វិស័យទេសចរណ៍ពិភពលោក ខាតបង់ជាង ៣២០ ពាន់លានដុល្លារ ដោយសារតែវីរុសកូវីដ ១៩

អង្គការសហប្រជាជាតិ (United Nation) កាលពីពេលថ្មីៗកន្លងទៅនេះបានប្រកាសអំពី ហានិភ័យរបស់ពិភពលោក ក្រោមការវាយប្រហារនៃវីរុសកូវីដ ១៩ ដែលបានចាប់ផ្ដើមចាប់តាំងពីដើមឆ្នាំ ២០២០ មក។ ជុំវិញការរងគ្រោះដោយសារតែជំងឺឆ្លងមួយនេះ វិស័យទេសចរណ៍បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយទំហំនៃការខាតបង់គឺរាប់រយពាន់លានដុល្លារ ជាការធ្លាក់ចុះក្នុងទំហំធំធេង និងក្នុងល្បឿនលឿនមិនគួរឱ្យជឿ។

របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ត្រឹមតែរយៈពេល ៥ ខែដំបូង នៃឆ្នាំ ២០២០ ពិភពលោកទាំងមូលបានរងគ្រោះយ៉ាងខ្លាំង ទាំងជីវិតមនុស្ស និងការខាតបង់លើវិស័យជាច្រើន។ UN បានសង្កត់ធ្ងន់ថា ត្រឹមតែវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ទំហំនៃការខាតបង់សរុបមានដល់ទៅជាង ៣២០ ពាន់លានដុល្លារអាមេរិក ដោយទំហំទឹកប្រាក់នេះគឺស្មើនឹងការខាតបង់ ៣ ដង បើធៀបទៅនឹងវិបត្តិសេដ្ឋកិច្ច កាលពីឆ្នាំ ២០០៩ កន្លងទៅ។ ស្ថិតក្នុងការខាតបង់នៃវិស័យទេសចរណ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ធំៗ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ដែលជាទូទៅបម្រើសេវាកម្មជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានខាតបង់ទឹកប្រាក់យ៉ាងច្រើន ហើយខ្លះឈានទៅដល់ការក្ស័យធន ឬបិទទ្វារជាបណ្ដោះអាសន្ន រង់ចាំមើលសភាពការណ៍កូវីដ ១៩ បន្តទៀត។

ប្រភពដដែលបានឱ្យដឹងទៀតថា ចំនួនធ្វើដំណើរជាអន្តរជាតិ នៃភ្ញៀវទេសចរណ៍បានធ្លាក់ច្រើនប្រមាណជា ៣០០ លាននាក់ ក្នុងអំឡុងពេលរងគ្រោះដោយវីរុសកូវីដ ១៩។ ការធ្លាក់ចុះនោះ បានរួមចំណែកពីការបិទប្រទេស ការដាក់ប្រទេសក្នុងគ្រាអាសន្ន ភាពភ័យខ្លាចនៃការឆ្លងជាដើម ដែលធ្វើឱ្យបិទច្រក និងមធ្យោបាយធ្វើដំណើរ​ ពិសេសការធ្វើដំណើរតាមជើងអាកាស។ លោក Zurab Pololikashvili អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងដូច្នេះថា “ទិន្នន័យចុងក្រោយនេះ សបង្ហាញពីសារៈសំខាន់នៃការចាប់ផ្តើមទេសចរណ៍ឡើងវិញ នៅពេលដែលមានសុវត្ថិភាព។ ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងវិស័យទេសចរណ៍អន្តរជាតិ បានធ្វើឱ្យជីវភាពរស់នៅរាប់លានត្រូវប្រឈមនឹងហានិភ័យ”។ 

ទន្ទឹមនឹងការឆ្លង និងរីករាលដាលនៃវីរុសកូវីដ ១៩ ប្រទេសមួយចំនួនបានចាប់ផ្ដើមរៀបចំ បើកឡើងវិញ នូវដំណើរការក្នុងផ្ទៃប្រទេសរបស់ខ្លួនឡើងវិញ ដើម្បីស្រួលទៅដល់សេដ្ឋកិច្ច និងរំពឹងទុកថា វិស័យទេសចរណ៍អាចនឹងងើបឡើងវិញនាឆ្នាំ ២០២១ ខាងមុខ។ យ៉ាងណាក៏ដោយ ប្រទេសមួយចំនួនបានបន្តរងគ្រោះសាជាថ្មី ជាក់ស្ដែងរួមមានអូស្ត្រាលី ហុងកុង កូរ៉េខាងត្បូង ជប៉ុន និងចិនជាដើម ដែលប្រកាសថាមានភាពល្អប្រសើរឡើងវិញ តែបានមួយរយៈពេលខ្លីក្រោយមក មានករណីឆ្លងថ្មីៗជាបន្តបន្ទាប់។ គួររំលឹកថា កាលពីឆ្នាំ២០១៩ កន្លងទៅ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានធ្វើដំណើរមានប្រមាណ ១.៥ ពាន់លាននាក់ ដោយប្រទេសបារាំង ឈរនៅលើតារាងកំពូល ដែលមានអ្នកទៅកំសាន្តច្រើនជាងគេ៕