ប្រជាជនចិនប្រមាណជា ១៥ លាននាក់ បានកំពុងរងគ្រោះដោយសារទឹកជំនន់!

ចិន៖ គិតចាប់តាំងពីខែមិថុនាមក ប្រជាជនចិនបានរងគ្រោះដោយសារតែទឹកជំនន់ នៅតាមតំបន់ជាច្រើន ជាពិសេសតំបន់ ដែលនៅក្បែដងទន្លេ ស្របពេលចិន បានឈានដល់រដូវវស្សា នាំមកនូវភ្លៀងធ្លាក់ហួសកម្រិត ធ្វើឱ្យមានការជន់លិចនៅតាមតំបន់ជាច្រើន។ អាជ្ញាធរជាតិចិន កាលពីពេលថ្មីៗកន្លងទៅនេះ ក៏បានចេញសេចក្ដីប្រកាសព្រមាន អំពីការប្រកាសអាសន្ន ជុំវិញគ្រោះទឹកជំនន់ ដែលនឹងបន្តកើតមានឡើងនៅតាមតំបន់ជាច្រើនផ្សេងទៀត ហើយពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់។

អាជ្ញាធរចិន កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះ បានប្រកាសព័ត៌មានទោដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសខេត្ត និងតំបន់ ដែលនៅតាមដងទន្លេ Yangtze River ជាដងទន្លេមានប្រវែងវែងជាងគេនៅក្នុងទ្វីបអាស៊ី អំពីការកើនឡើងខ្ពស់នូវកម្ពស់ទឹក ដែលអាចជនលិចនៅគ្រប់ពេលវេលា។ ភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ គិតចាប់តាំងពីខែមិថុនា រហូតមកដល់ខែកក្កដានេះ ដែលធ្វើឱ្យដងទន្លេច្រើនជាង ៤០០ នៅទូទាំងប្រទេសចិនពេញ ហើយខ្លះបានជនលិចផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាការខាតបង់ក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក។ អាជ្ញាធរចិន បានគូសបញ្ជាក់ថា គ្រោះធម្មជាតិនេះ បានធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាជនប្រមាណជា ១៥ លាននាក់ ហើយក្នុងនោះមាន ១៤១ នាក់បានស្លាប់។

ជុំវិញករណីគ្រោះធម្មជាតិដោយទឹកជំនន់នៅចិននាឆ្នាំនេះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹករបស់ចិន បានលើកឡើងអំពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងប្រឆាំងក្នុងករណីខាងលើ ដោយកំណត់យកគោលដៅចំបងចំនួន ៣ ដើម្បីបញ្ជៀសហានិភ័យ ប្រសិនបើកម្ពស់ទឹកនៅតែបន្តកើនឡើង។ លោករដ្ឋមន្ត្រីបានកំណត់យក ដងទន្លេ Yangtze River បឹង Tai Lake ស្ថិតនៅក្នុងខេត្ត Jiangsu និងទន្លេ Huai River ដើម្បីត្រៀមបូមទឹកបញ្ជូល ដែលអាចជួយកាត់បន្ថយការជនលិច នៅតាមទីប្រជុំជនរបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមអន្តរាគមន៍ពីសំណាក់កងទព្ធចិន។ 

ការវាយប្រហារដោយគ្រោះទឹកជំនន់នេះ នៅមិនទាន់បញ្ចប់នៅឡើយទេ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅតាមតំបន់ និងខេត្តជាច្រើន ហើយប្រជាជន ដែលកំពុងរស់នៅតំបន់ ដែលអាចនឹងរងគ្រោះ ត្រូវបានអាជ្ញាធរព្រមាន ឱ្យត្រៀមខ្លួនដើម្បីរកទីគន្លែងមានសុវត្ថិភាពជាមុនហើយ។ គួរបញ្ជាក់ថា ការជុនលិចក្នុងឆ្នាំ ២០២០ នេះ ត្រូវបានអាជ្ញាធរចិនកំណត់ថា ជាការកើនឡើងនៃកម្ពស់ទឹកជំនន់ ដែលមិនធ្លាប់ជួបប្រទះពីមុនមក គិតចាប់តាំងពីឆ្នាំ ១៩៦១ មក នៅលើដងទន្លេ Yangtze River។