ភ្នំ EVEREST បើកទទួលភ្ញៀវទេសចរណ៍ឡើងវិញ ក្រោយនេប៉ាល់បើកប្រទេស ទោះករណីឆ្លងនៅតែបន្ត

នេប៉ាល់៖ បន្ទាប់ពីប្រទេសនេប៉ាល់ សម្រេចបើកប្រទេសឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែកន្លងមក រដ្ឋាភិបាលប្រទេសនេះ បានសម្រេចបើកឱ្យទទួលភ្ញៀវទេសចរណ៍ឡើងវិញហើយ ក្នុងគោលបំណងស្ដារទៅដល់សេដ្ឋកិច្ច និងជួយទៅដល់វិស័យទេសចរណ៍ ដែលបានធ្លាក់ចុះយ៉ាងខ្លាំង គិតចាប់តាំងពីខែ មីនា មក ដែលនេប៉ាល់សម្រេចបិទប្រទេស ដើម្បីការពារ និងទប់ស្កាត់ពីការឆ្លង នៃវីរុសកូវីដ ១៩។

ប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយឱ្យដឹងថា រដ្ឋាភិបាលប្រទេសនេប៉ាល់ បានសម្រេចបើកប្រទេសឡើងវិញ ដោយក្នុងនោះបានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកកំសាន្តនៅតាមតំបន់ទេសចរណ៍សំខាន់ៗរបស់ខ្លួនឡើងវិញ តែត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាលបានកំណត់។ ក្នុងនោះ ភ្នំ Everest ដែលល្បីល្បាញ និងខ្ពស់ជាងគេបំផុតលើភពផែនដី នេះ ក៏នឹងត្រៀមបើកទទួលភ្ញៀវឡើងវិញផងដែរ ជាភ្នំរកប្រាក់ចំណូលជូនប្រទេសនេប៉ាល់ បានរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ និងបានរួមចំណែកផ្ដល់ប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទៀតផង។

ដើម្បីសម្រួលទៅដល់ភ្ញៀវទេសចរណ៍ រដ្ឋាភិបាលនេប៉ាល់ សម្រេចបើកឱ្យមានជើងហោះហើរពីអន្តរជាតិ មកកាន់អាកាសយានដ្ឋានក្នុងប្រទេសចាប់ពីថ្ងៃទី១៧ ខែសីហា ខាងមុខនេះតទៅ។ រាល់ភ្ញៀវទេសចរណ៍ដែលចូលមកដល់ទឹកដីប្រទេសនេប៉ាល់ទាំងអស់ត្រូវធ្វើតេស្ដសុខភាព ស្វែងរកវីរុសកូវីដ ១៩ ជាមុនសិន ទន្ទឹមនឹងការអនុវត្តវិធានចត្តាលីស័ក ក៏ប៉ុន្តែវិធានការទាំងនោះ នៅមិនទាន់ប្រកាសឱ្យអនុវត្តបាននៅឡើយទេ ខណៈពេលភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើន មានគោលបំណងឡើងភ្នំខ្ពស់ៗ ស្ថិតក្នុងរដូវការមម៉ាញឹកខ្លាំងប្រចាំឆ្នាំ។

ការសម្រេចបើកប្រទេស និងទទួលភ្ញៀវទេសចរណ៍នៅប្រទេសនេប៉ាល់ គឺជាហានិភ័យមួយ នៅពេលដែលប្រទេសនេះ​ បានផ្ទុះករណីឆ្លងវីរុសកូវីដ ១៩ ថ្មីៗ ច្រើនជាង ១,០០០ ករណី កាលពីសប្ដាហ៍កន្លងទៅ ហើយបាននឹងកំពុងឆ្លងជាបន្តបន្ទាប់ទៀត។ គិតមកត្រឹមថ្ងៃទី១ ខែសីហា ម្សិលមិញនេះ ករណីឆ្លង និងរីករាលដាលនៃវីរុសកូវីដ ១៩ នៅ នេប៉ាល់បានកើនឡើងដល់ ១៩,៧៧១ នាក់ហើយ ដោយអ្នកជាសះស្បើយមានចំនួន ១៤,៣៩៩ នាក់ និងស្លាប់បាត់បង់ជីវិតចំនួន ៥៦ នាក់។