កម្ពុជា នៅតែប្រឈមមុខខ្ពស់ ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ សូមប្រយ័ត្ន

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី១៩ ខែកក្កដា ម្សិលមិញនេះ នៅកម្ពុជា ករណីឆ្លង និងរីករាលដាល នៃវីរុសកូវីដ ១៩ នៅតែបន្តទទួលបានលទ្ធផលជាអវិជ្ជមានដដែល ពោលគឺ ០ ករណី។ នេះគឺជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ក៏ប៉ុន្តែក្រសួងសុខាភិបាល បានប្រកាស និងព្រមានជាសាធារណៈ ថាកម្ពុជា នៅតែប្រឈមមុខខ្ពស់ ពីការឆ្លងវីរុសកូវីដ ១៩ ដដែល ខណៈពិភពលោកកើនឡើងច្រើនជាង ១៤ លានករណីហើយ។

យោងតាមសេចក្ដីប្រកាសរបស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខា និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានប្រកាសកាលពីពេលថ្មីៗកន្លងទៅនេះថា ប្រទេសកម្ពុជានៅមិនទាន់រួចផុតពីការចម្លងជំងឺកូវីដ-១៩ នៅឡើយនោះទេ។ ជាក់ស្ដែងក្រសួងសុខាភិបាល នៅតែរកឃើញមានករណីវិជ្ជកូវីដ ១៩ដែលជាការនាំចូលពីក្រៅប្រទេសជាបន្តបន្ទាប់។ សម្រាប់ពេលនេះ រាជរដ្ឋាភិបាល  នៅតែប្រកាន់ជំហរធ្វើចក្តាឡីស័ក្កចំពោះប្រជាពលរដ្ឋ និងភ្ញៀវបរទេស ដែលធ្វើដំណើរចេញចូលប្រទេសជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស និងសហគមន៍។ ករណីមានអ្នកល្មើស ឬមិនគោរពតាមគោលការណ៍ ជាចំណាត់ការរបស់រដ្ឋាភិបាលនោះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

មួយវិញទៀត កាលពីម្សិលមិញគិតត្រឹមព្រឹកម៉ោង ៨:១៥ នាទី កម្ពុជា ពុំមានករណីឆ្លងវីរុសកូវីដ ១៩ ថ្មីឡើយ តែមានអ្នកជាសះស្បើយចំនួន ០៣ នាក់បន្ថែមទៀត ដែលជាជនជាតិខ្មែរទាំង ៣ នាក់ ដូច្នេះចំនួនអ្នកសំរាកព្យាបាលនៅមន្ទីពេទ្យនៅសល់ ៣៣ នាក់ ខណៈចំនួនជាសះស្បើយសរុបគិតចាប់តាំងពីឆ្លងជាលើកដំបូងមានចំនួន ១៣៦ នាក់ ដោយគ្មានអ្នកស្លាប់ឡើយ។ លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការការពារ និងប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលបានអនុញាតឱ្យមន្ដ្រីរាជការ បុគ្គលិក និងកម្មករ កម្មការនី ឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រណីជាតិនាពេលខាងមុខ ដើម្បីជៀសផុតពីឆ្លងជំងឺកូវីដ-១៩។

ក្រសួងនៅតែទទូចឱ្យប្រជាពលរដ្ឋគ្រប់រូប នៅទូទាំងផ្ទៃប្រទេស បន្តយកចិត្តទុកដាក់ខ្ពស់ មិនត្រូវភ្លិចខ្លួន អំពីវិធានការទប់ស្កាត់ការឆ្លង និងរីករាលដាលនៃវីរុសកូវីដ ១៩ ឡើយ ព្រោះថា បើទោះបីជាកម្ពុជា ពុំទាន់មានតម្រុយថ្មីក៏ពិតមែន តែនៅតាមបណ្ដាប្រទេសអន្តរជាតិជាច្រើន បានកំពុងបន្តឆ្លង និងចំនួននៅទូទាំងពិភពលោក បានកើនហួស ១៤.៣ លាននាក់ហើយ៕

 

ប្រភព៖ ក្រសួងសុខាភិបាល