រោងចក្រអគ្គិសនីកម្លាំង ៤០០ មេហ្គាវ៉ាត់ នៅល្វាឯម ខេត្តកណ្ដាល សម្រេចការសាងសង់បាន ៩០% នឹងអាចដំណើរការនៅខែក្រោយ!

រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅ និងឧស្ម័នហ្គាស កម្លាំង ៤០០ មេហ្គាវ៉ាត់ និងអនុស្ថានីយអគ្គិសនីមួយកន្លែងទៀត មានកម្លាំង ២៣០ គីឡូវ៉ុល នៅក្នុងឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល សម្រេចការសាងសង់បាន ៩០% មកហើយ ដោយត្រៀមនឹងដាក់ដំណើរការនៅចុងខែសីហាខាងមុខនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការអគ្គិសនីក្នុងរាជធានីភ្នំពេញ និងផ្នែកមួយចំនួននៃខេត្តកណ្ដាល។ 

តាមការចុះត្រួតពិនិត្យការងារ ពីក្រុមបច្ចេកទេស ដែលដឹកនាំដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា រួមជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីម្សិលមិញនេះ បានឲ្យដឹងថា រោងចក្រអគ្គិិសនីដើដោយប្រេងខ្មៅ HFO និងឧស្ម័នហ្គាស LNG កម្លាំង ៤០០ គីឡូវ៉ាត់ និងអនុស្ថានីយអគ្គិសនីមួយកន្លែងទៀត កម្លាំង ២៣០ គីឡូវ៉ុល បានសម្រេចជារូបរាង ៩០% មកហើយ បន្ទាប់ពីការសាងសង់យ៉ាងមមារញឹករយៈពេល ៩ ខែមកនេះ គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៩។ 

គម្រោងរោងចក្រអគ្គិសនីកម្លាំង ៤០០ មេហ្គាវ៉ាត់នេះ ត្រូវចំណាយថវិកាសាងសង់ប្រមាណ ៣៥០ លានដុល្លារ ក្នុងនោះ រាជរដ្ឋាភិបាល បានបញ្ជាទិញម៉ាស៊ីនភ្លើងកម្លាំង ២០០ មេហ្គាវ៉ាត់ពីប្រទេសហ្វាំងឡង់ ចំណាយទឹកប្រាក់ជាង ១៧៧.៥ លានដុល្លារ និងបញ្ជាទិញម៉ាស៊ីនភ្លើង កម្លាំង ២០០ មេហ្គាវ៉ាត់ទៀតពីប្រទេសអាល្លឺម៉ង់ ចំណាយទឹកប្រាក់ ១៨០ លានដុល្លារ ដើម្បីទទួលបានថាមពលអគ្គិសនីអនុភាព ៤០០ មេហ្គាវ៉ាត់។ 

គម្រោងរោងចក្រនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន China National Heavy Machinery Corporation ដែលសាងសង់លើផ្ទៃដីទំហំ ៤៣ ហិកតា ចែកចេញជា ២ អគារដោយឡែកពីគ្នា ដោយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធនេះអស់ប្រមាណជា ២៥ លានដុល្លារ។