សួនវប្បធម៌សម្តេចវិបុលបញ្ញា សុខ អាន នឹងលេចជារូបរាងនៅស្រុកគិរីវង់ ខេត្តតាកែវ!

ខេត្តតាកែវ៖ សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ជាសួនដ៏ស្រស់ត្រកាលមួយ កំពុងរៀបចំសាងសង់ ស្ថិតនៅតាមបណ្ដោយជាតិលេខ ២ នៅមាត់អាងបឹងទន្លាប់ ឃុំព្រះបាទជាន់ជុំ ទីរួមស្រុកគិរីវង់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់សម្តេចវិបុលបញ្ញា សុខ អាន តែម្ដង។ 

យោងតាមគេហទំព័រផ្លូវការ រដ្ឋបាលស្រុកគិរីវង់ បានបង្ហាញថា គម្រោងនៃការរៀបចំសួននេះ មានទំហំផ្ទៃក្រឡាសរុប ៥០,០០០ ម៉ែត្រការ៉េ ប្រវែងទទឹង ១០០ ម៉ែត្រ និងបណ្ដោយ ៥០០ ម៉ែត្រ ដែលថវិកាសាងសង់ទាំងស្រុង ត្រូវបានឧបត្ថមគាំទ្រដោយក្រុមគ្រួសាររបស់សម្ដេចវិបុលបញ្ញា។ 

សួនវប្បធម៌សម្ដេចវិបុលបញ្ញា មានរចនាបទលក្ខណៈជាខ្មែរ នឹងមានការសាងសង់នូវរូបបដិមា សម្ដេចវិបុលបញ្ញា សុខ អាន, មានសាងសង់បណ្ណាល័យ, ទីលានកីឡា និងកន្លែងហាត់ប្រាណ, ហាងកាហ្វេ, កន្លែងក្មេងលេង, ចំណតរថយន្ដ និងទោចក្រយានយន្ដ, កន្លែងអង្គុយលំហែ, ផែទូក, រោងទូកង, កន្លែងឆ្លុះកែវយឹត, បន្ទប់ទឹកសាធារណៈ និងទីលានប្រារព្ធពិធីផ្សេងៗ។ 

សមិទ្ធផលមួយនេះ គឺជាចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋស្រុកគិរីវង់ ពីសំណាក់ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន ហើយសួនវប្បធម៌នេះ នឹងជួយលើកកម្ពស់មុខមាត់សោភ័ណ្ឌភាពស្រុកគិរីវង់ ខេត្តតាកែវ ឲ្យកាន់តែស្រស់បំព្រងទ្វេរដង ពិសេសគឺជាកន្លែងសម្រាកលំហែកាយ លេងកីឡា ហាត់ប្រាណរបស់ប្រជាពលរដ្ឋ និងការរៀបចំប្រារព្ធពិធីផ្សេងទៀតៗដូចជាការប្រណាំងទូកជាដើម។ 

បន្ថែមពីនេះទៀត សួននេះក៏បានសាងសង់នៅទីតាំងតំបន់ទេសចរណ៍ប្រចាំខេត្ត គឺអាចមើលឃើញប្រាសាទបាយ៉ង់កោ ដែលស្ថិតនៅលើកំពូលភ្នំបាយ៉ង់កោ ដូចនេះវានឹងជួយទាក់ទាញការមកកម្សាន្ដរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទីនោះបន្ថែមទៀត។