រដ្ឋាភិបាលចិនឧបត្ថមថវិការជាង ៩០៥ លានដុល្លារ ដល់គម្រោងថាមពលកកើតឡើងវិញ សម្រាប់ឆ្នាំ ២០២១

ប៉េកាំង៖ ដើម្បីដើរទៅរកគម្រោង និងផែនការមេ ជាចក្ខុវិស័យដ៏សំខាន់របស់ចិននាពេលខាងមុខ រដ្ឋាភិបាលបានសម្រេច ផ្ដល់ការឧបត្ថមជុំវិញថាមពលកកើតឡើងវិញ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ ក្នុងទំហំទឹកប្រាក់ ៥.៩៥ ពាន់លាន់យ័ន ឬស្មើនឹងជាង ៩០៥.៧ លានដុល្លារ ដើម្បីជម្រុញបន្ថែមទៀត ក្នុងការចាប់ផ្ដើមតម្រង់ទិសដៅទៅថ្ងៃអនាគត។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន បានប្រកាសថា រដ្ឋាភិបាល បានជួយឧបត្ថមទៅដដល់គម្រោងថាមពលកកើតឡើងវិញ សម្រាប់ឆ្នាំ២០២១ នៅក្នុងទំហំទឹកប្រាក់ ៩០៥.៧ លានដុល្លារអាមេរិក។ ការឧបត្ថម ដើម្បីជម្រុញឱ្យថាមពលកកើតឡើងវិញ កាន់តែប្រសើរឡើង សម្រាប់ប្រើប្រាស់ក្នុងស្រុកសម្រាប់ឆ្នាំ ២០២១ ខាងមុខ ត្រូវបានឱ្យដឹងថា ជាការកើនឡើងបាន ៤.៩% បើធៀបទៅនឹងឆ្នាំ២០២០ នេះ ដោយសារតែគម្រោងផ្ទាំសូឡា ជាច្រើនត្រូវបានចាប់កំណើត។

តាមរយៈការឧបត្ថម ក្នុងចំនួនទឹកប្រាក់យ៉ាងច្រើនរបស់រដ្ឋាភិបាលចិននោះ នឹងផ្ដល់ជូនទៅកាន់ស្ថានីយផលិតថាមពលអគ្គិសនី ដំណើរការដោយកម្លាំងខ្យល់ កាំរស្មីព្រះអាទិត្យ និងរោងចក្រជីវម៉ាស់ ដែលកំពុងមានវត្តមាននៅក្នុងតំបន់សំខាន់ទាំង ១៤ នៅទូទាំងប្រទេស។ ការជួយថវិការនេះ គឺជាការតម្រង់ទិសដៅ ដើរទៅរកផែនការមេ ដែលត្រូវបានប្រកាសឡើងនាឆ្នាំ២០២០ នេះ ដោយចិន បានប្ដេជ្ញាចិត្តថា នឹងកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅបរិយាកាសឱ្យបានច្រើនបំផុត នៅក្នុងឆ្នាំ២០៣០ និងឈានដល់ការកាត់បន្ថយគ្មានសល់នៅឆ្នាំ ២០៦០ ខាងមុខ។

ទោះបីជាក្រសួងហិរញ្ញវត្ថុប្រកាសឡើងបែបនេះក៏ពិតមែន តែស្ថានីយផលិតថាមពលដោយកម្លាំងខ្យល់ និងជីវម៉ាស់ នៅមិនទាន់ទទួលបាននូវការជួយឧបត្ថមពីរដ្ឋនៅឡើយទេ សម្រាប់គម្រោងនាឆ្នាំក្រោយ។ សម្រាប់ឆ្នាំនេះ អត្រាធ្លាក់ចុះមានដល់ទៅ ២៤.៣% សម្រាប់ថាមពលខ្យល់ និង ១៨.៥% សម្រាប់ជីវៈម៉ាស់ បើធ្វើការប្រៀបធៀបចំនួននេះ ទៅនឹងឆ្នាំ ២០១៩ កន្លងទៅ។ ដោយឡែកគម្រោងសូឡា មានការកើនឡើងបាន ៥៦.៨% ស្មើនឹងទឹកប្រាក់ ៣.៣៨ ពាន់លានយ័ន នៅក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា ចិនគឺជាប្រទេសដែលប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាងគេបំផុត ក្នុងពិភពលោកបច្ចុប្បន្ន ហើយក្នុងឆ្នាំ២០២០ នេះរដ្ឋាភិបាលចិនបានកាត់បន្ថយការឧបត្ថមប្រហែល ៣០% ដោយសារចិន មានគោលបំណងបញ្ឈប់ការផ្តល់មូលនិធិដល់អ្នកផលិតអគ្គិសនីធំៗ ចេញពីប្រភពកកើតឡើងវិញ ដើម្បីធ្វើឱ្យពួកគេខិតខំ និងប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ក្នុងការប្រកួតប្រជែងជាមួយការផលិតថាមពលអគ្គិសនី តាមរយៈធ្យូងថ្ម និងសម្រេចបាននូវតម្លៃថាមពលប្រកួតប្រជែង។