អាកាសយានដ្ឋានសំខាន់របស់ថៃ ផ្តល់ជូននូវការធ្វើតេស្តរកកូវីដ-១៩ យ៉ាងឆាប់រហ័ស សម្រាប់អ្នកដំណើរបរទេសដែលទើបតែមកដល់ប្រទេសរបស់ខ្លួន!

អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេសថៃ បានបង្ហាញការធ្វើតេស្តរកវីរុសកូរ៉ូណា យ៉ាងឆាប់រហ័សកាលពីថ្ងៃសុក្រនេះ សម្រាប់អ្នកដំណើរបរទេស ដែលទើបតែបានមកដល់ នៅបរិវេណអាកាសយានដ្ឋានរបស់ខ្លួន។ វាក៏ជាវិធានការណ៍ដំបូងនៃការបើកទ្វារ ទទួលភ្ញៀវទេសចរបរទេសឡើងវិញនៅដើមខែនេះ ក្រោយពីបានបិទទ្វារនិងហាមឃាត់នៃការមកដល់របស់ជនបរទេស ចូលក្នុងប្រទេសថៃ អស់រយៈពេលបីខែ កន្លងមក។

 

ជនបរទេសទាំងអស់ លើកលែងសម្រាប់អ្នកមានប័ណ្ណការងារ ត្រូវបានហាមឃាត់មិនឲ្យចូលមកក្នុងប្រទេសថៃ ចាប់តាំងពីខែមីនាមកម៉្លេះ ប៉ុន្តែបន្ទាប់ពីរយៈពេលជាង 5 សប្តាហ៍ ដោយគ្មានករណីថ្មីនៃ Covid-19 នៅតាមសហគមន៍របស់ខ្លួនរួចមក ប្រទេសថៃក៏បានអនុញ្ញាត ឲ្យក្រុមជនបរទេសមួយចំនួន ចូលមកក្នុងប្រទេសខ្លួនឡើងវិញ។

 

អ្នកធ្វើដំណើរបែបអាជីវកម្ម អ្នកការទូត និងភ្ញៀវរដ្ឋាភិបាល ដែលស្នាក់នៅតិចជាង 14 ថ្ងៃត្រូវបានគេចាត់ទុកថាជា "អ្នកដំណើរដែលមានកាផ្លាស់ទីលឿន ឬ Fast track travelers" ដែលនឹងត្រូវធ្វើតេស្តរក Covid-19 នៅអាកាសយានដ្ឋានសុវណ្ណភូមិជាមុនសិន ដើម្បីធានាថាពួកគេគ្មានការឆ្លង មុនពេលចូលមកកាន់ប្រទេសថៃ។

 

លោក Suwich Thammapalo មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងជម្ងឺរបស់ថៃ បាននិយាយថា “ការធ្វើតេស្តនេះ ត្រូវចំណាយពេលប្រហែល 90 នាទី។ ដែននៃការប្រើប្រាស់របស់ឧបករណ៍តេស្តទាំងនេះ អាចត្រូវបានពង្រីក នៅពេលអនាគតសម្រាប់ការមកដល់ របស់ភ្ញៀវទេសចរដទៃទៀត។”

 

ការធ្វើការតេស្តរកវីរុសកូរ៉ូណា នៅអាកាសយានដ្ឋាន មានតម្លៃ 3,000 បាត (96 ដុល្លារអាមេរិក) គឺជាតម្រូវការមួយសម្រាប់ fast track entry ដោយមិនចាំបាច់ចំណាយរយៈពេល 14 ថ្ងៃ សម្រាប់អនុវត្តច្បាប់នៃការដាក់ខ្លួនឲ្យនៅដាច់ពីគេនោះទេ ហើយការធ្វើតេស្តនេះ ក៏នឹងតម្រូវទៅលើ ជនបរទេសផ្សេងទៀត ដែលអនុញ្ញាតឲ្យចូលក្នុងប្រទេសថៃ នាពេលថ្មីៗនេះ រាប់ចាប់ពីអ្នកដែល ជាអ្នកស្នាក់នៅ ឬអ្នកមានគ្រួសារជាជនជាតិថៃនៅក្នុងប្រទេស ក៏ដូចជានិស្សិតអន្តរជាតិផងដែរ។

 

អ្នកនាំពាក្យក្រុមទទួលបន្ទុកលើការប្រឆាំងនឹងជម្ងឺឆ្លងរបស់ថៃ លោក Taweesin Wisanuyothin បាននិយាយថា ជនបរទេសប្រហែល 1,700 នាក់ បានដាក់ពាក្យសុំទៅព្យាបាលនៅប្រទេសថៃ ដូចជាការវះកាត់កែសម្ផស្ស ឬការព្យាបាលទៅលើការមានកូន បន្ទាប់ពីច្បាប់នៃការហាមឃាត់ លើវិស័យទេសចរណ៍វេជ្ជសាស្ត្រ ត្រូវបានលុបចោលកាលពីដើមខែនេះ។

 

លោកក៏បានបន្ថែមថា រដ្ឋាភិបាលកំពុងពិចារណាលើផែនការ ដើម្បីបើកការធ្វើដំណើរអន្តរជាតិបន្ថែមទៀត ជាមួយនឹងការរៀបចំបែប “travel bubble” ជាមួយបណ្តាប្រទេសមួយចំនួន នៅក្នុងខែកញ្ញាខាងមុខនេះ។

 

ក្រុមប្រឹក្សាទេសចរណ៍ថៃ ប៉ាន់ស្មានថា នៅពេលដែលជំងឺឆ្លងរាតត្បាត បានជះឥទ្ធិពលអាក្រក់ដល់ការធ្វើដំណើរ ប្រទេសថៃត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន 8 លាននាក់នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះ 80% បើប្រៀបធៀបទៅនឹងឆ្នាំមុននេះ បើទោះបីជាក្រុមប្រឹក្សាទេសចរណ៍ថៃ រំពឹងថាវិស័យនេះនឹងងើបឡើងវិញនៅឆ្នាំ 2021 ក៏ដោយ។

 

គួររំលឹកផងដែរថា កាលពីឆ្នាំមុន ប្រទេសថៃទទួលបានលំហូរនៃភ្ញៀវទេសចរបរទេសប្រមាណ 39.8 លាននាក់ ស្មើនឹងប្រមាណ 11% នៃផលិតផលក្នុងស្រុកសរុប (11% of GDP in 2019)។