អភិបាលរងប្រចាំតំបន់កោះបាលី លោក Tjokorda Oka Artha បាននិយាយថា ខេត្តនេះ នឹងបើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវទេសចរក្នុងស្រុក ចាប់ពីថ្ងៃសុក្រនេះទៅ។
លោកបានមានប្រសាសន៍ថា ទិសដៅទេសចរណ៍ធម្មជាតិ និងវប្បធម៌នឹងត្រូវបានបើកសម្រាប់អ្នកទេសចរ ប៉ុន្តែកោះរមណីយដ្ឋានដ៏ពេញនិយមនេះ មិនទាន់បើកដំណើរការ កន្លែងកម្សាន្តរបស់ខ្លួនឡើងវិញ ដូចជាកន្លែងកម្សាន្ត រាត្រី និងកន្លែងខារ៉ាអូខេនៅឡើយទេ។ លោក Tjokorda បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា "ក្លឹបរាត្រីមិនត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញទេ។ កោះបាលីផ្តល់ជូននូវ ទិសដៅទេសចរណ៍ ជាច្រើនទៀត ដូចជាកន្លែងទេសចរណ៍ធម្មជាតិ ឬ វប្បធម៌។
លោកបាននិយាយថា សណ្ឋាគារនិងរមណីយដ្ឋានកោះបាលី បានត្រៀមរៀបចំ ការប្រជុំអាជីវកម្ម និងព្រឹត្តិការណ៍នានាផងដែរ។ រដ្ឋបាលកោះបាលីបច្ចុប្បន្ន កំពុងសហការជាមួយនឹង វិទ្យាស្ថានសិល្បៈវិចិត្រសិល្បៈឥណ្ឌូនេស៊ី Denpasar ដើម្បីប្រារព្ធពិធីល្ខោន និងរបាំប្រពៃណីផ្សេងទៀត។ ពួកគេកំពុងព្យាយាម រកវិធីដើម្បីអនុញ្ញាតឱ្យអ្នករបាំ ដើរនិងអនុវត្តតាម ពិធីការសុខភាព ខណៈពេលសម្តែងរបាំ kecak ដែលជារបាំប្រពៃណី ពាក់ព័ន្ធនឹងអ្នកសម្តែងរាប់សិបនាក់។
យោងតាមលោក Tjokorda រដ្ឋបាលកោះបាលី បានរៀបចំសម្រាប់ការបើកដំណើរការទេសចរណ៍ឡើងវិញ អស់រយៈពេលជាយូរមកហើយ។ រដ្ឋបាលមានផែនការបីដំណាក់កាល សម្រាប់បន្ធូរបន្ថយទៅលើការរឹតបន្តឹងច្បាប់នានា ដើម្បីស្វាគមន៍ភ្ញៀវទេសចរទៅកាន់កោះឡើងវិញ។ ដំណាក់កាលទី 1 បានចាប់ផ្តើមនៅថ្ងៃទី 9 កក្កដា នៅពេលរដ្ឋបាល ចាប់ផ្តើមបើកអាជីវកម្មក្នុងស្រុក និងកន្លែងទេសចរណ៍ សម្រាប់ប្រជាជននៅកោះបាលី។
ដោយឡែក សម្រាប់ដំណាក់កាលទី 2 នឹងត្រូវអនុវត្តនៅថ្ងៃទី 31 កក្កដានេះ ដោយបើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវទេសចរក្នុងស្រុក។ ដំណាក់កាលទី 3 ដែលកំពុងស្ថិតនៅលើគ្រោងការ បើកព្រំដែនសម្រាប់ភ្ញៀវទេសចរអន្តរជាតិឡើងវិញនោះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី 11 ខែកញ្ញាខាងមុខ។
មុនពេលទៅដល់កោះបាលី អ្នកទស្សនាទាំងអស់ ក៏គួរតម្លើងកម្មវិធី LOVEBALI ដែលអាចទាញយកបានតាមរយៈ គេហទំព័រផ្លូវការរបស់រដ្ឋាភិបាល https://lovebali.baliprov.go.id ។ កម្មវិធីនេះត្រូវបានប្រើជាវេទិកាសម្រាប់អ្នកទស្សនា ដើម្បីរាយការណ៍អំពីបញ្ហា ឬការរិះគន់ទៅលើអ្វីមួយ ពេលដែលពួកគេ នៅលើតំបន់កោះបាលី។ អ្នកទស្សនាក៏ត្រូវបានលើកទឹកចិត្ត ឱ្យបើកដំណើរការមុខងារ GPS នៅលើស្មាតហ្វូនរបស់ពួកគេជានិច្ច នៅលើកោះផងដែរ ជៀសវាងក្នុងប្រការចាំបាច់ណាមួយ ដែលអាចកើតមានឡើង។
លោក Tjokorda បានសម្តែងក្តីសង្ឃឹមថា ការបើកដំណើរការឡើងវិញនេះ អាចត្រូវបានអនុវត្តតាមផែនការដែលបានគ្រោងទុក ក៏ព្រោះតែស្ថានភាព Covid-19 នៅតំបន់កោះ អាចគ្រប់គ្រងបាននៅឡើយ។ លោកបាននិយាយថា “ចំនួនអ្នកជម្ងឺដែលបានជាសះស្បើយពី Covid-19 គឺកំពុងកើនឡើង នៅប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ។
ទោះយ៉ាងណា លោកថា លោកមិនប្រាកដថា ផែនការបើកព្រំដែនសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចនឹងត្រូវអនុវត្តនៅថ្ងៃទី 11 កញ្ញា យ៉ាងណានោះទេ។ យើងកំពុងសម្របសម្រួល ជាមួយរដ្ឋាភិបាលកណ្តាល ទាក់ទងនឹងការហាមឃាត់ ជាបណ្តោះអាសន្ន ចំពោះការមកដល់ និងការធ្វើដំណើរឆ្លងកាត់របស់អ្នកដំណើរបរទេស ដែលមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិ របស់រដ្ឋមន្រ្តីសិទ្ធិមនុស្សលេខ 11/2020 ។ លោកបានបន្តថា លោកក៏នៅតែតាមដានពីស្ថានភាពឆ្លង Covid-19 នៅតាមបណ្តាប្រទេសខាងក្រៅ ក្នុងពេលបច្ចុប្បន្ននេះផងដែរ។
គិតមកត្រឹមថ្ងៃពុធនេះ កោះបាលីបានកត់ត្រាករណីឆ្លង Covid-19 សរុបចំនួន 3,310 ករណី ដោយមានការជាសះស្បើយឡើងវិញចំនួន 2,711 នាក់ និងអ្នកស្លាប់មានចំនួន 48 នាក់។