កំណាត់ផ្លូវជាតិលេខ៤, លេខ៤១ និងលេខ១៤១ ត្រូវបានផ្អាកចរាចរណ៍រថយន្ដដឹកទំនិញជាបណ្ដោះអាសន្ន!

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចផ្អាកចរាចរណ៍ជាបណ្ណោះអាសន្ននូវរថយន្ដដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៤, លេខ៤១, និងលេខ១៤១ គិតចាប់ពីផ្សារព្រៃផ្ដៅ ដល់ផ្លូវខេត្តលេខ១៣០ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពប្រសើរឡើងវិញ ទើបជូនសេចក្ដីជូនដំណឹងជាក្រោយ។

យោងតាមលិខិតពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ដោយសារតែស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បានជន់លិចយ៉ាងខ្លាំងនៅទីតាំងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលបណ្ដាលឲ្យកំណាត់ផ្លូវមួយចំនួនមានការខូចខាត ហើយក្នុងស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវ និងស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្ដដឹកទំនិញធុនធ្ងន់បាននោះទេ។ ហេតុដូចនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ស្ពឹ សម្រេចសូមធ្វើការផ្អាកចរាចរណ៍ កំណាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ១៤១ (ចាប់ពីផ្សារព្រៃផ្ដៅ ដល់ផ្លូវខេត្តលេខ១៣០) ជាបណ្ដោះអាសន្ន។

ក្រោយពីបានចេញសេចក្ដីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សង្ឃឹមថា សាធារណជន ជាពិសេសក្រុមហ៊ុនរថយន្ដដឹកទំនិញធុនធ្ងន់ទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមសហការឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងរួមចំណែកថែរក្សា ផ្លូវ-ស្ពាន ឲ្យប្រើប្រាស់បានយូរអង្វែង និងបញ្ជៀសបញ្ហាគ្រោះថ្នាក់នានាផងដែរ។