រដ្ឋាភិបាលកូរ៉េ នឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ!

ឆ្លើយតបទៅនឹងសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងដល់រដ្ឋាភិបាលកូរ៉េខាងត្បូង ពិចារណាសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ហើយពេលនេះរដ្ឋាភិបាលកូរ៉េខាងត្បូង បានទទួលយកសំណើរនឹងសម្រេចជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង នៅពេលខាងមុខ ក្រោយពីក្រសួងសាធារណការនិងដឹកជញ្ជូនធ្វើការសិក្សាទីតាំងភូមិសាស្ត្រ និងដោះស្រាយផលប៉ះពាល់រួចរាល់។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាល់ថុល ធ្វើសេចក្ដីរាយការណ៍ជូនសារព័ត៌មានក្នុងស្រុកមួយ តាមប្រព័ន្ធទូរសព្ទ នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ 

គំនិតផ្ដួចផ្ដើមនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតី មូន ចែអ៊ីន ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងស៊េអូល កាលពីឆ្នាំ២០២០ កន្លងទៅនេះ ដោយសម្តេចតេជោ បានលើកឡើងជាអាថ៌ថា បច្ចុប្បន្នយើងមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងកាត់ទន្លេហើយ ប៉ុន្តែនៅមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងឆ្លងកាត់ទន្លេណាមួយនោះទេ ដូចនេះហើយសម្តេចបានស្នើប្រធានាធិបតីកូរ៉េ ជួយសាងសង់ស្ពានមិត្តភាពឆ្លងកាត់ទន្លេមួយ ដើម្បីជាសមិទ្ធផលនៃចំណងមិត្តភាពរវាងប្រទេសទីពីរ។ 

តាមសេចក្ដីរាយការណ៍ពីឯកឧត្តម ស៊ុន ចាន់ថុល លោកមិនទាន់បានបញ្ជាក់ច្បាស់អំពីទីតាំងភូមិសាស្ត្រនៃការសាងសង់ និងទំហំទឹកប្រាក់នៃការចំណាយសាងសង់នោះទេ ប៉ុន្តែលោកបានបញ្ជាក់ថាវាជាស្ពានឆ្លងកាត់ទន្លេ និងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ត្រង់នេះគូសបញ្ជាក់ថា កន្លងមកនេះ សម្តេចតេជោ ក៏ធ្លាប់បញ្ជាក់អំពីបំណងសាងសង់ស្ពានថ្មីមួយដែលឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ ទៅកាន់ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលដែរ ព្រោះវាជាតំបន់ដែលមានតម្រូវការឆ្លងកាត់ច្រើននិងមានសំណូមពរពីប្រជាពលរដ្ឋ សម្រាប់សម្រួលដល់ការធ្វើដំណើរ ហើយក៏នឹងជួយដល់តំបន់ស្វាយជ្រុំ ទទួលគម្រោងអភិវឌ្ឍន៍ធំៗកាន់តែច្រើន ថែមទាំងជួយទាញខេត្តកណ្ដាលឲ្យកាន់តែមកកៀកនឹងរាជធានីភ្នំពេញផងដែរ។