រដ្ឋាភិបាលចិន បានសម្រេចអនុញ្ញាតក្រុមហ៊ុនកសិកម្មនៅកម្ពុជាចំនួន ៦ នាំចេញផ្លែចេក ទៅកាន់ទីផ្សារប្រទេសចិន!

កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានសម្រេចអនុញ្ញាតដល់ក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និងក្រុមហ៊ុនកសិកម្មចំនួន ៥ ផ្សេងទៀតដែលរួមមានសហគ្រាស ចម្ការ និងរោងចក្រវេចខ្ចប់ នាំចេញផ្លែចេកនៃប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការ ជាលើកទី ៤។ 

បើយោងតាមការចុះផ្សាយលើគេហទំព័រហ្វេសប៊ុក ស្ថានទូតចិននៅកម្ពុជាបានឲ្យដឹងថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនកសិកម្មចំនួន ១៥ មកហើយ ដែលបានធ្វើការចុះបញ្ជីនាំចេញផលិតផលកសិកម្មចេក ទៅកាន់ទីផ្សារប្រទេសចិន ដោយមានការទទួលស្គាល់គុណភាព និងអនាម័យ។ ក្នុងនោះមានការដាំដុះចម្ការចេកចាង ៨,០០០ ហិកតា និងរោងចក្រវេចខ្ចប់ចំនួន ២១ កន្លែង ដែលបានជួយលើកកម្ពស់យ៉ាងល្អប្រសើរលើសមត្ថភាពកែច្នៃផលិតកសិ-ឧស្សាហកម្ម និងការនាំចេញផលិតផលកសិកម្មដំណាំចេកនៅកម្ពុជា ថែមទាំងបានបង្កើតការងារ និងប្រាក់ចំណូលជាច្រើនដល់ប្រជាពលរដ្ឋក្នុងតំបន់។ 

គូសបញ្ជាក់ផងដែរថា តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញចេកទៅបរទេសសរុប ១៥.៥៤ ម៉ឺនតោន សរុបជាទឹកប្រាក់ជាង ៥៩ លានដុល្លារ ចំណែកឯឆមាសទី១ ឆ្នាំ២០២០ នេះវិញ ចំនួននាំចេញបានកើនឡើងខ្ពស់ដល់ជាង ១៤ ម៉ឺនតោនហើយ សរុបជាទឹកប្រាក់ជាង ៦៨ លានដុល្លារ ហើយគោលដៅនាំចេញខ្ពស់មានទីផ្សារអឺរ៉ុប អាស៊ី អូស្ត្រាលី និងទីផ្សារសំខាន់ៗផ្សេងទៀត ដូចជាប្រទេសចិនជាដើម។