហ័ស ដោយនឹងបន្តជាបន្តបន្ទាប់ទៀត។ ករណីឆ្លងថ្មីនេះ លោកវិជ្ជបណ្ឌិត Anthony Fauci ជាប្រធានវិទ្យាស្ថានជាតិអាឡែរហ្ស៊ី និងជម្ងឺឆ្លង បានប្រាប់ទៅដល់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកថា “ពិតណាស់ យើងមិនអាចធ្វើការគ្រប់គ្រងស្ថានការណ៍នៅពេលនេះបានទេ ហើយខ្ញុំពិតជាព្រួយបារម្មណ៍ខ្លាំងណាស់ ព្រោះវានឹងកាន់តែអាក្រក់ឡើង។ ចំនួនឆ្លងនេះអាចនឹងកើនឡើងដល់ ១០០,០០០ ករណីក្នុងមួយថ្ងៃ បើរដ្ឋាភិបាលមិនចាត់វិធានការបន្ទាន់នៅទូទាំងផ្ទៃប្រទេសទេ”។ 

លោកវិជ្ជបណ្ឌិត Fauci បានបន្ថែមទៀតថា “យើងមិនអាចផ្ដោតសំខាន់នៅតែតំបន់ ដែលផ្ទុះករណីឆ្លងខ្លាំងនោះទេ ព្រោះវានឹងដាក់ប្រទេសទាំងមូលនៅក្នុងហានិភ័យបន្ថែម។ យ៉ាងណាក៏ដោយ យើងរំពឹងទុកថា នៅដើមឆ្នាំ ២០២១ ខាងមុខនឹងមានវ៉ាក់សាំង ឬឱសថសម្រាប់ប្រយុទ្ធប្រឆាំងនឹងវិរុសមួយនេះ”។ នៅអាមេរិកបច្ចុប្បន្ន រដ្ឋដែលផ្ទុះករណីឆ្លងច្រើនជាងគេមានយ៉ាងហោចណាស់ ១០ ដោយក្នុងនោះរួមានរដ្ឋ Florida និង Texas ដែលឆ្លងច្រើនជាងគេ។ ជាមួយគ្នានោះដែរ South Corolina បានក្លាយជាកន្លែងក្ដៅនៃការឆ្លង ដោយមួយថ្ងៃករណីឆ្លងកើនឡើងដល់ទៅ ១,៧៥៥ នាក់ក្នុងមួយថ្ងៃ នេះបើយោងតាមសេចក្ដីរាយការណ៍កាលពីថ្ងៃអង្គារកន្លងទៅ ខណៈរដ្ឋ Texas កើនឡើង ៦,៩៧៥ ករណី ក្នុងមួយថ្ងៃ។

គិតមកដល់ថ្ងៃដើមខែកក្កដា ម្សិលមិញនេះករណីឆ្លងវីរុសកូវីដ ១៩ នៅអាមេរិកកើនឡើងច្រើនជាង ២.៦៨ លាននាក់ហើយ ដែលអ្នកជាសះស្បើយមាន ៨២ ម៉ឺន ៦ ពាន់នាក់ និងស្លាប់កើនឡើងជិត ១៣ ម៉ឺននាក់ហើយ៕