ប្រសិនបើអ្នកចាប់ផ្តើម ទម្លាប់នៃការដើរនៅពេលនេះ ជារៀងរាល់ថ្ងៃ អ្នកនឹងជួយធ្វើឲ្យសុខភាពរបស់អ្នកកាន់តែប្រសើរ និងកាន់តែមានអាយុវែង!



យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថា លំហាត់ប្រាណ តាមការដើរ ប្រាកដជាផ្តល់ផលល្អសម្រាប់យើង។ វាផ្តល់នូវអត្ថប្រយោជន៍សុខភាពជាច្រើន រួមមានការកាត់បន្ថយហានិភ័យនៃជម្ងឺទឹកនោមផ្អែម និងជម្ងឺមហារីក ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសំពាធឈាម និងកូឡេស្តេរ៉ុល។ មិនតែប៉ុណ្ណោះ វាក៏មានសុវត្ថិភាព មិនបង្កជាហានិភ័យដល់រាងកាយ ហើយម៉្យាងយើងគ្រប់គ្នា អាចចូលរួមធ្វើបានដោយឥតគិតថ្លៃ និងអាចធ្វើឲ្យវាក្លាយជាទម្លាប់មួយ ក្នុងការធ្វើលំហាត់ប្រាណពេញមួយជីវិតយ៉ាងល្អផងដែរ។




ក្រៅពីអត្ថប្រយោជន៍សុខភាពមួយចំនួន ដែលមនុស្សភាគច្រើនបានស្គាល់ហើយនោះ ក៏នៅមានគុណសម្បត្តិមួយចំនួនផ្សេងទៀត ដែលមិនត្រូវបានគេដឹង ក៏ដូចជាឥទ្ធិពលរបស់វាក្នុងការជួយសម្រកទម្ងន់ និងសម្រកខ្លាញ់មិនល្អទៀតផង។



1. ការដើរ សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ

អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ ដែលមិនសូវមានអ្នកដឹង នៃការដើរ គឺថាតើវាប៉ះពាល់ ឬមានឥទ្ធិពលដល់មុខងារភាពស៊ាំ របស់យើងយ៉ាងដូចម្តេច? ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសបានបង្ហាញថា “ក្នុងចំណោមអ្នកចូលរួមសិក្សាប្រមាណ 1,000 នាក់ អ្នកដែលបានដើរយ៉ាងហោចណាស់ 20 នាទី ក្នុងមួយថ្ងៃ និង 5 ថ្ងៃ ក្នុងមួយសប្តាហ៍ មានថ្ងៃឈឺតិចជាង 43% បើប្រៀបធៀបនឹងអ្នកដែលហាត់ប្រាណម្តងក្នុងមួយសប្តាហ៍។

ដូច្នេះក្នុងមួយឆ្នាំ យើងនឹងអាចឃើញ នៅពេលដែលជម្ងឺ និងប្រព័ន្ធភាពស៊ាំ ស្ថិតនៅចំពីមុខគំនិតរបស់មនុស្សគ្រប់គ្នានោះ ដែលមនុស្សភាគច្រើននឹងចាំបាច់ពង្រឹងប្រព័ន្ធភាពស៊ាំ ជាជាងជម្ងឺ ដែលឥឡូវនេះប្រហែលជាពេលវេលាល្អបំផុត ដើម្បីអភិវឌ្ឍទម្លាប់ ក្នុងការដើរធម្មតា ទៅកាន់ទីណាមួយជិតៗដែលអ្នកត្រូវទៅជាប្រចាំ។ ដំបូងៗនៅពេលទើបតែចាប់ផ្តើម វាអាចនឹងធ្វើឲ្យអ្នកឈឺ រួយជើង និងចុកសន្លាក់ជាដើម តែយូរៗទៅ វានឹងក្លាយជាទម្លាប់ ហើយអ្នកនឹងស៊ាំជាមួយនឹងវា។



2. ការដើរ សម្រាប់បំបាត់ជម្ងឺឈឺសន្លាក់

ខណៈពេលដែលយើង អាចចូលរួមនឹងការធ្វើលំហាត់ប្រាណ ដែលពាក់ព័ន្ធនឹងចលនាសន្លាក់ ការដើរ ពិតជាអាចជួយកាត់បន្ថយការឈឺសន្លាក់បាន។ យោងទៅតាម ប្រភពពី Harvard Health បានឲ្យដឹងថា “ការសិក្សាជាច្រើនបានរកឃើញថា ការដើរ ជួយកាត់បន្ថយការឈឺចាប់ ទាក់ទងនឹងជម្ងឺរលាកសន្លាក់ ហើយការដើរ 5 ទៅ 6 ម៉ាយល៍ ក្នុងមួយសប្តាហ៍ ក៏អាចការពារការរលាកសន្លាក់ពីការកកើតដំបូងបានដែរ” គ្មាននរណាម្នាក់ ក្នុងចំណោមពួកយើង ចង់កើនអាយុដោយមានការឈឺសន្លាក់ ឬរលាកសន្លាក់នោះទេ ហើយការដើរបែបនេះ គឺជាមធ្យោបាយដោះស្រាយដ៏សាមញ្ញមួយ និងជាវិធានការណ៍បង្ការដ៏មានប្រសិទ្ធភាពផងដែរ។

ដូច្នេះសូមដើរឲ្យបានរាល់ថ្ងៃ (ឬយ៉ាងហោចណាស់ រៀងរាល់សប្តាហ៍) ដើម្បីជួយសម្រួលប្រព័ន្ធសន្លាក់របស់អ្នក ឲ្យដំណើរការបានល្អ។


3. ការដើរ អាចជួយឲ្យអ្នកស្រកទម្ងន់បាន

វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលការធ្វើលំហាត់ប្រាណអាចនាំទៅដល់ការសម្រកទម្ងន់។ ហើយការដើរ ក៏ស្ថិតនៅក្នុងប្រភេទនៃការធ្វើលំហាត់ប្រាណដ៏ល្អដែរ។ ការសិក្សាឆ្នាំ 2009 បានរកឃើញថា អ្នកដែលដើរទៀងទាត់ក្នុងរយៈពេល 15 ឆ្នាំឡើង មានទម្ងន់ស្រាល/តិច ជាងអ្នកដែលមិនចូលចិត្តដើរ ហើយមនុស្សទម្លាប់ដើរកាន់តែច្រើន ទម្ងន់របស់ពួកគេ ក៏កាន់តែរក្សាបានក្នុងកម្រិតមួយល្អផងដែរ។

ការដើរគឺជាវិធីសាស្ត្រដ៏រីករាយមួយបែប ប្រកបដោយនិរន្តរភាព និងមានប្រសិទ្ធភាព ក្នុងការរក្សាទម្ងន់ឱ្យមានតុល្យភាព ស្របជាមួយនឹងសុខភាពល្អរឹងមាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយភស្តុតាងទាំងអស់បង្ហាញថា វាជាទម្លាប់រយៈពេលវែង ដែលប្រកបដោយអត្ថប្រយោជន៍ទៀតផង។



4. ពេលវេលាដែលល្អបំផុតសម្រាប់ការដើរ

នៅពេលយើងដើរ វាក៏ជាទម្លាប់មួយ ដែលអាចជះឥទ្ធិពលដល់សុខភាពរបស់យើងដែរ។ ការសិក្សាមួយចំនួនបានបង្ហាញថា ការដើរបន្ទាប់ពីញ៉ាំអាហាររួច អាចជាពេលវេលាល្អបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុត ពីការដើររបស់អ្នក។ វាអាចជួយដល់ការរំលាយអាហារឲ្យបានរលូន បង្កើនភាពឆ្អែតគ្រប់គ្រាន់ក្រោយពេលបរិភោគ និងជួយបញ្ចុះជាតិស្ករក្នុងឈាម។ សម្រាប់ពេលដើរក្រោយអាហាររួចនេះ មានប្រយោជន៍ជាពិសេសទៅលើអ្នក ដែលមានជម្ងឺទឹកនោមផ្អែម ព្រោះ “ចលនាកើនឡើងនៅក្នុងសារពាង្គកាយ អាចយកជាតិស្ករដែលលើសនៅក្នុងឈាមចេញ ហើយដាក់វា ទៅធ្វើការក្នុងជាលិកាសាច់ដុំជំនួសវិញផងដែរ។



សរុបមកវិញ ដូចដែលយើងបានដឹងរួចមកហើយថា លំហាត់ប្រាណប្រចាំថ្ងៃគឺល្អសម្រាប់យើង ប្រសិនបើអ្នកមិនសូវជាបាន ដើរច្រើន រាល់ថ្ងៃទេ សូមព្យាយាមធ្វើវា និងបង្កើនការដើរបន្តិចម្តងៗឲ្យបានកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឡែក ប្រសិនបើអ្នកទម្លាប់ដើររួចហើយនោះ ប្រហែលជាអ្នកគួរតែបន្ថែម ពេលដើររបស់អ្នក មកកាន់ពេលដែលបរិភោគអាហាររួចវិញ ព្រោះវាក៏ជួយសម្រួលប្រព័ន្ធរំលាយអាហារឲ្យបានកាន់តែល្អផងដែរ។

អនុវត្តទម្លាប់នៃការដើរ នឹងផ្តល់អំណោយពិសេសដល់រាងកាយរបស់អ្នក ជាមួយនឹងអត្ថប្រយោជន៍បន្ថែមមួយចំនួន ដែលនឹងធ្វើឲ្យអ្នកមានសុខភាពល្អ។ រយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត អ្នកនឹងអរគុណខ្លួនឯង នៅពេលក្រោយ។