ហុងកុង និងសិង្ហបុរី បានប្រកាសគម្រោងសម្រាប់ប្រព័ន្ធធ្វើដំណើរទៅមករបស់ខ្លួន (Travel Bubble) ក្រោយធូរស្រាលពីស្ថានភាពកូវីដ-១៩

ហុងកុង និងសិង្ហបុរី បានធ្វើការប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍នេះថា ទីក្រុងទាំងពីរនឹងបង្កើតប្រព័ន្ធធ្វើដំណើរបែប (Travel bubble) ដើម្បីតភ្ជាប់បណ្តាញទេសចរណ៍ក្រៅប្រទេស និងបញ្ចប់គោលការណ៍ដាក់ឲ្យនៅដាច់ដោយឡែក (quarantine) សម្រាប់ភ្ញៀវទេសចរបរទេស។

បើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មហុងកុង លោក Edward Yau និងរដ្ឋមន្ត្រីដឹកជញ្ជូនរបស់សិង្ហបុរី លោក Ong Ye Kung បាននិយាយថា អ្នកដំណើរដែលស្ថិតនៅគម្រោងនេះ នឹងចាំបាច់តេស្តអវិជ្ជមានកូវីដ-19 ហើយត្រូវតែធ្វើដំណើរតាមជើងហោះហើរផ្សេងដាច់ដោយឡែក ដែលរដ្ឋបានកំណត់។

លោករដ្ឋមន្ត្រីទាំងពីរ ក៏បាននិយាយថា ព័ត៌មានលម្អិតបន្ថែមទៀត រួមទាំងកាលបរិច្ឆេទនៃការចាប់ផ្តើម នឹងត្រូវបានផ្តល់ជូននូវសប្តាហ៍ខាងមុខនេះ។ 

លោក Ong បាននិយាយថា “វាជាជំហ៊ានមួយប្រកបដោយសុវត្ថិភាព និងមានការប្រុងប្រយ័ត្នជាទីបំផុត និងជាការឆ្ពោះទៅមុខ ដើម្បីស្តារការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ និងផ្តល់គម្រូសម្រាប់កិច្ចសហការនាពេលអនាគត ជាមួយផ្នែកផ្សេងទៀតនៃពិភពលោក។”

សម្រាប់ហុងកុង ដែលបានហាមឃាត់ អ្នកដែលមិនមែនជាអ្នកស្រុកដើមនៅក្នុងទីក្រុងនេះ ចាប់តាំងពីខែមីនាមកនោះ បានធ្វើកិច្ចព្រមព្រៀង ជាមួយប្រទេសសិង្ហបុរី ដែលនេះជាការបន្តទំនាក់ទំនងជាលើកដំបូងរបស់ខ្លួន ជាមួយនឹងទីក្រុងមួយផ្សេងទៀត។ អ្នកទេសចរមកពីចិនដីគោក និងម៉ាកាវ ជិតខាង នៅតែប្រឈមមុខ នឹងការដាច់រយៈពេល 14 ថ្ងៃដដែល។

ដោយឡែក ប្រទេសសិង្ហបុរីបានប្រកាសរួចហើយ នូវច្បាប់ព្រមព្រៀងស្តីពីអាជីវកម្មចាំបាច់ និងការធ្វើដំណើរជាផ្លូវការ ពីប្រទេសចិន ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង និងបានបើកជាឯកតោភាគី ដល់ភ្ញៀវទេសចរទូទៅ មកពីប្រទេសប្រ៊ុយណេ ញ៉ូហ្សែលឡែន វៀតណាម និងតំបន់មួយចំនួនធំរបស់ប្រទេសអូស្ត្រាលី។

ក្នុងដើមសប្តាហ៍នេះប្រទេសសិង្ហបុរី បានបន្ធូរបន្ថយគោលការណ៍ ដាក់ឲ្យនៅដាច់ដោយឡែក មកនៅត្រឹមតែ 7 ថ្ងៃប៉ុណ្ណោះ សម្រាប់ភ្ញៀវទេសចរ មកពីហុងកុង។  ប្រទេសនេះ ក៏បានដាក់ទីក្រុងហុងកុង ក្នុងបញ្ជីនៃកន្លែងដែលមានហានិភ័យទាបពីរោគកូវីដ-19 ផងដែរ។

សមាគមក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក និយាយថាការធ្វើដំណើរអន្តរជាតិនៅអាស៊ីបានធ្លាក់ចុះ ក្នុងពេលមានជំងឺរាតត្បាតកូវីដ-19 ដោយសារការបិទព្រំដែន និងមានចំនួនអ្នកដំណើរ បានធ្លាក់ចុះ 97% នៅក្នុងខែសីហា។

ស្របជាមួយនឹងព័ត៌មាននេះដែរ ភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific បានកើនឡើងច្រើនជាង 7% នៅក្នុង Trade រសៀលនោះតែម្តង។

ការឆ្លងជំងឺកូវីដ-19 ប្រចាំថ្ងៃនៅហុងកុង បានធ្លាក់ចុះភាគច្រើន ទៅជាតួលេខខ្ទង់រាយប៉ុណ្ណោះ ចាប់តាំងពីខែសីហាមក ហើយទីក្រុងនេះក៏បាន បន្ធូរបន្ថយច្បាប់ទៅលើការរក្សាគំលាតសុវត្ថិភាព នៅក្នុងទីប្រជុំជនផងដែរ។ សម្រាប់ប្រទេសសិង្ហបូរីវិញ បានឃើញករណីប្រចាំថ្ងៃរបស់ខ្លួន ធ្លាក់ចុះក្រោម 10 ករណី។