ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងពិនិត្យមើលវឌ្ឍនភាពនៃគម្រោងសាងសង់អគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ដែលស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ផ្លូវឯកឧត្តម ជា សុផារ៉ា)។
ក្នុងដំណើរចុះត្រួតពិនិត្យនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា គិតមកទល់ពេលនេះ គម្រោងសាងសង់អគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះសម្រេចបាន ៩៥% មកហើយ នៅតែការងារសេសសល់មួយចំនួនតូចប៉ុណ្ណោះ ដូចជា៖ ការសម្អាតបរិវេណអគារ, ការតុបតែងខាងក្នុងអគារ, ការដាំស្មៅនិងដើមឈើក្នុងសួននិងបរិវេណក្រសួង, និងការក្រាលកៅស៊ូលើផ្លូវបេតុងចេញ-ចូលច្រកទ្វារក្រសួងជាដើម។ គម្រោងសាងសង់អគារទីស្ដីការថ្មីនេះ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវផ្ទេរអគារទីស្ដីការចាស់នៅជិតវត្តភ្នំ ទៅឲ្យក្រសួងរ៉ែនិងថាមពល សម្រាប់ប្រើប្រាស់វិញ។
សូមបញ្ជាក់ផងដែរថា អគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង ហើយគ្រោងនឹងបញ្ចប់ការងារជាស្ថាពរនៅដំណាច់ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីសម្រួលដល់ការបម្រើការងាររបស់មន្ត្រីក្រសួង បង្កើនប្រសិទ្ធភាពការងារ និងទទួលបានអគារទីស្ដីការថ្មីដែលធំជាងមុន ប្រកបដោយសោភ័ណភាពនិងផាសុកភាពកាន់តែប្រសើរឡើង។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន