តើ Travel Bubble គឺជាអ្វី?

ចាប់ផ្ដើមពីជំងឺកូវីដ-១៩ រាតត្បាតទូទាំងសកលលោក ដែលបណ្ដាលឲ្យមានការបិទព្រំដែននិងរឹតបន្តឹងការធ្វើដំណើរនៅតាមបណ្ដាប្រទេសនីមួយៗ នោះគេបានលឺជារឿយៗនូវការអនុវត្តវិធានធ្វើដំណើរសុវត្ថិភាព ឬហៅថា Travel Bubble ហើយភាគច្រើនសំដៅទៅលើការធ្វើដំណើរតាមផ្លូវអាកាស ដែលត្រូវបានអនុវត្តសម្រាប់លក្ខខណ្ឌធ្វើដំណើរពិសេស ដោយមិនតម្រូវឲ្យមានការធ្វើចត្តាឡីស័កនោះទេ។ ដូចនេះ តើអ្វីទៅជា Travel Bubble ហើយវាមានដំណើរការយ៉ាងដូចម្ដេច?

១. តើ Travel Bubble ជាអ្វី?

Travel Bubble និយាយបែបសាមញ្ញ គឺជាការបង្កើតច្រករបៀងធ្វើដំណើររវាង ២ គោលដៅ ឬ ២ ប្រទេសឡើងទៅ ដែលមានស្ថានភាពគ្រប់គ្រងនៃជំងឺកូវីដ-១៩ បានប្រហាក់ប្រហែលគ្នា ហើយមានកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការអនុញ្ញាតិឲ្យមានការធ្វើដំណើរទៅមកបានដូចកាលពីមិនទាន់មានវិបត្តិជំងឺកូវីដ-១៩ អញ្ចឹង ពោលគឺគ្មានការធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃនោះទេ ប៉ុន្តែតម្រូវឲ្យមានលិខិតបញ្ជាក់សុខភាព។ ឧទាហរណ៍ជាក់ស្ដែង រវាងប្រទេសអូស្ត្រាលី និងណូវែលហ្សូឡង់ បានទប់ស្កាត់ការរាតត្បាតជំងឺឆ្លងកូវីដ-១៩ បានប្រសើរដូចគ្នា និងមានហានិភ័យទាបដូចគ្នា ដូចនេះប្រទេសទាំង ២ បានចុះកិច្ចព្រមព្រៀងអនុវត្តវិធានធ្វើដំណើរសុវត្ថិភាព ឬ Travel Bubble នេះចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ មក។

២. តើវាត្រូវបានអនុវត្តនៅតំបន់ណាខ្លះ?

គិតមកទល់ពេលនេះ ការអនុវត្តវិធានធ្វើដំណើរសុវត្ថិភាព នៅតែមិនទាន់បើកទំលំទូលាយនៅឡើយទេ គេឃើញមានកិច្ចព្រមព្រៀងតែបណ្ដាប្រទេសមានទំនាក់ទំនងជិតស្និត និងមានហានិភ័យពីវិបត្តិជំងឺកូវីដ-១៩ ទាបប៉ុណ្ណោះ ដូចជានៅអឺរ៉ុបខាងកើត មានដូចជាប្រទេស Latvia និង Lithuania បានបើក Travel Bubble មុនគេកាលពីខែឧសភា។ រហូតមកដល់ខែកក្កដា គេឃើញប្រទេសនៅអឺរ៉ុបជាច្រើនទៀត បានចាប់ផ្ដើមបើក Travel Bubble ដែរសម្រាប់ពង្រឹកវិស័យទេសចរណ៍និងធុរកិច្ច ដែលគេហៅថា Re-open EU អនុវត្តនៅតំបន់ Schengen Area (ប្រទេសអឺរ៉ុបខាងលិចចំនួន ២៦ ប្រទេស) និងតំបន់នៃចក្រភពអង់គ្លេស។ ដូចគ្នាដែរ ប្រទេសសិង្ហបុរី និងហុងកុង ក៏ចាប់ផ្ដើមអនុវត្ត Travel Bubble កាលពីថ្ងៃអាទិត្យមុនផងដែរ ក្រោយមានការទប់ស្កាត់ករណីឆ្លង និងមានអត្រាស្លាប់តិចបំផុតលើលោក (ធៀបនឹងករណីឆ្លង)។

៣. តើគេអនុវត្ត Travel Bubble យ៉ាងដូចម្ដេច?

ការបង្កើតកិច្ចព្រមព្រៀងសម្រាប់អនុវត្តវិធានធ្វើដំណើរសុវត្ថិភាព (Travel Bubble) នេះ មិនមែនមានន័យថាគេអាចធ្វើដំណើរ ឬដើរកម្សាន្ដទៅកាន់ប្រទេសជាដៃគូរបានដោយសេរី ដូចកាលពីមិនទាន់មានវិបត្តិជំងឺកូវីដ-១៩ នោះទេ។ ប៉ុន្តែវាគ្រាន់តែជាការសម្រួលដល់ការធ្វើដំណើរឆ្លងប្រទេស ដោយពុំចាំបាច់ចំណាយពេល ១៤ ថ្ងៃធ្វើចត្តាឡីស័ក។ យ៉ាងណាមិញ វាក៏តម្រូវឲ្យមានការពិនិត្យសុខភាព និងធ្វើតេស្ដសំណាកផងដែរ ជាក់ស្ដែងរវាងប្រទេស Latvia និង Lithuania តម្រូវឲ្យបញ្ជាក់លិខិតធ្វើតេស្ដថ្មីៗមិនលើសពី ៤៨ ម៉ោងនោះទេ, ចំណែករវាងសិង្ហបុរី និងហុងកុង តម្រូវឲ្យធ្វើតេស្ដពិនិត្យសុខភាពក្នុងអំឡុងពេល ៧២ ម៉ោងចុះក្រោមទើបអាចឆ្លងព្រំដែនបាន បើពុំដូចនោះតេ គេត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃជាធម្មតា ហើយកិច្ចព្រមព្រៀងនោះក៏តម្រូវឲ្យមានអ្នកដំណើរទៅមកត្រឹមតែ ២០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

៤. តើនឹងមានអ្វីប្រែប្រួលនៅពេលខាងមុខ?

បច្ចុប្បន្ននេះ ការអនុវត្តវិធានធ្វើដំណើរសុវត្ថិភាព Travel Bubble គឹដើម្បីជំរុញដល់សន្ទុះសេដ្ឋកិច្ចឡើងវិញ ជាពិសេសនៅក្នុងវិស័យអាកាសចរណ៍, សណ្ឋាគារនិងបដិសណ្ឋារកិច្ច, វិស័យទេសចរណ៍, ធុរកិច្ច និងជំនួញ -ល-។ យ៉ាងណាក៏ដោយ ការអនុវត្តគេមិនទាន់ឃើញមានច្រើនឡើយនៅជុំវិញពិភពលោក ពោលប្រទេសជាច្រើននៅតែបន្ដបិទព្រំដែនរបស់ខ្លួនដដែល ប៉ុន្តែគេមានជំនឿថាក្រោយពេលដែលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចេញជាផ្លូវការអាចសន្មត់ថានៅឆ្នាំ២០២១ ការអនុវត្ត Travel Bubble នឹងលែងចោតជាបញ្ហាទៀតហើយ ពោលការធ្វើដំណើរពិភពលោកនឹងអាចត្រលប់មកដូចដើមវិញ តាមលក្ខខណ្ឌទៅតាមប្រទេសរៀងៗខ្លួន។