ផ្លូវជាតិលេខ៩, ៦២, ៦៤, ៩៥ និងផ្លូវខេត្តលេខ ២៦២៧ ខេត្តព្រះវិហារ ត្រូវបានបិទចរាចរណ៍រថយន្ដដឹកទំនិញជាបណ្ដោះអាសន្ន!

យោងតាមសេចក្ដីជូនដំណឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជូនសេចក្ដីរាយការណ៍មកថា ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្ដឡើងរហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឲ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្ដដឹកទំនិញធុនធ្ងន់ៗបានទេ។ អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការបិទចរាចរណ៍ទាំងស្រុងចំពោះរថយន្ដដឹកទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៩ លេខ៦២ លេខ៦៤ លេខ៩៥ និងផ្លូវខេត្តលេខ២៦២៧ ជាបណ្ដោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្ដីជូនដំណឹងសាជាថ្មី។ 

ការបិទចរាចរណ៍រថយន្ដដឹកទំនិញធុនធ្ងន់នៅលើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តខាងលើ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងរក្សាការពារសុវត្ថិភាពជូនអ្នកដំណើរ ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ និងដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឲ្យមានការបាក់ស្រុត -ល-។ ដូចនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សង្ឃឹមយ៉ាងមុតមាំថាសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ដដឹកទំនិញធុនធ្ងន់ទាំងអស់ នឹងចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដើម្បីរួមចំណែកដល់ការរក្សាផ្លូវថ្នល់ ស្ពាន ឲ្យប្រើប្រាស់បានយូរអង្វែង។