សៀមរាប៖ រមណីយដ្ឋានអង្គរ ដែលមានភាពល្បីល្បាញខ្លាំងក្នុងពិភពលោក ត្រូវបានកែប្រែមុខមាត់ថ្មី ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរអប្សរា និងរដ្ឋបាលខេត្ត ក្រោមការសម្រេចធ្វើការផ្លាស់ប្ដូរ មុខមាត់ថ្មី និងកែសម្រួលឱ្យបរិស្ថានជុំវិញតំបន់អង្គរ កាន់តែប្រសើរ រុំព័ទ្ធដោយធម្មជាតិ។ ក្នុងនោះ អាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតប្រមាណជា ៦,០០០ ដើម បន្ថែមទៀត ជារុក្ខជាតិនិម្មិតរូបជាតិកម្ពុជា។
ដើមត្នោតប្រមាណជា ៦,០០០ ដើម ត្រូវបានដាក់ដាំថ្មី នៅក្នុងរមណីយដ្ឋានអង្គរនៃយើង ក្រោមការខិតខំប្រឹងប្រែង និងគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីកែប្រែមុខមាត់បរិវេណ នៃទីក្រុងអង្គរ ឱ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត ពិសេសជានិម្មិតរូប តំណាងឱ្យប្រទេសកម្ពុជាផងដែរ។ ការសម្រេចដាំដើមត្នោតបន្ថែមដល់ទៅ ៦,០០០ ដើមនេះ គឺដោយសារតែ រុក្ខជាតិមួយនេះ មានអត្ថប្រយោជន៍ខ្លាំង សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទាំងធ្វើជាអាហារ សំណង់ ផលិតផលប្រើប្រាស់ជាអាទិ៍។
តាមការបញ្ជាក់របស់អាជ្ញាធរអប្សរា បានគូសបញ្ជាក់ឱ្យដឹងថា ដោយសារតែមើលឃើញអំពិមូលហេតុសំខាន់ៗទាំងនោះហើយ ទើបអាជ្ញាធរសម្រេចចិត្តបណ្ដុះដើមត្នោតឡើងវិញ។ ការបណ្ដុះដើមត្នោតឡើងវិញនេះ នឹងត្រូវធ្វើឡើងក្នុងរមណីយដ្ឋានអង្គរ សម្រាប់រយៈពេល ៤ ឆ្នាំម្ដង ពោលគឺបង្កើននៃចំនួនដាំឱ្យកាន់តែច្រើនបន្ថែមទៀត ហើយនៅពេលដើមត្នោតឡើងធំ វានឹងផ្ដល់ផលប្រយោជន៍ជូនទៅដល់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសបង្កើតជាទស្សនីយភាពវប្បធម៌ដ៏ល្អអស្ចារ្យថែមទៀតផង។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅបរិវេណនៃប្រាសាទអង្គរវត្ត មានដើមត្នោតចាស់ៗមួយចំនួនហើយ ទាំងនៅក្នុងបរិវេណអង្គរវត្ត និងនៅតាមបណ្ដាប្រសាទជាច្រើនផ្សេងទៀត។ ស្ថិតក្នុងការកែប្រែ និងធ្វើឱ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធតំបន់អង្គរ នារដូវការកូវីដ ១៩ នេះ អាជ្ញាធរអប្សរាសម្រេច ធ្វើការដាំបន្ថែមទៀត មិនត្រឹមតែបង្កើនភាពទាក់ទាញប៉ុណ្ណោះទេ ថែមតាំងជួយបង្ហាញនូវកេរ្តិ៍តំណែល នៃវប្បធម៌របស់ខ្មែរ ទៅកាន់បរទេស ផ្សាភ្ជាប់ជាមួយធម្មជាតិទៀតផង៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា