ករណីឆ្លង និងរីករាលដាលវីរុសកូវីដ ១៩ នៅវៀតណមចាប់ផ្ដើមកើនឡើង តែនៅមិនទាន់ប៉ះពាល់ដល់សេដ្ឋកិច្ចនៅឡើយ

ហាណូយ៖ ក្រោយផ្ទុះការឆ្លងថ្មី កាលពីចុងខែកក្កដា កន្លងទៅ ស្ថិតនៅទីក្រុង Danang រួចមក ស្ថានភាព នៃការឆ្លង និងរីករាលដាល នៃវីរុសកូវីដ ១៩ នៅលើផ្ទៃប្រទេសវៀតណាម បានចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់។ ស្ថិតក្រោមការប្រកាសអាសន្នរបស់រដ្ឋាភិបាល ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ប្រជាពលរដ្ឋវៀតណាម បានកំពុងភ័យព្រួយ ខណៈពេលតួរលេខឆ្លងបានកើនឡើងជាបន្តបន្ទាប់។

វៀតណាម ដែលជាប្រទេសប្រយុទ្ធប្រឆាំង នឹងករណីឆ្លង និងរីករាលដាលនៃវីរុសកូវីដ ១៩ ដ៏មានប្រសិទ្ធិភាពកាលពីដើមឆ្នាំ ២០២០ កន្លងទៅនេះ ចាប់ផ្ដើមរងគ្រោះដោយសារតែជំងឺនេះហើយ។ ប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាម បានរាយការណ៍មកថា ករណីឆ្លង និងរីករាលដាល នៃការឆ្លង និងរីករាលដាល នៅទូទាំងផ្ទៃប្រទេសបានកើនឡើង ៦៥៥ នាក់ហើយ ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩ នាក់ជាលើកដំបូង។ ក្រសួងសុខាភិបាលវៀតណាម បានធ្វើសេចក្ដីប្រកាស និងព្រមានថា តួរលេខនេះបានកំពុងតែរីករាលដាលជាបន្តបន្ទាប់ទៀត ខណៈពេលប្រជាជនរាប់លាននាក់ ចាប់ផ្ដើមធ្វើតេស្ដស្វែងរកមេរោគ។

ជុំវិញករណី ផ្ទុះឡើងជាលើកទី ២ នៅវៀតណាមនេះ លោកនាយករដ្ឋមន្ត្រី Nguyễn Xuân Phúc កាលពីថ្ងៃអាទិត្យកន្លងទៅ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដោយបង្គាប់ឱ្យគ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចការងាររបស់ខ្លួន ដើម្បីគ្រប់គ្រងស្ថានភាពនៃវីរុសកូវីដ ១៩ ឱ្យបាន ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។ លោកនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញ អំពីភាពចាំបាច់ដើម្បីរក្សាអតិផរណាក្រោម ៤% ដើម្បីទាញយកឱកាស ក្នុងការជំរុញការនាំចេញ ក៏ដូចជាការចាត់វិធានការកាត់បន្ថយថ្លៃដើម សម្រាប់ពលរដ្ឋ អាជីវកម្ម និងធានានូវការផ្គត់ផ្គង់ទំនិញមូលដ្ឋានគ្រប់គ្រាន់សម្រាប់គ្រប់តំបន់នានា ជាពិសេសតំបន់ ដែលរងគ្រោះដោយសារតែវីរុសកូវីដ ១៩។

បើទោះបីជាវៀតណាម កំពុងរងគ្រោះក្រោមការវាយប្រហារនៃវីរុសកូវីដ ១៩ ក៏ដោយ ក៏ប៉ុន្តែសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មប្រចាំថ្ងៃ នៅដំណើរការជាធម្មតា។ ជាក់ស្ដែងទិន្នន័យ នៃផលចំនេញ កាលពីខែកក្កដា កន្លងទៅមានចំនួន ២៣ ពាន់លានដុល្លារ ជាការកើនឡើង ០.៣% បើធៀបទៅនឹងឆ្នាំ ២០១៩ កន្លងទៅ។ ហេតុផលនេះ សបង្ហាញថា ផលប៉ះពាល់ នៅមិនទាន់ធ្ងន់ធ្ងរនៅឡើយ ហើយលោកនាយករដ្ឋមន្ត្រី បានបង្គាប់ឱ្យគ្រប់ក្រសួង នៅតែបន្តអនុវត្តផែនការ គោនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីនៅតាមតំបន់ផ្ទាល់ ក្នុងការបន្តគម្រោងអភិវឌ្ឍ សម្រាប់ត្រីមាសទី៣ ឆ្នាំនេះ ជាបន្តទៀត ក៏ដូចជាគម្រោងមេ សម្រាប់ឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដែលជាកត្តាចាំបាច់ក្នុងការគាំទ្រទៅដល់វិស័យអាជីវកម្ម និងកម្មករនិយោជិត៕