ក្រសួងសុខាភិបាល ស្នើអភិបាលខេត្តជាប់ព្រំដែនវៀតណាម បង្កើនការប្រុងប្រយ័ត្នខ្ពស់ បញ្ជៀសការចម្លងតាមសហគមន៍!

នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានចេញសេចក្ដីប្រកាស ជម្រាបជូនដល់សាធារណៈជន ដោយផ្អែកតាមព័ត៌មានពីប្រទេសវៀតណាមថ្មីៗនេះ អំពីការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ បានផ្ទុះឡើងនៅទីក្រុងដាណាង និងបានរាលដាលមកដល់ភាគកណ្ដាលនៃប្រទេសវៀតណាម រួមមានទីក្រុងហាណូយ និងហូជីមិញផងដែរ។ 

ហេតុដូចនេះ ទើបក្រសួងសុខាភិបាល បានប្រកាសជម្រាបជូនដល់អភិបាលខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម និងប្រជាពលរដ្ឋទាំងអស់ដើម្បីបង្កើនការប្រុងប្រយ័ត្ននូវការចម្លងតាមសហគមន៍ចូលមកដល់ប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនវៀតណាម រួមមាន ខេត្តកំពត កែប តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី នូវវិធានការដូចតទៅ៖

១. អាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិសេសខេត្តជាប់ព្រំដែនវៀតណាម ត្រូវបង្កើនការត្រួតពិនិត្យលើអ្នកដំណើរចេញ-ចូលតាមច្រកព្រំដែន ឲ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រួតពិនិត្យសុខភាព និងធ្វើតេស្ដរកមេរោគកូវីដ-១៩ សម្រាប់សិស្ស និស្សិត ដែលត្រលប់មកពីប្រទេសវៀតណាម និងអ្នកដំណើរដែលសង្ស័យ ពុំឲ្យមានការធ្វើប្រហែសឡើយ។

២. ពិនិត្យតាមដាន ឬយកសំណាក និងរាយការណ៍តាមទូរសព្ទទាន់ហេតុការ នូវរាល់ករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ ឬករណីគ្រុនក្ដៅ គ្រុនផ្ដាសាយ ឬបញ្ហាផ្លូវដង្ហើមណាមួយ។ 

៣. អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ ឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងណែនាំចុះផ្សព្វផ្សាយការការពារជំងឺឆ្លងកូវីដ-១៩ ព្រមទាំងជំរុញទឹកចិត្តប្រជាជនក្នុងតំបន់ ឲ្យស្របតាមរបត់រស់នៅថ្មី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដោយប្រកាន់យកការអនុវត្តអនាម័យដៃស្អាត, ពាក់ម៉ាស, ប្រើក្រមា ឬក្រដាសជូតមាត់ ខ្ទប់ពេលមានក្អកឬកណ្ដាស់, រក្សាគម្លាតសុវត្ថិភាពសង្គម ប្រវែង ១.៥ ម៉ែត្រជាចាំបាច់។

៤. មិនត្រូវប្រមូលផ្ដុំគ្នាច្រើន ឬបង្ករភាពកុះករ ចៀសវាងការធ្វើដំណើរទៅកន្លែងដែលមានមនុស្សច្រើនពេក ហើយត្រូវប្រើប្រាស់ម៉ាសជាប់ជាប្រចាំ ពេលធ្វើដំណើរ។

៥. ម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ឬផ្ទះសំណាក់ និងកន្លែងកម្សាន្ដនានា ត្រូវអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួង ដែលបានផ្សព្វផ្សាយជារឿយៗ ដើម្បីធានាមិនមានការចម្លងជំងឺកូវីដ-១៩ នៅតាំងរបស់ខ្លួន។ 

៦. រាយការណ៍មកក្រសួងសុខាភិបាលឲ្យបានជាប្រចាំនូវរាល់ករណីសង្ស័យ ឬរកឃើញអសកម្មភាពណាមួយដែលអាចជាមូលហេតុនៃការចម្លងជំងឺកូវីដ-១៩

៧. ត្រូវបន្ដអប់រំសុខភាព និងវិធានការ បង្ការការចម្លងជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋតាមភូមិ ឃុំ ស្រុក ខេត្ត ឲ្យបានទូលំទូលាយជាប្រចាំ។ 

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យផ្អាក ឬពន្យាការធ្វើដំនើរទៅកាន់ប្រទេសវៀតណាម ជាពិសេសទៅតំបន់ដែលកំពុងផ្ទុះការរាតត្បាត បើមិនចាំបាច់ និងសូមអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ចេញ។ 

ប្រសិនបើមានបញ្ហាសុខភាព ឬចម្ងល់ផ្សេងៗ សូមទាក់ទងទៅលេខទូរសព្ទទាន់ហេតុការណ៍ ១១៥។

 

ប្រភព៖ ក្រសួងសុខាភិបាល