សំណង់ផ្លូវថ្នល់ ដែលមើលទៅអស្ចារ្យ និងមានគ្រោះថ្នាក់បំផុតលើលោក!

ផ្លូវថ្នល់ វិថី និងមហាវិថី ជាមធ្យោបាយធ្វើដំណើរផ្លូវគោកដ៏ចាំបាច់បំផុត ហើយពេលខ្លះ គេចាត់ទុកផ្លូវថាជាដង្ហើមនៃសេដ្ឋកិច្ចទៀតផង ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវល្អ មធ្យោបាយធ្វើដំណើរងាយស្រួល ការដឹកជញ្ជូនជួញដូរទំនិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ប្រសើរទៅតាមហ្នឹងដែរ។ ហេតុដូច្នេះហើយបានជា គ្រប់ប្រទេសនានា គេព្យាយាមរក្សាសាកសង់ផ្លូវខ្វាត់ខ្វែងនៅក្នុងទីក្រុង និងផ្លូវសំខាន់កាត់ភ្នំ កាត់ទឹក ដើម្បីឲ្យការធ្វើដំណើរ និងដឹងជញ្ជូនបានកាន់តែរហ័ស។

ដោយឡែកថ្ងៃនេះដែរ យើងនឹងមកមើលនូវសំណង់ផ្លូវថ្នល់ដែលមើលទៅគួរឲ្យស្ញប់ស្ញែង ដោយសារតែការសាងសង់ប្លែក  ប្រកបដោយភាពច្នៃប្រឌិត និងប្រថុយខ្ពស់ សឹងមិនគួរឲ្យជឿថាគេអាចធ្វើទៅរួច ប៉ុន្តែក៏ជាផ្លូវដែលពោពេញទៅដោយគ្រោះថ្នាក់ខ្ពស់ផងដែរ ក្នុងការធ្វើដំណើរ ប្រសិនបើយើងមិនបានប្រុងប្រយ័ត្នខ្ពស់នោះ។ 

  1. ផ្លូវ Transfagarasan ប្រទេស Romania

នេះគឹជាវិថីដែលមានប្រវែងវែង លាតសន្ធឹងរហូតដល់ ៩០ គីឡូម៉ែត្រ ដែលបានសាងសង់នៅក្នុងទស្សវត្សឆ្នាំ ១៩៧០ ព័ន្ធជុំវិញតាមក្រវ៉ាត់ភ្នំតែម្ដង ដោយតំបន់នោះគេហៅថា Carpathian Mountainous នៅក្នុងប្រទេស Romania។ នេះគឺជាផ្លូវដែលខ្ពស់ជាងគេលំដាប់ទី ២ ដោយសារតែវាសង់ និងធ្វើដំណើរកាត់នៅលើភ្នំដែលមានកំពស់រហូតដល់ ២,០៣៤ ម៉ែត្រ ដូចនេះ ក្នុងការបើកបរ គេត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបើកបរក្នុងល្បឿនជាមធ្យម ៤០ គីឡូម៉ែត្រ/ម៉ោង តែប៉ុណ្ណោះ។

  1. ផ្លូវ Tianmen Mountain Road ប្រទេសចិន

ផ្លូវ Tianmen Mountain Road មានប្រវែងប្រមាណ ១០ គីឡូម៉ែត្រ ដែលជាផ្លូវកាត់តាមជំរាលភ្នំ និងមានសភាពបត់កោងទៅមកខ្លាំង ដូចជាដង្កូវអញ្ចឹង។ ត្រង់ចំណុចផ្លូវបត់កោងខ្លាំងទាំងនេះ គឺមានសរុបរហូតដល់ ៩៩ ផ្នត់ឯណោះ ដែលពិតជាមានការប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ពិសេសគឺវាជាផ្លូវឡើងភ្នំ Tianmen ដែលមានកម្ពស់ ១ ពាន់ម៉ែត្រ និងអាចមើលមកទិដ្ឋភាពខាងក្រោមបានច្បាស់។ ដូចនេះ វាជាផ្លូវដែលមិនសាកសមឲ្យអ្នកដែលមានសុខភាពទន់ខ្សោយ និងខ្លាចខ្ពស់ធ្វើដំណើរឡើយ។  

  1. ផ្លូវ Gotthard Pass ប្រទេសស្វីស

ផ្លូវ Gotthard Pass ជាសំណង់ដ៏អស្ចារ្យមួយនៅក្នុងប្រទេសស្វីស ក៏ដូចជាទ្វីបអឺរ៉ុបផងដែរ។ វាបានសង់កាត់តាមភ្នំ Alps ដែលនេះជាជួរភ្នំដ៏ខ្ពស់បំផុតមួយ និងធំលាតសន្ធឹងទៅច្រើនប្រទេសក្នុងទ្វីបអឺរ៉ុប។ ផ្លូវ Gotthard Pass មានប្រវែង ៦៤ គីឡូម៉ែត្រ មានភាពបត់បែនដូចជាខ្លួនរបស់សត្វពស់ ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនឲ្យធ្វើដំណើរកាត់តាមផ្លូវនេះ ដោយសារតែវាគឺជាផ្លូវកាត់លើភ្នំ មិនបាច់វៀងឆ្ងាយ អាចធ្វើដំណើរបានរហ័សពីតំបន់និយាយភាសាអាល្លឺម៉ង់ ទៅតំបន់និយាយភាសាអ៊ីតាលី នៃប្រទេសស្វីសបានយ៉ាងរហ័ស។

  1. ស្ពាន Eshima Ohashi ប្រទេសជប៉ុន

ស្ពាន Eshima Ohashi ជាស្ពានដែលបានបើកដំណើរការនៅក្នុងឆ្នាំ ២០០៤ មានប្រវែង ១.៧ គីឡូម៉ែត្រ និងមានទទឹងត្រឹមតែ ១២ ម៉ែត្រប៉ុណ្ណោះ។ ដោយសារតែវាមានទំហំតូច និងមានកម្ពស់ខ្ពស់ ៤៤ ម៉ែត្រ ដូចនេះហើយ ប្រសិនបើយើងមើលពីចម្ងាយ វាដូចជាស្ពានឡើងភ្នំអញ្ចឹង។ ជាការពិត ជប៉ុនសង់វាខ្ពស់បែបនេះ ក៏ដោយសារតែខាងក្រោមគឺជាផ្លូវទឹកដ៏សំខាន់ ដែលកប៉ាល់ដឹកទំនិញធំៗ អាចបើកកាត់ក្រោមស្ពានដោយងាយ។

  1. ផ្លូវ Zozila ប្រទេសឥណ្ឌា

ផ្លូវ Zozila គឺជាផ្លូវដែលងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាងគេ ដោយសារតែផ្លូវតូចពិបាកបើកបរ ហើយក៏មិនមានសំណង់គ្រោង និងការពារឲ្យបានត្រឹមត្រូវនោះដែរ។ ផ្លូវនេះមានប្រវែង ៩ គីឡូម៉ែត្រភ្ជាប់ពីតំបន់ដែនដី Kashmir ទៅដល់ Ladakh ដោយជិះតាមជំរាលភ្នំតែម្ដង ហើយតំបន់ខ្ពង់រាបនេះ ក៏ខ្ពស់គួរសមដែរ ប្រមាណជា ៣,៥២៨ ម៉ែត្រ (ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ) អញ្ចឹងអ្នកបើកបរសុទ្ធតែអ្នកជំនាញ ហើយយានយន្ដក៏មិនមែនចេះតែរើសជិះនោះដែរ។ ដោយសារតែផ្លូវមានសភាពពិបាក និងនៅលើភ្នំទៀតនោះ ដូចនេះនៅក្នុងរដូវរងារគេតែងតែបិទ មិនដំណើរការកាត់តាមផ្លូវនេះទេ ព្រោះទឹកកកច្រើន អាចបណ្ដាលឲ្យរអិល ពិបាកធ្វើដំណើរ។

  1. មហាវិថី Dalton រដ្ឋអាឡាស្កា

មហាវិថី Dalton ជាផ្លូវដែលដាច់ស្រយ៉ាលបំផុត គ្របដណ្ដប់ដោយទឹកទឹកកក និងព្រិលធ្លាក់ខ្លាំងជាងគេ ដែលមានប្រវែង ៦៦៦ គីឡូម៉ែត្រកាត់តាម ៣ តំបន់នៃរដ្ឋអាឡាស្កា អាមេរិចខាងជើង។ វាគឺជាផ្លូវដែលពិបាកធ្វើដំណើរមួយ ត្បិតជាផ្លូវដែលដាច់ស្រយ៉ាលមិនសូវមានអ្នកជិះ ពិសេសគឺមានព្រិលធ្លាក់ខ្លាំង បង្ហាញនូវសញ្ញាគ្រោះថ្នាក់គ្រប់ពេល។

  1. វិថី Yungas Road ប្រទេស Bolivia

ប្រសិនបើគ្រាន់តែមើលរូបភាព វាប្រហែលជាមិនសូវគួរឲ្យអ្នកចាប់អារម្មណ៍នោះទេ ប៉ុន្តែយោងតាមស្ថិតិនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលតែម្ដង។ វិថី Yungas នេះបានសម្លាប់ជិវិតមនុស្សពី ២០០ ទៅ ៣០០ នាក់ក្នុងមួយឆ្នាំជាមធ្យម។ វាគឺជាផ្លូវដែលជិះកាត់តាមជើង និងជំរាលភ្នំ ដែលចោតខ្លាំងមានកម្ពស់រហូតដល់ ៦០០ ម៉ែត្រនិងមានផ្លូវបត់បែនពិបាកនៅតំបត់កោងខ្លាំង ជាហេតុដែលមានគ្រោះថ្នាក់ញឹកញ៉ាប់។

  1. ផ្លូវរូងភ្នំ Guoliang ប្រទេសចិន

ផ្លូវតាមរូងភ្នំ Guoliang នេះ ត្រូវបានអ្នកស្រុកធ្វើដំណើរកាត់ជាយូរណាស់មកហើយ ដោយគេភ្ជាប់វាពីភូមិមួយទៅភូមិមួយទៀត។ ដោយយល់ឃើញថា ជាផ្លូវសំខាន់មួយដែរនោះ ទើបក្រោយមកអាជ្ញាធរប្រទេសចិន បានសំរេចកសាងផ្លូវមួយនៅក្នុងឆ្នាំ ១៩៧២ និងសម្ពោធប្រើប្រាស់ក្នុងឆ្នាំ ១៩៧៧ ដើម្បីឲ្យយានយន្ដអាចធ្វើដំណើរកាត់បាន។ យ៉ាងណាក៏ដោយ ផ្លូវរូងភ្នំមួយខ្សែនេះមានប្រវែង ១.២ គីឡូម៉ែត្រ កម្ពស់ ៥ ម៉ែត្រ និងទទឹងត្រឹមតែ ៤ ម៉ែត្រប៉ុណ្ណោះ អញ្ចឹងវាពិតជាពិបាកក្នុងការបើកបរណាស់។

  1. ផ្លូវ Le Passage du Gois ប្រទេសបារាំង

ផ្លូវ Le Passage du Gois ស្ថិតនៅក្នុងតំបន់មាត់សមុទ្រអាត្លង់ទិច ប្រទេសបារាំង មានប្រវែង ៤.៣ គីឡូម៉ែត្រនឹងត្រូវបើកឲ្យប្រើប្រាស់មានពេលវេលាទៀតទាត់។ ដោយសារតែផ្លូវនេះកាត់តាមឆ្នេរសមុទ្រ ដូចនេះហើយក្នុងមួយថ្ងៃគេបើដំណើរការតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយនៅពេលដែលជំនោរទឹកសមុទ្រឡើង ផ្លូវនេះនឹងលិចគ្របដោយទឹកសមុទ្រតែម្ដង។

  1. មហាវិថី Hana ប្រជុំកោះហាវ៉ៃ

មហាវិថី Hana ជាផ្លូវដែលមានប្រវែង ១១២ គីឡូម៉ែត្រភ្ជាប់ពី Kahului ទៅទីក្រុង Hana លើកោះ Maui (ក្នុងប្រជុំកោះហាវ៉ៃ)។ មហាវិថី Hana ត្រូវបានក្រាលដោយកៅស៊ូល្អ និងត្រូវកាត់ស្ពានចំនួន ៥៦ ក្នុងនោះស្ពានចំនួន ៤៦ គឺជាស្ពានដែលតូច អាចជិះបានតែមួយផ្លូវប៉ុណ្ណោះ។ អ្វីដែលពិបាកបំផុតគឺសណ្ឋានដីនៅលើកោះនោះ មានការពិបាកច្រើន ដោយមានទួលទឹករលក និងតំបន់ផ្លូវកោងមានប្រហែល ៦២០ កន្លែងឯណោះ។

  1. វិថីមហាសមុទ្រ អាត្លង់ទិច ប្រទេស Norway

វិថីមហាសមុទ្រអាត្លង់ទិច បានសាងសង់ឡើងក្នុងទស្សវត្ស ១៩៧០ ភ្ជាប់តំបន់ជាច្រើនដែលនៅជាប់នឹងសមុទ្រនោះ។ ចំពោះប្រវែងដែលមាននៅកាត់សមុទ្រនោះគឺ ៨.៣ គីឡូម៉ែត្រ ដោយមានទាំងស្ពាន និងផ្លូវ ដែលជាផ្លូវមួយមានទិដ្ឋភាពស្អាតទាក់ទាញមែនទែន តែក៏អាចមានគ្រោះថ្នាក់ផងដែរ ដោយសារតែស្ថិតនៅតំបន់មហាសមុទ្រ សំបូរទៅដោយទឹកកក ខ្យល់បក់ខ្លាំង និងមានរលកធំៗទៀតផង។

  1. Col de la Bonette ប្រទេសបារាំង

នេះគឺជាផ្លូវដែលគ្រោះថ្នាក់មួយទៀតក្នុងប្រទេសបារាំង ដោយសារតែវាធ្វើកាត់តាមជ្រលងជួរភ្នំ French Alps កម្ពស់ប្រហែល ២ ពាន់ម៉ែត្រនៅតាមបណ្ដោយព្រំដែនប្រទេសអីតាលី។ អ្វីដែលជាបញ្ហាគឺដោយសារតែផ្លូវនេះតូច តំបន់បត់បែនច្រើន ដែលមិនអាចស្មាន ថែមទាំងចុះឡើងចំណោតខ្ពស់ផងដែរ។

  1. វិថី Kolyma ប្រទេសរុស្ស៊ី

វិថី Kolyma គឺភ្ជាប់ពីទីក្រុង Magadan ទៅទីក្រុង Yakutsk ដែលបានសាងសង់ប្រវែង ៩០ គីឡូម៉ែត្រដំបូងតាំងពីសតវត្សទី ១៤ ដោយអ្នកជាប់ពន្ធធនាគា និងសាងសង់ឡើងវិញប្រវែងកាន់តែវែងនៅក្នុងសតវត្សទី ២០។ គេឲ្យឈ្មោះផ្លូវនេះថា “Death Road” បើយោងទៅតាមទិដ្ឋភាពជាក់ស្តែង ដោយសារតែកាត់តាមភ្នំ ដែលមានកម្ពស់ខ្ពស់ ហើយចំណោតរបស់វាគឺចោតខ្លាំងស្ទើរដូចជញ្ជាំងទៅហើយ។

  1. ផ្លូវ Khardung ប្រទេសឥណ្ឌា

ផ្លូវ Khardung ស្ថិតនៅប្រទេសឥណ្ខា កាត់ទៅតំបន់ Kashmir ដែលសំបូរដោយប្រជុំភ្នំទឹកកកខ្ពស់ៗ ដោយផ្លូវនេះបានជាប់ក្នុងកំណត់ត្រាពិភពលោក Guinness Book ជាផ្លូវស្ថិតនៅកម្ពស់ខ្ពស់បំផុតលើលោក ដល់ទៅ ៥,០៦២ ម៉ែត្រឯណោះ។

  1. ផ្លូវ Caucasus ប្រទេសរុស្សី

ផ្លូវ Caucasus បានសង់នៅតាមជំរាលភ្នំ មានប្រវែង ១១១៨ គីឡូម៉ែត្រឯណោះ ដែលកាត់តំបន់ជាច្រើនក្នុងប្រទេសរុស្ស៊ី។ អ្វីដែលវាគ្រោះថ្នាក់បំផុត គឺផ្លូវមានលក្ខណៈចង្អៀត មានតំបន់ខ្លះចោតខ្លាំង និងខ្លះទៀតបត់កោងខ្លាំងទៀតផង។