សម្ដេចតេជោ ហ៊ុន សែន បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ!

នៅរាត្រីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានសួរសុខទុកប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់នេះ ដែលបានបញ្ជូនទៅទីទួលសុវត្ថិភាពចំនួន ២ ទីតាំងក្នុងតំបន់ រួមមាន៖ ទីតាំងបុរីពិភពថ្មីគួរស្រូវ និងទីតាំងមុខផ្សារព្រែកជ្រៃ។ 

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រាជធានីខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានសហការចេញប្រតិបត្តិការធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីជួយសង្គ្រោះប្រជាជនរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។ សម្តេចតេជោ ក៏បានសំណូមពរបន្ថែម និងអំពាវនាវចំនួន ៣ ចំណុចឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ដូចជា៖ 

. ជម្លៀសប្រជាជននៅតំបន់ដែលរងគ្រោះថ្នាក់ ទៅទីទួលមានសុវត្ថិភាពដោយប្រុងប្រៀប ត្រូវពិនិត្យមើលកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅ

. បន្ទាប់ពីទឹកស្រក សូមអាជ្ញាធរមូលដ្ឋានជួយសម្រួលដឹកជញ្ជូនប្រជាជន និងសម្ភារៈមកកាន់មូលដ្ឋានវិញ

. ត្រូវផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំសង្កូវ ក្នុងករណីជំងឺកើតឡើង។

សម្តេចតេជោ ក៏បានអំពាវនាវឲ្យប្រជាជនមូលដ្ឋាន ចូលរួមថែរក្សាសុខភាព ជៀសវាងពីជំងឺដង្កាត់ផ្សេងៗក្នុងស្ថានភាពគ្រោះទឹកជំនន់នេះ និងស្នើឲ្យមានគ្រូពេទ្យប្រចាំការដើម្បីមើលថែរក្សាសុខភាពប្រជពលរដ្ឋរងគ្រោះផងដែរ។

លើសពីនេះទៀត សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដែលបានចូលរួមថវិកាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ ដោយមិនបានអំពាវនាវពីរាជរដ្ឋាភិបាលឡើយ ហើយគិតមកទល់ពេលនេះ ថវិកាទទួលបានមានជាង ៦ លានដុល្លារ ជាថវិកាសប្បុរសជនស្ម័គ្រចិត្ត ឈរលើស្មារតីយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជនរួមជាតិ។