រាជរដ្ឋាភិបាលកម្ពុជា បន្ដលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះអាជីវកម្មងាយរងគ្រោះពីវិបត្តិជំងឺកូវីដ-១៩ រយៈពេល ២ ខែថែមទៀត!

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបន្ដលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះអាជីវកម្មងាយរងគ្រោះពីវិបត្តិជំងឺកូវីដ-១៩ ទាំងអស់ ដែលរួមមាន សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត, និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ២ ខែបន្ថែមទៀត ចាប់ពីសីហា និងខែកញ្ញា ឆ្នាំ២០២០។ 

ក្នុងស្ថានភាពដែលពិភពលោកនៅតែមិនទាន់បានធូរស្រាយពីការវាយប្រហារនៃវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩ ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យ និងវាយតម្លៃផលប៉ះពាល់នានា មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងរៀបចំវិធានការបន្ថែមចាំបាច់នានា សំដៅរក្សាលំនឹងសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាត្រៀមខ្លួនក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តជំងឺកូវីដ-១៩ ផងដែរ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបន្ដការអនុវត្តលើកលែងការបង់ពន្ធប្រចាំខែនូវវិស័យដែលងាយរងគ្រោះផ្សេងៗ រួមមមានបដិសណ្ឋារកិច្ច និងទេសចរណ៍ រយៈពេល ២ ខែបន្ថែមទៀត។ លើសពីនេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងកម្មករ-និយោជិត ដែលងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ក៏ត្រូវអនុវត្តបន្ដរយៈពេល ២ ខែទៀតដូចគ្នារួមមាន៖ 

១. ផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុងមួយខែ ជូនកម្មករ-និយោជិត ១ នាក់ ដែលបម្រើការនៅក្នុងវិស័យទេសចរណ៍ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, និងភ្នាក់ងារទេសចរណ៍ ចាប់ពីខែសីហា ដល់កញ្ញា ឆ្នាំ២០២០។

២. ផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុងមួយខែ ជូនកម្មករ-និយោជិត ១ នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយណភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប ក្នុងខែសីហា និងកញ្ញា ឆ្នាំ២០២០។ ចំណែករោងចក្រ-សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន ៣០ ដុល្លារទៀតសម្រាប់កម្មករ-និយោជិក ១ នាក់ (ជាសរុប កម្មករនិយោជិកម្នាក់ ទទួលបានការឧបត្ថម្ភ ៧០ ដុល្លារ ក្នុងមួយខែ)។