ចិនគ្រោងសិក្សាពីលទ្ធភាពនៃការសាងសង់ផ្លូវដែកប្រវែង ៦៥០ គីឡូម៉ែត្រ តម្លៃ ៩ ពាន់លានដុល្លារ ក្នុងប្រទេសមីយ៉ាន់ម៉ា!

ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវដែកមួយនៃប្រទេសចិន ឈ្មោះថា China Railway Eryuan Engineering Group បានដាក់ពាក្យស្នើរសុំដើម្បីសិក្សាអំពីលទ្ធភាពសាងសង់ផ្លូវដែកល្បឿនលឿនកម្រិតមធ្យមមួយខ្សែប្រវែងជាង ៦៥០ គីឡូម៉ែត្រ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលតភ្ជាប់ពីតំបន់ឧស្សាហកម្ម និងកំពង់ផែឧស្សាហកម្មទឹកជ្រៅ នៅក្នុងខេត្ត Kyauk Pyu (ភាគនិរតី) មកកាន់ទីក្រុង Mandalay ជាទីក្រុងសំខាន់ទី ២ ស្ថិតនៅកណ្ដាលប្រទេសមីយ៉ាន់ម៉ា។ 

ក្រុមហ៊ុនសម្ព័ន្ធផ្លូវដែកប្រទេសចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា កាលពីខែតុលា ឆ្នាំ២០១៨ ហើយបើតាមការសែត Myanmar Times បញ្ជាក់ថាការចុះ MoU លើគម្រោងសិក្សាផ្លូវដែកខាងលើនេះ សម្ព័ន្ធផ្លូវដែកប្រទេសចិន នឹងត្រូវធ្វើកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយលោក U Nyi Nyi Swe នាយកគ្រប់គ្រងផ្លូវដែកប្រទេសមីយ៉ាន់ម៉ា ដែលគ្រោងចំណាយពេលចាប់ពី ២ ឆ្នាំទៅ ៣ ឆ្នាំដើម្បីសិក្សា។

គម្រោងនៃការភ្ជាប់ផ្លូវដែកពីទីក្រុង Mandalay ទៅកាន់ខេត្ត Kyauk Pyu ខាងលើនេះ គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៩ ពាន់លានដុល្លារ ដែលផ្លូវដែកមានប្រវែងខ្ទង់ ៦៥០ គីឡូម៉ែត្រ នឹងអនុញ្ញាតឲ្យប្រើប្រាស់រថភ្លើងល្បឿនទំនើបលឿនកម្រិតមធ្យម អាចរត់បានល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្លូវដែកភ្ជាប់ពីតំបន់ឧស្សាហកម្ម និងកំពង់ផែក្នុងខេត្ត Kyauk Pyu ទៅកាន់ទីក្រុង Mandalay គឺជាគម្រោងធំមួយ ស្មើនឹងគម្រោងពាក់កណ្ដាលផ្លូវនៃការភ្ជាប់តំបន់ឧស្សាហកម្មខេត្ត Kyauk Pyu ប្រទេសមីយ៉ាន់ម៉ា ទៅកាន់ខេត្ត Muse (ព្រំប្រទល់ជាមួយប្រទេសចិន) ដែលស្ថិតនៅក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ (BRI) មានប្រវែង ១,២១៥ គីឡូម៉ែត្រ គ្រោងនឹងចំណាយទឹកប្រាក់ជាង ២០ ពាន់លានដុល្លារ ហើយផ្លូវនោះនឹងអាចភ្ជាប់បន្ដទៅកាន់ទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិនផ្ទាល់តែម្ដង។ ដូចនេះ វានឹងជួយសម្រួលដល់ការអភិវឌ្ឍន៍កំពង់ផែ និងតំបន់ឧស្សាហកម្មខេត្ត Kyauk Pyu ដែលនឹងបម្រើសេវាកម្មច្រកសមុទ្រ និងការដឹកជញ្ជូនទំនិញចូលទៅកាន់ភាគខាងត្បូងប្រទេសចិន តាមច្រកឈូងសមុទ្រ Bengal នៃប្រទេសមីយ៉ាន់ម៉ា។