ក្រសួងដឹកជញ្ជូន ផ្អាកការធ្វើចរាចរលើកំណាត់ផ្លូវជាតិលេខ ២ និងលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ ជាបណ្ដោះអាសន្ន!

ក្រោយពីទទួលរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ខេត្តតាកែវ មានការជនលិចទៅដល់ផ្លូវជាតិលេខ២ និងលេខ៣ បណ្ដាលឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវយ៉ាងធ្ងន់ធ្ងរ និងមានកម្ពស់ទឹកខ្ពស់ ដូចនេះក្រសួង សាធារណការ និងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹងនូវការផ្អាកចរាចជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ២ និងលេខ៣ ភូមិសាស្ត្រខេត្តតាកែវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។ 

១. ចំពោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីគីឡូម៉ែត្រលេខ ៣១+០០ ទៅដល់គីឡូម៉ែត្រលេខ ៧៤+០០០ (ពីរង្វង់មូលអូចំបក់ ដល់កំពង់ដង្កោ ព្រំប្រទល់ ខេត្តកណ្ដាល)។

២. ចំពោះកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីអង្គតាសោម ដល់គីឡូម៉ែត្រលេខ ៣៦+០០ ព្រំប្រទល់ខេត្តកណ្ដាល។ 

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាផ្អាកការធ្វើចរាចរនៅលើកំណាត់ផ្លូវជាតិលេខ២ និងលេខ៣ ត្រង់ចំណុចខេត្តតាកែវ ដែលរួមមានរថយន្ដដឹកទំនិញ និងរថយន្ដគ្រប់ប្រភេទ ដើម្បីបញ្ជៀសនូវបញ្ហាគ្រោះថ្នាក់នានា។ ការផ្អាកចរាចរនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ស្ថានភាពប្រសើរឡើងវិញ ដែលក្រសួងនឹងចេញសេចក្ដីជូនដំណឹងពេលក្រោយ។