កំណែលម្អសួននៅមុខប្រាសាទអង្គរវត្ត អនុវត្តបានប្រមាណ ៦០% ហើយ!

អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមគម្រោងរៀបចំសួនច្បារ និងដាំកូនឈើ មុខប្រាសាទអង្គរវត្តចាប់ពីតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ សម្រាប់លើកសម្រស់រមណីយដ្ឋានអង្គរឲ្យមានសភាពបៃតងខួបប្រាំងខួបវស្សា កែប្រែសោភ័ណភាពប្រាសាទបុរាណខ្មែរឲ្យកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។ គិតមកទល់ខែកក្កដានេះ ការអនុវត្តគម្រោងរៀបចំសួនលម្អមុខប្រាសាទអង្គរវត្តសម្រេចបាន ៦០% មកហើយ ដែលក្រុមការងារអាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ឲ្យបានមុនដំណាច់ឆ្នាំ ២០២០ ខាងមុខនេះ។ 

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ក្រុមការងារកំពុងតែមមាញឹករៀបចំសួនច្បារដាំស្មៅ ដាំផ្កា និងដើមឈើ នៅមុខបរិវេណប្រាសាទអង្គរវត្ត ដើម្បីពន្លឿនការងារកែប្រែបរិវេណមុខប្រាសាទប្រកបដោយសោភ័ណភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរមកទស្សនា និងលើកតម្លៃបេតិកភ័ណ្ឌជាតិខ្មែរ។ គម្រោងខាងលើនេះ នឹងព្យាយាមឲ្យបានរួចរាល់មុនដំណាច់ឆ្នាំ ២០២០ ដូចនេះផែនការនៃការកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត នឹងចាំទទួលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ថមថយចុះទៅ។

លោកបន្ថែមទៀត អាជ្ញាធរជាតិអប្សរាមិនត្រឹមតែមានគម្រោងកែលម្អសួននេះប៉ុណ្ណោះទេ គឺមានគម្រោងជាច្រើនទៀតដែលក្រុមការងារបច្ចេកទេសកំពុងអនុវត្ត រួមមាន កិច្ចការជួសជុលផ្លូវថ្នល់ ទាំងបរិវេណវង់តូច និងវង់ធំ, កិច្ចការងារអភិរក្សប្រាង្គប្រាសាទមួយចំនួន, និងការងារពង្រីកគម្របព្រៃឈើ ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរ -ល- ដែលកិច្ចការទាំងនេះជារបបគំហើញថ្មីក្នុងការផ្ដល់ព័ត៌មានបែបវិទ្យាសាស្ត្រ និងព័ត៌មានបែបបុរាណវិទ្យា ដើម្បីទាក់ទាញភ្ញៀវទេសចរក្រោយជំងឺកូវីដ-១៩ បានថមថយ។