វៀតណាម ផ្ទុះករណីឆ្លងកូវី ១៩ ក្នុងអត្រាខ្ពស់មិនធ្លាប់មាន គិតចាប់តាំងពីខែមករាមក

ហាណូយ៖ ក្រោយការផ្ទុះករណីឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ នៅប្រទេសវៀតណាម ស្ថិតនៅក្នុងទីក្រុងដាណាង (Danang) កាលពីដើមសប្ដាហ៍កន្លងទៅនេះរួច អាជ្ញាធរមានសមត្ថកិច្ចរបស់វៀតណាមបានចាប់ផ្ដើម រកឃើញករណីឆ្លងជាបន្តបន្ទាប់ហើយ រហូតឈានដល់ការប្រកាសអាសន្ន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់​ ជុំវិញការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាម ចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅនេះ បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាម ដឹកនាំដោយក្រសួងសុខាភិបាល បានរកឃើញករណីឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ ថ្មីៗបន្ថែមទៀតហើយ។ ករណីឆ្លងថ្មីនេះ ត្រូវបានបញ្ជាក់ថាមានចំនួន ៤៥ នាក់ ដែលទាក់ទងទៅនឹង ការផ្ទុះនៃការឆ្លងវីរុសកូវីដ ១៩ នៅទីក្រុងដាណាង កាលពីពេលថ្មីៗកន្លងទៅ នៅតាមសណ្ឋាគារ និងមន្ទីពេទ្យ។ អត្រាឆ្លងនេះ គឺកើតមានឡើងនៅលើពលរដ្ឋវៀតណាម ដែលមានវ័យចន្លោះពី ២៧ ទៅ ៨៧ ឆ្នាំ ជាតួរលេខខ្ពស់ជាងគេនៃការឆ្លង បើគិតចាប់តាំងពីខែមករា ដើមឆ្នាំ ២០២០ មក។

ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា ករណីឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងផ្ទៃប្រទេស គិតចាប់តាំងពីដើមឆ្នាំ ២០២០ មកដល់ចុងខែកក្កដា ម្សិលមិញនេះ មានចំនួនសរុប ៥០៩ ករណីហើយ។ ការឆ្លងនេះ ត្រូវបានដាក់ការសង្ស័យទៀតថា នឹងមានចំនួនច្រើនជាងនេះទៅទៀត តែអ្នកឆ្លងជំងឺនៅមិនទាន់មានអការៈ ឬផលលំបាកនៅក្នុងខ្លួននៅឡើយ។ ជុំវិញករណីឆ្លងថ្មីៗនេះ អាជ្ញាធររបស់ក្រសួងសុខាភិបាល បានធ្វើតេស្ដស្វែងរកវីរុសកូវីដ ១៩ នៅលើប្រជាពលរដ្ឋចំនួន ២១,០៦៣ នាក់ ដែលកាលពីពេលថ្មីៗកន្លងទៅនេះ បានជម្លៀសខ្លួនចេញពីទីក្រុងដាណាង មកស្នាក់នៅទីក្រុងហាណូយជាបណ្ដោះអាសន្នផងដែរ។

ទន្ទឹមនឹងការប្រកាសអាសន្នរបស់រដ្ឋាភិបាល នៃទីក្រុងហាណូយកាលពីពេលថ្មីៗកន្លងទៅរួច រដ្ឋាភិបាលនៃទីក្រុង ហូជីមិញ ស្ថិតនៅភាគខាតត្បូងនៃផ្ទៃប្រទេស ក៏បានប្រកាសចាប់ផ្ដើមអនុវត្តវិធានការ សម្រាប់ទប់ស្កាត់ការឆ្លងវីរុសផងដែរ ដោយបង្គាប់ឱ្យបិទផ្នែកកំសាន្តជាបណ្ដោះអាសន្ន ជាពិសេសកន្លែង ដែលប្រមូលផ្ដុំមនុស្ស បន្ទាប់ពីអាជ្ញាធរ ធ្វើតេស្ដរកឃើញករណីឆ្លងចំនួន ២ នាក់ ក្នុងចំណោមប្រជាជន ១៨,០០០ នាក់ ដែលទើបធ្វើដំណើរមកពីទីក្រុងដាណាងកាលពីពេលថ្មីៗ។ គូររំលឹកថា វៀតណាម បានស្ងប់ស្ងាត់ករណីឆ្លង និងរីករាលដាលនៃវីរុសកូវីដ ១៩ នៅទូទាំងផ្ទៃប្រទេសអស់រយៈពេល ១០០ ថ្ងៃមកហើយ ដែលធ្វើឱ្យការរស់នៅក្នុងប្រទេសមានសភាពល្អប្រសើរបន្តិចម្ដងៗ ថែមទាំងបើកឱ្យមានការធ្វើដំណើរ និងជើងហោះហើរពីទីផ្សារអន្តរជាតិទៀត ក្នុងគោលដៅជួយទៅដល់សេដ្ឋកិច្ច៕