តំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង ជាសហគមន៍ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ កំពុងបញ្ចេញសម្រស់នៅរដូវវស្សា!

តំបន់ទេសចរណ៍រ៉ាមសារ (Ramsar) ឬហៅថាតំបន់ដីសើម (Wetland) គឺជាតំបន់ព្រៃលិចទឹក និងអភិរក្សសត្វស្លាបដ៏សំខាន់មួយប្រចាំខេត្តស្ទឹងត្រែង បានក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលមួយ ដែលមានភ្ញៀវមកកម្សាន្ដមិនចេះដាច់ឡើយ ហើយបានបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍មូលដ្ឋាន។ 

លោក អ៊ន់ ប៉ោងសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឲ្យដឹងថា តំបន់រ៉ាមសារ គឺជាតំបន់ដីសើម មានកោះជាង ៥០ កោះ ដែលភ្ញៀវទេសចរអាចមកជិះទូក មើលសត្វស្លាប មើលព្រៃលិចទឹក ងូតទឹកលេងក្រោមម្លប់ឈើធំៗរាប់សិបពាន់ដើម អមទៅដោយឆ្នេរខ្សាច់សក្បុស ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ដមិនចេះដាច់ឡើយ។ លោកបន្ដថា តំបន់រ៉ាមសារ មានសម្រស់ស្រស់ស្អាត ខុសប្លែកពីតំបន់អេកូទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរដូវវស្សានេះ យើងអាចឃើញវាខ្សាច់សក្បុសផុសចេញពីផ្ទៃទឹក គយគន់សត្វបក្សីកម្រនៅកម្ពុជាជាច្រើនប្រភេទ និងជិះទូកតាមដងទន្លេមេគង្គដើមទស្សនាដើមរំជែង ដែលបានរំកោងឬសរយៀងយ៉ាងច្រើន និងបានផ្ដល់នូវធនធានយ៉ាងសម្បូរបែបដល់មច្ឆជាតិ។ 

លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅក្នុងឃុំអូស្វាយ មានភូមិចំនួន១០ ដែលស្ថិតនៅតំបន់រ៉ាមសារ មានប្រជាពលរដ្ឋជាង ១,៦៧០ គ្រួសារ ហើយប្រជាសហគមន៍នៅមូលដ្ឋានបានប្រមូលផ្ដុំគ្នាចងក្រងជាសហគមន៍តំបន់ទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់របស់ខ្លួន ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិប្រកបដោយនិរន្តភាព និងទទួលផលពីវិស័យទេសចរណ៍វិញ។ ក្នុងនោះដែរ ប្រជាសហគមន៍បានបង្កើតជាផ្ទះស្នាក់សហគមន៍ សេវាកម្មម្ហូបអាហារ បង្កើតកម្មវិធីកម្សាន្ដ និងកម្មវិធីវប្បធម៌ប្រចាំតំបន់ ដែលធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។ 

តំបន់រ៉ាមសារនេះ ទទួលផលពីក្នុងតំបន់និងពីភ្ញៀវទេសចរ ដូចជាការលក់ដូរ និងការស្នាក់នៅ អាចនិយាយបានថាមានសក្តានុពលអេកូទេសចរណ៍ធម្មជាតិសំខាន់ ដូច្នោះសូមសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមកទស្សនានៅតំបន់នេះ ដែលមានធម្មជាតិស្រស់ស្អាត ដូចជាហាល់ខ្សាច់ សត្វបក្សី និងមានស្តូបកេរិ៍តំណែលរបស់សម្តេចព្រះបរមរតនកោដ្ឋ កសាងតាំងពីឆ្នាំ១៩៦៤។