រដ្ឋាភិបាលរុស្ស៊ី សន្យាថានឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា ឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ រដ្ឋាភិបាលរុស្ស៊ី សន្យាថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត ទៅលើវិស័យសំខាន់ៗចំនួន ៣ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរ នេះបើយោងតាមការអះអាងរបស់លោក ឯកអគ្គរដ្ឋទូត រុស្សី ប្រចាំនៅកម្ពុជា បញ្ជាក់ក្នុងជំនួបពិភាក្សា នៅវិមានរដ្ឋសភាជាតិ។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាបានអនុញ្ញាតឲ្យលោក អាណាតូលី បូរូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្សី ទើបតែងតំាងថ្មីប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម។ ស្ថិតក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណងមិត្តភាពនិងទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ (កម្ពុជា-រុស្ស៊ី) ដែលមាន ៦៥ ឆ្នាំមកហើយ។ សហភាពសូវៀត ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានជួយគំាទ្រកម្ពុជា តំាងពីក្រោយរបបប៉ុលពតបានដួលរលំទៅក្នុងឆ្នាំ១៩៧៩ ខណៈដែលប្រទេសលោកខាងលិច បានព្យាយាមហ៊ុព័ទ្ធកម្ពុជាឲ្យនៅឯកោ។

ស្តិតក្នុងឱកាសនោះ សម្តេចពញាចក្រី ហេង សំរិន បានគាំទ្រចំពោះបេសកកម្មការទូត របស់លោក អាណាតូលី បូរូវីក នៅកម្ពុជា និងបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការនានា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកសាងរួមគ្នារៀងរហូតមក ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងវប្បធម៌ មានការរីកចម្រើនជាលំដាប់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចបានលើកឡើងទៀតថា ក្នុងកាលៈទេសៈ បច្ចុប្បន្នដែលពិភពលោកទំាងមូល កំពុងជួបវិបត្តិជម្ងឺកូវីដ១៩ ទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងការគំាទ្រពហុភាគីនិយម ដើម្បីរួមគ្នាប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ ឲ្យទទួលបានជោគជ័យ។ ជាការឆ្លើយតប លោក អាណាតូលី បូរូវីក បានសន្យាថា នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ រូបលោក និងក្រុមការងារ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើងបន្ថែមទៀត ទំាងនៅខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាទ្វេរភាគី និងពហុភាគី។ លោកបានបញ្ជាក់ថា អ្នកវិនិយោគទុន ជនជាតិរុស្សីមានការចាប់អារម្មណ៍ជាខ្លំាងក្នុងការបណ្តាក់ទុននៅកម្ពុជា នៅក្នុងវិស័យជាច្រើនមានដូចថាមពលអគ្គិសនីជាដើម។ 

មុននឹងត្រឡប់ទៅវិញ លោក អាណាតូលី បូរូវីក បានផ្ញើសារចូលរួមរំលែកទុក្ខ និងការលំដាក ក៏ដូចជា សម្តែងការសោកស្តាយជាមួយពលរដ្ឋកម្ពុជា ដែលកំពុងទទួលរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ពិសេសក្រុមគ្រួសារ អ្នកដែលស្លាប់បាត់បង់ជីវិត៕