ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ សម្រាប់យុទ្ធនាការ “រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក” របស់មន្ទីរពេទ្យកុមារអង្គរ


ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ សម្រាប់កម្មវិធីបើកយុទ្ធនាការសប្បុរសធម៌ ក្រោមប្រធានបទ “រួមគ្នា ជួយសង្រ្គោះកុមារមានជំងឺមហារីក” ក្រោមការរៀបចំរបស់មន្ទីរពេទ្យកុមារអង្គរ នារសៀលថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៥ ស្ថិតក្នុងអគារសាលសន្និបាទ ប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហល បុរីប៉េង ហួត (បឹងស្នោ)។  

យុទ្ធនាការនេះមានគោលបំណង ដើម្បីលើកកម្ពស់ និងគាំទ្រវិស័យសុខាភិបាល ជាពិសេសគឺកៀរគរ ថវិកាសប្បុរសធម៌ក្នុងទំហំ ២០ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់ មន្ទីរពេទ្យកុមារអង្គរឱ្យដល់ចុងឆ្នាំនេះ។ យុទ្ធនាការនេះគឺត្រូវបាន ចាប់ផ្ដើមពីថ្ងៃទី ០៦ តុលា ហើយនឹងបញ្ចប់ត្រឹមថ្ងៃទី ៣១ តុលា ២០២៥។

ថ្លែងក្នុងកម្មវិធីនេះ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ងួន ចន្ទភក្រ្តា នាយកមន្ទីរពេទ្រកុមារអង្គរ បានអំពាវនាវដល់សប្បុរសជនទាំងឡាយអាចចូលរួមគំាទ្រតាមរយៈការបរិច្ចាគជាថវិកា ការផ្សព្វផ្សាយ និងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីឱ្យយុទ្ធនាការនេះទទួលបានជោគជ័យស្របតាមការរំពឹងទុករបស់មន្ទីរពេទ្យ ដែលនឹងជួយសង្រ្គោះជីវិតកុមារមានជំងឺមហារីកជាច្រើននាក់។

បើយោងតាមប្រសាសន៍របស់ ឯក ឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានថ្លែងក្នុងពីធីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» យើងដឹងថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ ករណី ហើយមនុស្សស្លាប់ជិត ១៤ ០០០ នាក់ក្នុងមួយឆ្នាំៗ។ កាន់តែគួរឱ្យសោកសង្រេងទៅទៀតនោះ គឺសោកនាដកម្មនេះ កើតមានលើកុមារផងដែរ ដែលក្នុងមួយឆ្នាំ មានប្រមាណ ៦០០ករណី។

គួររំឭកថា នេះគឺជាលើកទី ៥ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាប្រចាំឆ្នាំ និងសហការរៀបចំ យុទ្ធនាការមនុស្សធម៌ផ្សេងៗ ទៅកាន់សប្បុរសជនទូទាំងប្រទេស ដើម្បីនិរន្តភាពនៃបេសកម្ម មន្ទីរពេទ្យកុមារអង្គរក្នុង ការជួយសង្រ្គោះកុមារកម្ពុជាប្រមាណ ១៣ ម៉ឺនករណីក្នុងមួយឆ្នាំៗ។