សំណង់ផ្ទះបណ្ដោះអាសន្ន ក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានផ្លាស់ប្ដូរទៅរស់នៅលើដីឡូត៍ស្របច្បាប់ នៅប្រឡាយបេតុងស្ទឹងមានជ័យវិញ!

តាមប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេលជាង ២០ ចុងក្រោយនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍន៍ ជាមួយកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជន ស្របពេលជាមួយគ្នានោះដែរ ប្រជាពលរដ្ឋបានចំណាកស្រុកមករស់នៅរាជធានីភ្នំពេញច្រើន ហើយប្រជាពលរដ្ឋមួយចំនួនបានសាងសង់លំនៅដ្ឋានលើដីសាធារណៈរបស់រដ្ឋ។ ជាក់ស្ដែង ប្រឡាយស្ទឹងមានជ័យ ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារបានមករស់នៅលើប្រឡាយ និងធ្វើឲ្យកកស្ទះចរន្ដទឹកហូរ បណ្ដាលឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀង នៅភាគខាងលិចរាជធានីភ្នំពេញ។ 

ដើម្បីដោះស្រាយបញ្ហាចរន្ដបង្ហូរទឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររៀបចំដែនដីនគរូបនីយកម្ម និងការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកក្នុងរាជធានី ដោយការស្ដាពង្រីកប្រឡាយទឹកឡើងវិញ និងស្ថាបនាបេតុងជញ្ជាំង ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។ ជាក់ស្ដែង ប្រឡាយស្ទឹងមានជ័យ ដែលមានប្រវែងសរុប ១,៤៩៨ ម៉ែត្រ គិតចាប់ពីស្ពានអាកាសស្ទឹងមានជ័យ ទៅដល់ទ្វារទឹកដើមស្លែង (ផ្លូវ ៣១៧ ឬផ្លូវសូឡា) ត្រូវបានពង្រីកទទឹងធំជាងមុនដល់ ៨ ម៉ែត្រ ចាក់ជម្រៅជ្រៅជាងមុន ថែមទាំងស្ថាបនាផ្លូវធ្វើដំណើរអមសងខាងប្រឡាយទំហំ ៦ ម៉ែត្រ និង ២ ម៉ែត្រផងដែរ។ 

ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់រស់នៅលើប្រឡាយស្ទឹងមានជ័យ ត្រូវតាំងទីលំនៅបណ្ដោះអាសន្នក្រោមស្ពានអាកាសស្ទឹងមានជ័យ រង់ចាំការស្ថាបនារៀបចំរួចរាល់ និងការផ្ដល់ប្លង់ដីកម្មសិទ្ធស្របច្បាប់ពីរាជរដ្ឋាភិបាល ដើម្បីសាងសង់លំនៅដ្ឋានថ្មី។

តាមគោលនយោបាយឈ្នះៗរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានរៀបចំពុះដីឡូតិ៍សម្បទានដីជូនប្រជាពលរដ្ឋដោយស្របច្បាប់ទំហំ ៤ ម៉ែត្រ x ៦ ម៉ែត្រតាមបណ្ដោយប្រឡាយស្ទឹងមានជ័យនោះ ប្រជាពលរដ្ឋប្រមាណ ៨៥% បានសាងសង់ផ្ទះថ្មតាមដងប្រឡាយមកហើយ ចំណែកឯសំណង់ផ្ទះបណ្ដោះអាសន្ន នៅក្រោមស្ពានអាកាសស្ទឹងមានជ័យនេះ ក៏បានផ្លាស់ប្ដូរទៅសង់លំនៅដ្ឋានតាមប្លង់ដីដែលរាជរដ្ឋាភិបាលបានបែងចែកជូនផងដែរ។ គិតមកទល់ចុងខែកក្កដានេះ គម្រោងស្ថាបនាប្រឡាយស្ទឺងមានជ័យបានឈានចូលដំណាក់ចុងក្រោយរួចរាល់ ដូចនេះប្រជាពលរដ្ឋអាចសាងសង់លំនៅដ្ឋានបាន និងរៀបចំរុះរើលំនៅដ្ឋានក្រោមស្ពានអាកាសឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឡើងវិញ។