ឆ្នេរខ្សាច់ថ្មីមួយនៅខេត្តកំពត ត្រៀមបើកទទួលភ្ញៀវទេសចរណ៍នាឆ្នាំ​ ២០២១ ខាងមុខ

កំពត៖ ខេត្តកំពតនាពេលឆាប់ៗខាងមុខ នឹងបើកឱ្យភ្ញៀវទេសចរណ៍មកកំសាន្តលេង នៅឆ្នេរខ្សាច់ថ្មីមួយផ្សេងទៀត ដែលមានទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ខណៈពេលបច្ចុប្បន្ន បានកំពុងស្ថិតក្នុងការពន្លឿន ការឈូសឆាយ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធានាទៅដល់ភាពងាយស្រួល ទៅដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

យោងតាមប្រភពព័ត៌មាន ចេញផ្សាយដោយរដ្ឋបាលខេត្តកំពតបានឱ្យដឹងថា ឆ្នេរខ្សាច់ធំមួយ បាននឹងកំពុងត្រៀមដាក់ឱ្យដំណើរការសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកំសាន្ត មានទីតាំងស្ថិតនៅភូមិបឹងទូក ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ បច្ចុប្បន្ន រដ្ឋបាលខេត្តកំពត បានកំពុងជម្រុញការរៀបចំ ឆ្នេរខ្សាច់មួយនេះឱ្យមានភាពទាក់ទាញ និងសោភណ្ឌភាព នៅក្នុងល្បឿនលឿនមួយ ដើម្បីនាំភ្ញៀវទេសចរណ៍ឱ្យមកកំសាន្តច្រើននាពេលឆាប់ៗខាងមុខនេះ។ ជុំវិញការរៀងចំឆ្នេរខ្សាច់ថ្មីនេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ឆ្នេរថ្មីនឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកកម្សាន្តនៅខេត្តកំពតកាន់តែច្រើនបន្ថែមទៀត និងជាពិសេសវាជាកម្លាំងទាក់ទាញភ្ញៀវទេសចរថ្មីមួយនៅក្នុងខេត្តកំពត។

លោកបន្តឱ្យដឹងទៀតថា ខេត្តកំពតនាពេលបច្ចុប្បន្ន មិនទាន់មានឆ្នេរដូចបណ្តាខេត្តដែលនៅជាប់មាត់សមុទ្រមួយចំនួនរបស់កម្ពុជានោះទេ ពោលគឺខេត្តកោះកុង និងព្រះសីហនុ។ យ៉ាងណាក៏ដោយ ទីតំាងឆ្នេរដែលបាននឹងកំពុងរៀបចំនេះ មានលក្ខណៈអំណោយផល ដែលស្ថិតនៅមិនឆ្ងាយពីទីរួមខេត្តកំពតឡើយ ថែមទាំងស្ថិតនៅជិតរមណីយដ្ឋានភ្នំបូកគោ  និងរមណីយដ្ឋានទឹកឈូថែមទៀត ជាទីកន្លែងទេសចរណ៍ប្រមូលផ្ដុំ ដែលផ្ដល់ភាពងាយស្រួលទៅដល់ភ្ញៀវទេសចរណ៍ ក្នុងការធ្វើដំណើរមកកំសាន្ត។ តំបន់ឆ្នេរនេះ នឹងជួយទៅដល់ការផ្ដល់ចំណូល ដល់ពលរដ្ឋមូលដ្ឋាន និងបង្កើតទីផ្សារការងារកាន់តែច្រើននៅក្នុងតំបន់។

រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតមានឆ្នេរសមុទ្របច្ចុប្បន្នប្រវែង ៧៦ គីឡូម៉ែត្រ ប៉ុន្តែរដ្ឋបាលខេត្តនៅពុំទាន់មានឆ្នេរខ្សាច់ សម្រាប់បម្រើទៅដល់ភ្ញៀវទេសចរមកកំសាន្តនៅឡើយ។ ហេតុនេះហើយទើបរដ្ឋបាលខេត្ត សម្រេចធ្វើការរៀបចំឆ្នេរខ្សាច់ថ្មីមួយនេះឡើង ដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកសម្រាកកំសាន្ត ក្នុងឱកាសនៃថ្ងៃឈប់សម្រាក និងពិធីបុណ្យផ្សេងៗ ដែលនឹងចាប់ដំណើរការនាឆ្នាំ ២០២១ ខាងមុខនេះឯង៕

 

 

ប្រភព៖ រដ្ឋបាលខេត្តកំពត