អគារទីស្ដីការក្រសួងព័ត៌មាន កម្ពស់ ១៤ ជាន់ សម្រេចការសាងសង់បាន ៣០% ហើយ!

នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់អគារ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងសោតទស្សន៍ (វិទ្យុជាតិកម្ពុជា) ដែលស្ថិតនៅក្នុងបរិវេណទីស្ដីការក្រសួងព័ត៌មាន ស្ថិតនៅបណ្ដោយមហាវិថីព្រះមុនីវង្ស ខណ្ឌដូនពេញ។ 

ក្នុងដំណើរការត្រួតពិនិត្យវឌ្ឍនភាពនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា បច្ចុប្បន្នបរិវេណនៃទីស្ដីការក្រសួងព័ត៌មាន មានអគារធំៗដុះឡើងច្រើន ដូចជា៖ អគារអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, អគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP, និងអគារអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។ ចំណែកអគារកំពុងសាងសង់ថ្មីនេះ គឺមានបណ្ដោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ និងកម្ពស់ ១៤ ជាន់ មានបន្ទប់បំពេញការងារជាង ៣០០ បន្ទប់ ដែលបានបើកការដ្ឋានសាងសង់កាលពីដើមខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ត្រឹមរយៈពេល ២៤ ខែប៉ុណ្ណោះ។ គម្រោងនេះ ត្រូវបានទទួលសាងសង់ដោយក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមិនគ្រុប សហការជាមួយក្រុមហ៊ុន Belletone ប្រទេសចិន ហើយគិតមកទល់ពេលនេះ យើងសម្រេចបាន ៣០% មកហើយ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា អគារកំ់ពុងសាងសង់នេះនឹងមានបន្ទប់សាលប្រជុំធំ រួមទាំងបន្ទប់សំខាន់ៗជាច្រើនទៀត ដែលបម្រើការងារទៅលើសារព័ត៌មាន និងសោតទស្សន៍ សម្រាប់អគ្គនាយកដ្ឋានព័ត៌មាន បំពេញកិច្ចការងារទៅតាមផ្នែក តាមជំនាញនីមួយៗកាន់តែប្រសើរ ព្រោះថាបច្ចុប្បន្ន យើងត្រូវពង្រីកប្រព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ស្របទៅតាមការវិវត្តន៍នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា ព្រមទាំងបង្កភាពងាយស្រួលដល់សាធារណជនខាងក្រៅ មកធ្វើការទំនាក់ទំនងការងារបានយ៉ាងងាយស្រួល និងឆាប់រហ័សផងដែរ។

 

 

ប្រភព៖ ឯកឧត្តម ខៀវ កាញារីទ្ធ