ជប៉ុន រងការវាយប្រហារដោយគ្រោះទឹកជំនន់ និងបាក់ដី និងកំពុងបាត់ខ្លួន ១៣ នាក់

តូក្យូ៖ កាលពីថ្ងៃសៅរ៍កន្លងទៅម្សិលមិញនេះ ផ្នែកខ្លះនៃប្រទេសជប៉ុន បានរងគ្រោះធ្ងន់ធ្ងរ ក្រោមការវាយប្រហារ នៃភ្លៀង ដែលនាំមកនូវគ្រោះទឹកជំនន់ និងបាក់ដីជាច្រើនកន្លែង ធ្វើឲ្យប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ ជាពិសេសកំពុងបាត់ខ្លួនមនុស្សចំនួន ១៣ នាក់ នេះបើយោងតាមប្រភពព័ត៌មានផ្លូវការរបស់អាជ្ញាធរក្នុងតំបន់។

ភ្នាក់ងារអាកាសធាតុជាតិរបស់ជប៉ុន បានប្រកាសអាសន្នភ្លាមៗ ក្រោយពេលអាកាសធាតុប្រែប្រួលយ៉ាងឆាប់រហ័ស ដែលបាននាំមកនូវភ្លៀងធំ និងគ្រោះទឹកជំនន់ ប៉ះពាល់ទៅដល់ការរស់នៅ និងអាយុជីវិតរបស់ប្រជាជន។ ការប្រកាសអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីតំបន់ចំនួនពីររួមមាន Kumamoto និង Kagoshima នៅលើដែនកោះ Kyushu ត្រូវបានវាយប្រហារដោយទឹកជំនន់ និងមានការបាក់ដីជាបន្តបន្ទាប់។ ប្រភពព័ត៌មានអន្តរជាតិ បានបញ្ជាក់ថា រដ្ឋាភិបាលប្រចាំតំបន់ បានបង្គាប់ឱ្យប្រជាជនប្រមាណជា ៧៥,០០០ នាក់ធ្វើការភាសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាព ជាសវាងផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត។

មិនត្រឹមតែទឹកជំនន់ប៉ុណ្ណោះទេ ថែមទាំងមានការបាក់ដីជាបន្តបន្ទាប់ ដែលធ្វើឱ្យខូចខាតទៅគេហដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ធ្ងន់ធ្ងរ ដូចជាដាច់ភ្លើង ដាច់ផ្លូវ បាក់ស្ពាន ទំនប់ទឹក ផ្លូវរថភ្លើង និងជាច្រើនផ្សេងៗទៀត ដែលតម្រូវឱ្យប្រតិបត្តិការនៅក្នុងតំបន់ផ្អាកដំណើរការជាបណ្ដោះអាសន្ន រង់ចាំការធូស្បើយឡើងវិញ។ ក្រោយពេលកើតហេតុភ្លាមៗ ក្រុមសង្គ្រោះបន្ទាន់ និងកងកម្លាំងទាហានជប៉ុន បានចុះទៅជួយសង្គ្រោះ និងស្វែងរកពលរដ្ឋជប៉ុនចំនួន ៣ នាក់ ដែលបានរាយការណ៍មកថា បាត់ខ្លួនក្នុងហេតុការណ៍ខាងលើ ដោយគិតមកល្ងាចថ្ងៃសៅរ៍ចំនួនអ្នកបាត់ខ្លួនកើនឡើងដល់ ១៣ នាក់ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ហើយអាជ្ញាធរជប៉ុន នៅតែបន្តឱ្យប្រជាជនធ្វើការភាសខ្លួនជាបណ្ដោះអាសន្នបន្តទៀត ដោយមិនទាន់ដឹងថា តើគ្រោះធម្មជាតិមួយនេះនឹងអាចស្ងប់ស្ងាត់ទៅវិញនៅពេលណានោះទេ។ ដោយឡែក សម្រាប់ការខូចខាត នៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។ គួរបញ្ជាក់ថា នេះគឺជារដូវការមានភ្លៀងធ្លាក់ច្រើននៅជប៉ុន ហេតុនេះគ្រោះធម្មជាតិអាចនឹងកើតមានឡើងជាញឹកញាប់ និងច្រើនកន្លែង ដែលរដ្ឋាភិបាលជប៉ុន កំពុងយកចិត្តទុកដាក់ តាមដានទៅលើអាកាសធាតុ ដើម្បីត្រៀមខ្លួនបង្ការ និងការពារ ករណីមានហេតុការណ៍ធម្មជាតិណាមួយ អាចកើតមានឡើងជាយថាហេតុ។