នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម តឹក សាលី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃលេខាធិការដ្ឋានអាកាសចរស៊ីវិឡ បានបញ្ជើញចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្ដហោះ ខេត្តមណ្ឌលគិរី ដែលមានទីតាំងស្ថិតនៅឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្ដហោះនេះ គឺជាផ្នែកមួយនៃគម្រោងសាងសង់ព្រលានយន្ដហោះ ខេត្តមណ្ឌលគិរី របស់រាជរដ្ឋាភិបាល ហើយក៏ជាការត្រៀមទុកសម្រាប់ពង្រីកផ្លូវទទឹង ៦០ ម៉ែត្រ ប្រវែង ៣,៦០០ ម៉ែត្រផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាការដឹកទំនិញផ្សេងពីទីរួមខេត្ត មកព្រលានយន្ដហោះ។ លើសពីនេះ ការស្ថាបនាផ្លូវមួយខ្សែនេះ នឹងសម្រួលដល់ការដឹកជញ្ជូនគ្រឿងចក្រ និងគ្រឿងសំណង់ផ្សេងៗ នៅពេលដែលព្រលានយន្ដហោះចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការ។ ឯកឧត្តម បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះនឹងអាចធ្វើជា ២ គន្លង ដែលមានសួនច្បារនៅចំកណ្ដាល និងមានភ្លើងបំភ្លឺសងខាងផ្លូវ តាមស្ដង់ដាដ៏ស្រស់ស្អាត។
សូមបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្ដហោះខេត្តមណ្ឌលគិរី គឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយទេ មិនទាន់អាចកំណត់ពេលវេលាចាប់ផ្ដើមសាងសង់ជាក់លាក់នៅឡើយ ប៉ុន្តែអ្នកជំនាញបានវាយតម្លៃថាគម្រោងនេះអាចនឹងចំណាយទឹកប្រាក់ជាង ៦០ លានដុល្លារ។
បន្ទាប់ពីគម្រោងសាងសង់ព្រលានយន្ដហោះនេះរួចរាល់ជាស្ថាពរ ឯកឧត្តមអភិបាលខេត្ត រំពឹងថាវានឹងជំរុញដល់កំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហូរចូលមកកម្សាន្ដនៅក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើន ដោយសារតែភាពងាយស្រួលធ្វើដំណើរ និងសក្ដានុពលទេសចរណ៍ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលពោពេញទៅដោយសម្បត្តិធម្មជាតិ និងអេកូទេសចរណ៍។ តាមរយៈកំណើនភ្ញៀវទេសចរនេះ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនទៅដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ដល់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ជាពិសេសគឺនៅក្នុងស្រុកអូរាំងតែម្ដង។