ក្រុមហ៊ុនរថយន្ដ Mitsubishi កំពុងស្វែងរកឱកាសបើករោងចក្រនៅក្នុងប្រទេសមីយ៉ាន់ម៉ា!

ក្រុមហ៊ុនផលិតយានយន្ដដ៏ល្បីល្បាញរបស់ជប៉ុន Mitsubishi Motors បានប្តេជ្ញារចិត្តក្នុងការតាំងមូលដ្ឋានផលិត និងរោងចក្រផ្គុំរថយន្ដឲ្យបានច្រើននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ក្នុងស្ថានភាពជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមផលិត និងពង្រីកការលក់ផងដែរ ហើយគេរំពឹងអាស៊ាននឹងមានទីផ្សារ ១/៤ នៃការលក់រថយន្ដ Mitsubishi ជាមធ្យមនៅពេលខាងមុខ។ 

តាមការបញ្ជាក់របស់នាយកប្រតិបត្តិលោក Takao Kato បានប្រាប់សារព័ត៌មានជប៉ុន NIKKEI ASIAN REIVIEW ឲ្យដឹងថាក្រុមហ៊ុន Mitsubishi Motors មានភាគហ៊ុនប្រមាណ ២០% នៅក្នុងក្រុមហ៊ុនសាជីវកម្ម Mitsubishi Corp ហើយគ្រោងនឹងពិភាក្សាជាមួយគ្នា ដើម្បីបង្កើតមូលដ្ឋានផលិតរថយន្ដឲ្យបានច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មីយ៉ាន់ម៉ា គឺជាប្រទេសអាទិភាពដែលក្រុមហ៊ុន Mitsubishi Motors សម្លឹងឃើញការត្រៀមបើករោងចក្រផលិតនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់មកគេអាចនឹងបើកមូលដ្ឋានផលិតនិងលក់នៅទីផ្សារអឺរ៉ុប ដើម្បីវាយលុកទីផ្សារបន្ថែមទៀត។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Mitsubishi មានរោងចក្រជាច្រើនមកហើយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ហើយការបើករោងចក្របន្ថែមនៅមីយ៉ាន់ម៉ា និងវៀតណាមថែមទៀតនៅពេលឆាប់ៗនេះ គេរំពឹងកាត់បន្ថយការចំណាយលើតម្លៃពលកម្មផលិតថ្លៃដើមរថយន្ដក្នុងឆ្នាំ២០២០ ឲ្យបាន ១៥% ទាបជាងឆា្នំ២០១៩។